ឡានអគ្គិសនីចិន ធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល! វាយលុកទីផ្សារលក់ឡានទៅអូស្ត្រាលីខ្លាំង រហូតទម្លាក់ឡានជប៉ុនពីតំណែងកំពូល ២៨ឆ្នាំ
06-04-2026 11:06
(បរទេស)៖ ការផ្លាស់ប្តូរដ៏ធំមិនធ្លាប់មានក្នុងរយៈពេលជិត ៣ ទសវត្សរ៍បានកើតឡើងហើយ យោងតាមទិន្នន័យចុងក្រោយក្នុងខែមេសា ឆ្នាំ ២០២៦ នេះ ប្រទេសចិនបានយកឈ្នះជប៉ុន ជាផ្លូវការរួមមួយ ក្នុងនាមជាប្រភពនាំចូលរថយន្តថ្មីច្រើងជាងគេបំផុតសម្រាប់ទីផ្សារប្រទេសអូស្ត្រាលី ដែលនេះគឺជាការបញ្ចប់ការគ្រងតំណែងរបស់ជប៉ុនតាំងពីឆ្នាំ ១៩៩៨ មក។ នេះបើតាម CarNewsChina នាពេលថ្នីៗនេះ ។
សម្រាប់តួលេខសំខាន់ៗដែលគួរឱ្យកត់សម្គាល់នោះ គឺស្ថិតក្នុងចំណែកទីផ្សារ ដោយបង្ហាញថារថយន្តនាំចូលពីចិនបានហក់ឡើងដល់ ២៥% នៃទីផ្សារសរុបក្នុងប្រទេសអូស្ត្រាលី ហើយជាលទ្ធផលការលក់ក្នុងខែកុម្ភ និងខែមីនា ២០២៦ ប្រទេសចិន នាំចូលបាន ២២,៣០០គ្រឿង នាំមុខជប៉ុន (២១,៦០០ គ្រឿង) និងថៃ (១៩,៤០០គ្រឿង)។ ខណៈនេះជាកំណើនគួរឱ្យភ្ញាក់ផ្អើល គិតចាប់តាំងពីឆ្នាំ ២០២០មក មានម៉ាករថយន្តថ្មីៗចំនួន ១០បានចូលវាយលុកលុយទីផ្សារអូស្ត្រាលី ដែលក្នុងនោះមានដល់ទៅ ៩ម៉ាក គឺជាម៉ាកយីហោរថយន្តរបស់ចិន។
កត្តាជំរុញឱ្យចិនទទួលបានជោគជ័យបែបនេះ គឺមាន ៣ចំណុចធំៗដូចជា ប្រភេទរថយន្តអគ្គិសនី (EV) ជាកម្រិតលក់ដាច់ជាងគេ និងទាក់ទាញប្រជាប្រិយភាពនៃរថយន្តអគ្គិសនី និង Plug-in Hybrid (PHEV) គឺជាកម្លាំងចលករដ៏សំខាន់ ហើយរថយន្តអគ្គិសនីសុទ្ធបានកាន់កាប់ទីផ្សារដល់ទៅ ១១.៨% នៃរថយន្តលក់ដាច់សរុប។
លក្ខខណ្ឌរួមនិងយុត្តិសាស្រ្តនោះ គឹចិនបានផ្តោតសំខាន់ទៅក្នុងទីផ្សារលើម៉ាកល្បីៗដូចជា ក្រុមហ៊ុន BYD ក្លាយជាម៉ាកយីហោចិន ដែលលេចធ្លោជាងគេបំផុត (លក់បាន ៥,៣២៣គ្រឿងក្នុងមួយខែ) តាមពីក្រោយដោយម៉ាក MG, GWM (Great Wall Motor) និង Chery។ ហើយកត្តាការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ម៉ាកអន្តរជាតិ មិនមែនមានតែម៉ាកចិនសុទ្ធនោះទេ សូម្បីតែក្រុមហ៊ុនយក្សដូចជា Tesla (ស្ទើរតែគ្រប់ម៉ូឌែល) Polestar, Volvo និងម៉ូឌែលថ្មីៗរបស់ Kia (EV5) ក៏សុទ្ធតែផលិតចេញពីរោងចក្រនៅប្រទេសចិន ដើម្បីនាំចូលទៅកាន់ទឹកដីអូស្ត្រាលីផងដែរ។
លោក Tony Weber នាយកប្រតិបត្តិ FCAI បានលើកឡើងថា «នេះគឺជាចំណុចរបត់ប្រវត្តិសាស្ត្រថ្មី ដោយសារទីផ្សារអូស្ត្រាលីគឺជាទីផ្សារបើកចំហ និងមានការប្រកួតប្រជែងបំផុតលើលោក ឥឡូវនេះអ្នកប្រើប្រាស់កំពុងងាកទៅរកបច្ចេកវិទ្យា និងការរចនាថ្មីៗដែលមកពីប្រទេសចិន» ។
ការព្យាករណ៍ទៅថ្ងៃអនាគត អ្នកវិភាគឧស្សាហកម្មយានយន្តបានបញ្ជាក់ថា ប្រសិនបើយុទ្ធសាស្ត្រតម្លៃ និងបច្ចេកវិទ្យារបស់ចិននៅតែបន្តខ្លាំងបែបនេះ រថយន្តផលិតនៅចិនអាចនឹងគ្រប់គ្រងទីផ្សារអូស្ត្រាលីរហូតដល់ ៤០% នៅត្រឹមឆ្នាំ ២០៣០ ៕



