លោក Lijnders ជំនួយការ Pep ចេញមកបញ្ជាក់ច្បាស់ថា Silva នឹងចាកចេញពី Man City ពេលចប់រដូវកាលនេះ

06-04-2026 10:17

(បរទេស)៖ លោក Pep Lijnders ជំនួយគ្រូបង្វឹក Pep Guardiola បានចេញមកប្រាប់ច្បាស់ៗថា ខ្សែបម្រើឆ្នើម Bernado Silva នឹងចាកចេញពីក្លិប Manchester City ពេលចប់រដូវកាល ២០២៥-២៦ ដោយបានបញ្ជាក់យ៉ាងខ្លីថា «គ្រប់រឿងរ៉ាវល្អៗនៅទីនេះកន្លងមក ដល់ទីបញ្ចប់ហើយ»។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយ កីឡាករអន្តរជាតិព័រទុយហ្គាល់ វ័យ ៣១ឆ្នាំខាងលើនេះ បានឈ្នះពានចំនួន១៨ ក្នុងរយៈពេល ៩ឆ្នាំនៅកីឡដ្ឋាន Etihad នៅមុនពេលកិច្ចសន្យាចាស់ នឹងអស់សុពលភាពនាបំណាច់រដូវកាលនេះ។

ស្របពេលកិច្ចសន្យាថ្មីមិនទាន់ត្រូវបានធ្វើឡើង និងត្រៀមចាកចេញពីក្លិបអង់គ្លេសផងនោះ Silva ត្រូវបានគេរាយការណ៍មកថា រូបគេទំនងជាទៅចូលរួមជាមួយក្រុមកំពូលតារាង La Liga បច្ចុប្បន្នគឺ FC Barcelona ឬអាចថា ២ក្លិបផ្សេងទៀតមានដូចជា Juventus ឬក៏ America ជាដើម។

ការថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយពីសំណាក់លោក Lijnders ក្រោយពេលមេឃខៀវបានយកឈ្នះគូប្រជែងហង្សក្រហម Liverpool ៤ទល់នឹង០ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដើម្បីឆ្លងចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ដែលត្រូវចាប់ឆ្នោតប៉ះ Southampton ក្រុមលេងនៅក្របខណ្ឌទី២ Championship ដោយសារគ្រូបង្វឹកបង្គោល Pep ជាប់បម្រាម ដ្បិតជាន់ខ្សែបន្ទាត់ (touchline ban)។

គ្រូជំនួយសញ្ជាតិព័រទុយហ្គាល់រូបនេះបានបញ្ជាក់ថា «គ្រប់រឿងរ៉ាវល្អៗនៅទីនេះដល់ទីបញ្ចប់ហើយ ហើយខ្ញុំក៏រំពឹងថា Silva នឹងបង្កើតអានុស្សាវរីយ៍បន្ថែមទៀតសម្រាប់ជាង ១ខែ ក្នុងរយៈពេល ៦សប្តាហ៍ទៀត មុនពេលលាគ្នា»