យល់ដឹងផ្នែកច្បាប់៖ មជ្ឈត្តការពាណិជ្ជកម្ម
05-04-2026 14:57
(ភ្នំពេញ)៖ នៅក្នុងបរិបទនៃសកលភាវូបនីយកម្មសេដ្ឋកិច្ច ការរៀបចំប្រព័ន្ធដោះស្រាយវិវាទពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព តម្លាភាព និងឆាប់រហ័ស គឺជាកត្តាមួយដ៏សំខាន់ក្នុងការរួមចំណែកទាក់ទាញវិនិយោគិនបរទេសឱ្យមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែច្រើនជាពិសេស គឺធានាដល់ការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិនគ្រប់រូបចំពោះប្រត្ដិបត្ដិការ អាជីវកម្មក្នុងប្រទេសកម្ពុជា។
ជាក់ស្តែងនៅអំឡុង ឆ្នាំ២០០៦ មជ្ឈមណ្ឌលជាតិ នៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ត្រូវបានបង្កើតឡើង ក្នុងប្រទេសកម្ពុជា ដែលមានចក្ខុវិស័យផ្ដោតទៅលើការសម្រួលការដោះស្រាយវិវាទពាណិជ្ជកម្ម ស្របតាមឆន្ទៈរបស់គូភាគីវិវាទ និង ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពួកគេ ក្នុងគោលបំណងលើកកម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ច ឱ្យបានរឹងមាំ។ ផ្អែកតាម ការលើកឡើងខាងលើ តើមជ្ឈត្តការពាណិជ្ជកម្មជាអ្វី និងមានដំណើរការប្រព្រឹត្តទៅយ៉ាងដូចម្តេចខ្លះ ?
ដូច្នេះដើម្បីយល់កាន់តែច្បាស់ និងស្រាយនូវចម្ងល់ខាងលើ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ សូមលើកយក ប្រធានបទស្តីពី “មជ្ឈត្តការពាណិជ្ជកម្ម” មកធ្វើការបង្ហាញជូនសាធារណជន សិស្ស និងនិសិ្សតទាំងអស់គ្នា ដូចតទៅ៖
ដើម្បីឱ្យការបកស្រាយកាន់តែមានភាពច្បាស់លាស់បន្ថែមទៀតនោះ យើងគួរឈ្វេងយល់នូវពាក្យគន្លឹះមួយចំនួនជាមុនសិន ។ អនុលោមតាមមាត្រា ២ នៃច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ឆ្នាំ២០០៦ “មជ្ឈត្តការ” គឺជាការផ្សះផ្សាវិវាទដោយប្រើប្រាស់ វេទិកាមជ្ឈត្តកម្ម ហើយអាចស្ថិតនៅក្នុង ឬនៅក្រៅក្របខ័ណ្ឌនៃការគ្រប់គ្រងរបស់ស្ថាប័នផ្សះផ្សាអចិន្រ្តៃយ៍ ហើយ “វេទិកាមជ្ឈត្តកម្ម” សំដៅទៅដល់មជ្ឈត្តករមួយនាក់ ឬមួយក្រុម ។
ចំណែកឯ «កិច្ចព្រមព្រៀងផ្សះផ្សា» ជាកិច្ចព្រមព្រៀងរវាង ភាគីវិវាទ ក្នុងការធ្វើ មជ្ឈត្តការវិវាទទាំងអស់ ឬវិវាទបែបណាមួយដែលកើតឡើង ឬដែលអាចកើតឡើងរវាងភាគីវិវាទនានា ដោយគោរពតាមទំនាក់ទំនង កំណត់ដោយច្បាប់ទោះបីជាមានកិច្ចសន្យា ឬគ្មានក៏ដោយ ។
