Leeds ទម្លាក់ West Ham ឡើងប៉ះ Chelsea វគ្គ ៤ក្រុម FA Cup ក្រោយរង់ចាំអស់ ៣៩ឆ្នាំ
06-04-2026 09:41
(បរទេស)៖ Leeds United បានធ្វើដំណើរទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានលំដាប់ទី២ អង់គ្លេស FA Cup 2025-26 ដោយត្រូវប៉ះតោខៀវ Chelsea ជាបន្តទៀត ក្រោយទម្លាក់គូប្រជែងសមាជិកលេងនៅ Premier League ដូចគ្នា West Ham United ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា នេះជាលើកដំបូងរបស់ Leeds ក្នុងការវិលត្រឡប់ទៅកាន់វគ្គ ៤ក្រុម FA Cup ម្តងទៀត ក្នុងរយៈពេល ៣៩ឆ្នាំ គិតចាប់តាំងចាញ់ Coventry City ដោយលទ្ធផល ៣-២ កាលពីឆ្នាំ១៩៨៧ ក្នុងនាមជើងឯកតែ ១លើកកាលឆ្នាំ១៩៧២។
ការប្រកួតវគ្គ ៨ក្រុមដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន London Stadium ទឹកដីរបស់ West Ham នោះ ក្រុមភ្ញៀវ Leeds បានបើកការនាំមុខដល់ទៅ ២គ្រាប់មុនដល់នាទី៧៥ ជាមួយនឹងក្តីរំពឹងខ្ពស់ក្នុងការធានាកៅអីឡើងវគ្គ បន្តផងដែរ។
ទោះជាយ៉ាងណាខាងម្ចាស់ផ្ទះញញួរធំបានប្រើពេលវាយបកតាមស្មើវិញ ក្នុងម៉ោងថែមបង្រ្គប់ ៩០នាទី និងញាំងឱ្យលេងថែមម៉ោង ១៥នាទី ២ដងកើតមានឡើង ជាមួយនឹងរក្សាលទ្ធផលស្មើគ្នា ២-២ ក្នុងរយៈពេល ១២០នាទី ទើបសម្រេចទាត់ប៉េណាល់ទីកាត់សេចក្តីដែល West Ham ធ្វើបាន ២គ្រាប់ ហើយ Leeds ទាត់ចូល ៤គ្រាប់។
Leeds ត្រូវប្រជែងកៅអីវគ្គផ្តាច់ព្រ័ត្រជាមួយ Chelsea ហើយ Manchester City ត្រូវប៉ះ Southampton ដែលនឹងធ្វើឡើងនារាត្រីម៉ោង ៩យប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ (ម៉ោងនៅកម្ពុជា) គ្រាដែល Crystal Palace ម្ចាស់ជើងឯករដូវកាលមុនបានហាលអាវបាត់ហើយ៕



