Foxconn កើបចំណូលរាប់ពាន់លានដុល្លារពីវិស័យ AI ប៉ុន្តែបង្ហាញក្ដីបារម្ភចំពោះភាពមិនច្បាស់លាស់នៃសង្គ្រាមនៅមជ្ឈិមបូព៌ា
06-04-2026 10:15
(បរទេស)៖ ក្រុមហ៊ុន Foxconn ដែលជាអ្នកដំឡើង iPhone ឱ្យក្រុមហ៊ុន Apple និងជាអ្នកផលិតម៉ាស៊ីនមេ (Server) ដ៏ធំបំផុតឱ្យ Nvidia បានប្រកាសពីចំណូលហក់ឡើងខ្ពស់រហូតដល់ជាង ៦៦ ពាន់លានដុល្លារ ក្នុងត្រីមាសទីមួយឆ្នាំនេះ។ កំណើនដ៏ខ្លាំងក្លានេះ គឺបានមកពីតម្រូវការខ្ពស់មិនធ្លាប់មានលើផលិតផលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងការលក់ឧបករណ៍អេឡិចត្រូនិកស៊េរីថ្មីៗ។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦។
ទោះបីជាចំណូលកំពុងកើនឡើងក៏ដោយ ក៏ក្រុមហ៊ុនយក្សរបស់តៃវ៉ាន់មួយនេះបានបង្ហាញជំហរប្រុងប្រយ័ត្នខ្ពស់។ ក្រុមហ៊ុនបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖ «វានៅតែចាំបាច់ក្នុងការតាមដានផលប៉ះពាល់នៃស្ថានភាពសេដ្ឋកិច្ច និងនយោបាយសកលដែលកំពុងមានភាពប្រែប្រួលខ្លាំង» ខណៈដែលតម្លៃភាគហ៊ុនរបស់ខ្លួនមានការធ្លាក់ចុះបន្តិចបន្តួច បើធៀបនឹងសន្ទស្សន៍ទីផ្សាររួម។
គួរជម្រាបថា លោក Young Liu ប្រធានក្រុមហ៊ុន Foxconn បានសង្កត់ធ្ងន់ថា បញ្ហាប្រឈមខាងក្រៅដ៏ធំបំផុតក្នុងឆ្នាំនេះ មិនមែនជាការប្រកួតប្រជែងលើផលិតផលឡើយ ប៉ុន្តែគឺស្ថានភាពនយោបាយពិភពលោក ជាពិសេស «សង្គ្រាមនៅមជ្ឈិមបូព៌ា» ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចសកល។ យ៉ាងណាមិញ ក្រុមហ៊ុននៅតែមានសុទិដ្ឋិនិយមថា ការនាំចេញឧបករណ៍ដែលបម្រើឱ្យវិស័យ AI នឹងបន្តរក្សាកំណើនខ្ពស់នៅក្នុងត្រីមាសទីពីរខាងមុខនេះ៕