មជ្ឈត្តការពាណិជ្ជកម្ម គឺជាជម្រើសមួយដ៏សមស្របសម្រាប់គូវិវាទ ក្នុងករណីដែលគូវិវាទមានបំណងដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ ហើយដំណើរការមជ្ឈត្តការពាណិជ្ជកម្មប្រព្រឹត្តទៅដោយមាន ៥ (ប្រាំ) ដំណាក់កាលសំខាន់ៗ រួមមាន៖
ដំណាក់កាលទី១ ការចាប់ផ្តើមមជ្ឈត្តកម្ម៖ ការចាប់ផ្តើមមជ្ឈត្តកម្មត្រូវបានបែងចែកជា ៣ ជំហានដូចតទៅ៖
(១.១). សេចក្តីជូនដំណឹងអំពីមជ្ឈត្តកម្ម៖ ភាគីវិវាទ (ភាគីប្តឹងទាមទារ) ដែលមានបំណងដាក់វិវាទរបស់ខ្លួនឱ្យដោះស្រាយ តាមរយៈមជ្ឈត្តកម្មទាមទារចំពោះគូភាគីវិវាទម្ខាងទៀត (ភាគីឆ្លើយតប) ត្រូវបញ្ជូននូវសេចក្តីជូនដំណឹងអំពី មជ្ឈត្តកម្ម ទៅ អគ្គលេខាធិការដ្ឋានតាមព័ត៌មានដែលបានកំណត់ក្នុងប្រការ ៧ នៃវិធានស្តីពីមជ្ឈត្តការ វិសោធនកម្ម ឆ្នាំ២០២១ ។ បន្ថែមពីនេះ សេចក្តីជូនដំណឹងអំពីមជ្ឈត្តកម្មក៏អាចភ្ជាប់មកជាមួយនូវសេចក្តីថ្លែងទាមទារ និងឯកសារគាំទ្រផងដែរ ។ លើកលែងតែគូភាគី បានព្រមព្រៀងផ្សេងពីនេះ ដំណើរការនៃមជ្ឈត្តការដែលទាក់ទងនឹងវិវាទណាមួយ ត្រូវបានចាត់ទុកថា ចាប់ផ្តើមនៅកាលបរិច្ឆេទ បន្ទាប់ពីសេចក្តីជូនដំណឹងអំពីមជ្ឈត្តកម្មពេញលេញ ត្រូវបានទទួលដោយអគ្គលេខាធិការដ្ឋាន ។
(១.២). ការឆ្លើយតបរបស់ភាគីឆ្លើយតប៖ ក្នុងរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃប្រតិទិន បន្ទាប់ពីទទួលបានសេចក្តីជូនដំណឹង អំពីមជ្ឈត្តកម្ម
ភាគីឆ្លើយតបត្រូវបញ្ជូនសេចក្តីជូនដំណឹងអំពីការឆ្លើយតបដែលត្រូវមានព័ត៌មាន ដូចមានកំណត់ក្នុង ប្រការ ៨ នៃ វិធានស្តីពីមជ្ឈត្តការ ហើយក្នុងករណីដែលភាគីប្តឹងទាមទារបានដាក់សេចក្តីថ្លែងទាមទារ នោះភាគីឆ្លើយតបអាចភ្ជាប់នូវ សេចក្តី ថ្លែងដោះសារបាន ។
(១.៣). ដំណើរការនីតិវិធីពន្លឿន៖ មុនពេលវេទិកាមជ្ឈត្តកម្មត្រូវបានបង្កើត ភាគីវិវាទអាចដាក់សំណើសុំទៅ អគ្គលេខា ធិការដ្ឋាន
ឱ្យអនុវត្តដំណើរការមជ្ឈត្តការតាមដំណើរការនីតិវិធីពន្លឿនដោយបំពេញតាមលក្ខខណ្ឌណាមួយដែលមានកំណត់ក្នុង ប្រការ៩ នៃវិធានស្តីពីមជ្ឈត្តការ ដូចខាងក្រោម៖
