ដំណឹងល្អ! ឥឡូវនេះ Google អនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្តូរឈ្មោះអាសយដ្ឋាន Gmail បានដោយមិនចាំបាច់លុបគណនីចាស់
05-04-2026 16:16
(បរទេស)៖ ក្រុមហ៊ុន Google បានដាក់ឱ្យដំណើរការនូវមុខងារថ្មីដ៏សំខាន់មួយ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចផ្លាស់ប្តូរឈ្មោះអាសយដ្ឋាន Gmail (Username) របស់ពួកគេបានភ្លាមៗ ដោយមិនចាំបាច់បង្កើតគណនីថ្មី ឬព្រួយបារម្ភអំពីការបាត់បង់ទិន្នន័យដែលមានស្រាប់នោះទេ។
អ្នកប្រើប្រាស់អាចផ្លាស់ប្តូរអក្សរនៅផ្នែកខាងមុខនៃ "@gmail.com" ដែលឈ្មោះថ្មីនេះនឹងត្រូវប្រើប្រាស់ក្នុងសេវាកម្មទាំងអស់របស់ Google ដូចជា Google Drive និង Google Photos ជាដើម។
ការធ្វើបច្ចុប្បន្នភាពនេះបានចាប់ផ្តើមតាំងពីឆ្នាំមុន ហើយឥឡូវនេះវាត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការសម្រាប់អ្នកប្រើប្រាស់ Google ទាំងអស់នៅក្នុងសហរដ្ឋអាមេរិក។
បន្ទាប់ពីផ្លាស់ប្តូររួច អាសយដ្ឋានអ៊ីមែលថ្មីនឹងក្លាយជាអាសយដ្ឋានចម្បងសម្រាប់ប្រើប្រាស់ក្នុងការចូល (Login) ចំណែកឯអាសយដ្ឋានចាស់នឹងនៅតែរក្សាទុកជា "អ៊ីមែលជំនួស" (Alternate email) ដែលភ្ជាប់ជាមួយគណនីដដែល។
យោងតាមការបញ្ជាក់ពី Google ការផ្លាស់ប្តូរនេះអាចនឹងមានផលប៉ះពាល់ដល់មុខងារមួយចំនួនដូចជា ការភ្ជាប់ជាមួយកម្មវិធីភាគីទីបី (Third-party apps)។ ការចូលប្រើប្រាស់តាមរយៈ Chromebook។ ការភ្ជាប់ពីចម្ងាយ (Remote connections) និងការកំណត់ (Settings) មួយចំនួនអាចនឹងត្រូវផ្លាស់ប្តូរ ឬត្រឡប់ទៅសភាពដើមវិញ៕