(ក) តម្លៃកម្មវត្ថុនៃវិវាទមានតម្លៃមិនលើស USD ៣.០០០.០០០ (បីលាន ដុល្លារអាមេរិក) ដោយរាប់បញ្ចូលសរុបទាំងអស់តម្លៃកម្មវត្ថុនៃការទាមទារ បណ្តឹងតប និងការដោះសាតាមការកាត់កងនានា
(ខ) គូភាគីវិវាទបានព្រមព្រៀងយកនីតិវិធីពន្លឿន ឬ
(គ) ក្នុងករណីពិសេសបន្ទាន់ខ្លាំង ។
សំណើនេះ ត្រូវធ្វើការសម្រេចដោយគណៈកម្មាធិការតែងតាំង និងនីតិវិធី ហើយក្នុងករណីដែលសំណើត្រូវបានសម្រេច ធ្វើតាមដំណើរការនីតិវិធីពន្លឿន នីតិវិធីដោយឡែកដូចមានកំណត់ក្នុងប្រការ ៩.២ នៃវិធានស្តីពីមជ្ឈត្តការនឹងត្រូវយកមកអនុវត្ត ។
ដំណាក់កាលទី២ មជ្ឈត្តករបន្ទាន់៖ មុនពេលបង្កើតវេទិកាមជ្ឈត្តកម្ម ភាគីវិវាទដែលមានបំណងស្នើសុំវិធានការ
បណ្តោះអាសន្នចេញដោយមជ្ឈត្តករបន្ទាន់អាចដាក់សំណើរទៅអគ្គលេខាធិការដ្ឋាន នៅពេល ឬក្រោយពេលដាក់សេចក្តី ជូនដំណឹងអំពីមជ្ឈត្តកម្ម ដោយមានព័ត៌មានដូចមានកំណត់ក្នុងប្រការ ១០ នៃវិធានស្តីពីមជ្ឈត្តការ និងលក្ខខណ្ឌផ្សេងទៀត មានកំណត់នៅប្រការបន្តបន្ទាប់ ។
ដំណាក់កាលទី៣ ការបង្កើតវេទិកាមជ្ឈត្តកម្ម៖ នៅគ្រប់ករណីទាំងអស់ វេទិកាមជ្ឈត្តកម្មត្រូវមានសមាសភាពមជ្ឈត្តករ ជាចំនួនសេស ។ វេទិកាមជ្ឈត្តកម្មត្រូវមានមជ្ឈត្តករចំនួន ៣ (បី) រូប លើកលែងតែគូភាគីវិវាទបានព្រមព្រៀងផ្សេងពីនេះ ។ នៅក្នុងដំណាក់កាលនេះ មានការតែងតាំងមជ្ឈត្តករ និងកំណត់ពីតួនាទីរបស់មជ្ឈត្តករសម្រាប់ដំណើរការមជ្ឈត្តការ ។
ដំណាក់កាលទី៤ ដំណើរការមជ្ឈត្តការ៖ ការដំណើរការមជ្ឈត្តការគឺធ្វើឡើងនៅកន្លែងដែលមានលក្ខណៈសមស្រប ហើយលើកលែងតែភាគីមានការព្រមព្រៀងគ្នា ទីកន្លែងធ្វើមជ្ឈត្តការនៃមជ្ឈត្តកម្មទាំងអស់ដែលធ្វើឡើងក្រោមវិធានស្តីពី មជ្ឈត្តការ ត្រូវធ្វើឡើងនៅរាជធានីភ្នំពេញ ប៉ុន្តែទីកន្លែងធ្វើមជ្ឈត្តការមិនកំណត់អំពីទីកន្លែងដែលវេទិកាមជ្ឈត្តកម្មអាចជួបប្រជុំ និងធ្វើ សវនាការនោះទេ ។ គូវិវាទមានសេរីភាពក្នុងការព្រមព្រៀងយកច្បាប់ ឬបទប្បញ្ញត្តិគតិយុត្តណាមួយដែលវេទិកាមជ្ឈត្តកម្មយល់ថា សមស្របមកអនុវត្ត និងអាចកំណត់នូវភាសា ឬការបកប្រែបាន ។
វេទិកាមជ្ឈត្តកម្មអាចរៀបចំការប្រជុំត្រៀមជាមួយគូភាគីវិវាទ ដោយផ្ទាល់ ឬដោយមធ្យោបាយផ្សេងៗទៀត ដើម្បីរៀបចំ និងកំណត់កាលវិភាគ នៃដំណើរការមជ្ឈត្តការបន្ទាប់ ឬ/និង ដើម្បី ពិភាក្សាអំពីនីតិវិធីដែលមានភាពសមស្រប និងចំណាយអស់តិចបំផុតសម្រាប់សំណុំរឿង ។ ដំណើរការមជ្ឈត្តការប្រព្រឹត្តទៅ ដោយរួមបញ្ចូលនូវនីតិវិធីពាក់ព័ន្ធមួយចំនួន ដូចជា៖ (៤.១). ការរួមបញ្ចូលមជ្ឈត្តការ (៤.២). ការដាក់សេចក្តីថ្លែងដោយគូភាគីវិវាទ (៤.៣). ការដកពាក្យបណ្តឹង ការកែប្រែ និងការដោះសា (៤.៤). សវនាការ និងការប្រជុំ (៤.៥). ការបញ្ចូលភស្តុតាង (៤.៦). ការចូលរួម របស់សាក្សី (៤.៧). ការចូលរួមរបស់អ្នកជំនាញ (៤.៨). វិធានបណ្តោះអាសន្ន (៤.៩). ការបញ្ចប់ និងការបើកដំណើរការមជ្ឈត្តការ ជាថ្មី (៤.១០). ការដោះស្រាយ វិវាទដោយស្ម័គ្រចិត្ត និង (៤.១១). មូលហេតុផ្សេងទៀតសម្រាប់បញ្ចប់ដំណើរការមជ្ឈត្តការ ។
ដំណាក់កាលទី៥ ការសម្រេច និងមជ្ឈត្តវិនិច្ឆ័យ៖ ចំពោះការសម្រេចក្នុងវេទិកាមជ្ឈត្តកម្មនៃមជ្ឈត្តករច្រើនរូប មជ្ឈត្តវិនិច្ឆ័យ ឬសេចក្តីផ្សេងៗ ត្រូវធ្វើឡើងដោយមតិភាគច្រើនដោយប្រៀបនៃមជ្ឈត្តករជាសមាជិកនៃវេទិកាមជ្ឈត្តកម្មទាំងអស់ ។ មជ្ឈត្តវិនិច្ឆ័យ នឹងក្លាយជាមជ្ឈត្តវិនិច្ឆ័យស្ថាពរ និងមានអានុភាពអនុវត្តចំពោះគូភាគីវិវាទ ចាប់ពីកាលបរិច្ឆេទដែល មជ្ឈត្តវិនិច្ឆ័យនោះត្រូវបាន ចេញ និងបោះត្រា ។
ជារួមមក ការស្វែងយល់អំពីដំណើរការនៃមជ្ឈត្តការពាណិជ្ជកម្ម គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ធុរជន និងភាគីវិវាទ នានា ។
យន្តការនេះមិនត្រឹមតែជាជម្រើសដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដ៏មានប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ផ្តល់ឱកាសឱ្យគូភាគីអាចស្វែងរកដំណោះស្រាយរួមគ្នា ដែលជាកត្តាក្នុងការរក្សាបាននូវទំនាក់ទំនងធុរកិច្ចឱ្យបាន យូរអង្វែង ។
រៀបរៀងដោយ៖ កញ្ញាមេធាវី គន្ធ វិជិតា និងកញ្ញា អ៊ុំ សោភា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារ ស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៨៦ ៨៩៤ ៤៤៩ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com, ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕



