តារាល្បីៗ ៣ដួង សរសើរយុទ្ធនាការ «ចែកសាំងចែកក្តីសង្ឃឹម» របស់បូទីកា ក្នុងឱកាសអបអរខួប ២០ឆ្នាំ
06-04-2026 12:00
(ភ្នំពេញ)៖ ខណៈដែលប្រេងសាំងកំពុងឡើងថ្លែជាបន្តបន្ទាប់ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦នេះ ក្នុងឱកាសអបអរខួប ២០ឆ្នាំ របស់ក្រុមហ៊ុនបូទីកា បានធ្វើយុទ្ធនាការចាក់សាំងហ្វ្រីចំនួន ៣ លីត្រ ដល់អ្នកធ្វើដំណើរតាមម៉ូតូ ដែលនេះជាការចែករំលែកទុក្ខលំបាក ដល់បងប្អូនប្រជាពលរដ្ឋជាអ្នកដំណើរ តាមដងផ្លូវបានមួយចំណែក។ យុទ្ធនាការនេះ បានទទួលការកោតសរសើរពីសំណាក់អ្នកដំណើរទូទៅ ដែលបានមកទទួលយកការចាក់សាំង ជាពិសេសពីសំណាក់តារាល្បីៗ ចំនួន៣ដួង គឺមានតារាចម្រៀង ម៉ា ចាន់បញ្ញា ពូណម និងពូណុយផងដែរ។
តារាចម្រៀង ម៉ា ចាន់បញ្ញា ជាទីប្រឹក្សាផ្នែកទីផ្សាររបស់ក្រុមហ៊ុនបូទីកា បានថ្លែងថា ជាការពិតអ្វីដែលលោកចាប់អារម្មណ៍បំផុតនោះ គឺស្នាមញញឹមរបស់បងប្អូនប្រជាពលរដ្ឋ ព្រោះថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនបូទីកា ចង់ចូលរួមចែករំលែកក្ដីលំបាករបស់បងប្អូនប្រជាពលរដ្ឋ ទោះតិចក្ដីច្រើនក្ដី ធ្វើយ៉ាងណាឲ្យបងប្អូនយើងគាត់សប្បាយចិត្ត។ យុទ្ធនាការសប្បុរសធម៌នេះ មានគោលបំណងសំខាន់ គឺជួយសម្រួលបន្ទុកដល់អ្នកដំណើរ ក្នុងគ្រាលំបាក និងមួយវិញទៀតគឺអបអរខួប ២០ឆ្នាំរបស់ក្រុមហ៊ុនកូនខ្មែរ។
តារាចម្រៀង ម៉ា ចាន់បញ្ញា បានបង្ហើបឲ្យដឹងទៀតថា យុទ្ធនាការ «ចែកសាំងចែកក្តីសង្ឃឹម» របស់ក្រុមហ៊ុនបូទីកា អាចនឹងបន្តក្នុងមួយសប្ដាហ៍មួយដងទៀត តាមបណ្ដាស្ថានីយ៍ប្រេងជាច្រើនទៀត អាស្រ័យទៅលើការចរចា ជាមួយម្ចាស់ស្ថានីយ៍ប្រេងជាក់ស្ដែង។ យ៉ាងណាមិញក្រុមហ៊ុន មិនហ៊ានសន្យាទុកមុននោះទេថា មានព្រឹត្តិការណ៍ចាក់សាំងនេះបន្តទៀត ប៉ុន្តែបើចរចាត្រូវ គឺធ្វើជាក់ស្ដែងតែម្ដង។
ដោយឡែកសម្រាក់តារាសម្ដែងលោកពូណុយ និងពូណម បានថ្លែងស្រដៀងគ្នាថា ជាការពិតសាំងចំនួន ៣លីត្រ គឺមិនច្រើនទេ តែពិតជាមានសារសំខាន់ណាស់ នៅពេលដែលបងប្អូនកំពុងការលំបាក ជាពិសេសស្របពេលដែលតម្លៃសាំងកំពុងឡើងថ្លៃ ហើយត្រូវធ្វើដំណើរទៅធ្វើការរាល់ថ្ងៃ។ តារាទាំងពីរដួងបន្ថែមថា កន្លងមកលោកធ្លាប់ជួបនូវការលំបាក ទើបលោកយល់អារម្មណ៍នេះ ហើយចង់ឲ្យមានការចែករំលែកបែបនេះឲ្យបានច្រើន ព្រោះនេះជាសកម្មភាពដ៏ល្អមួយជួយដល់សង្គម។ លោកចង់ឲ្យអ្នកដែលមានជីវភាពធូរធា អាចជួយចែករំលែកការលំបាក ទោះក្នុងទ្រង់ទ្រាយបែបណាក៏ដោយ។
យ៉ាងណាមិញតារាល្បីទាំងពីរ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ មេត្តាគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ ហើយការគោរពច្បាប់ចរាចរណ៍នេះ គឺជាការការពារអាយុជីវិតរបស់បងប្អូនគ្រប់ៗគ្នាផងដែរ។
ដោយឡែកលោកឧកញ៉ា កែវ បូណ៌ភិរក្ស អគ្គនាយកក្រុមហ៊ុនបូទីកា និងឡុងនី បានបញ្ជាក់ថា ការរៀបចំយុទ្ធនាការនេះ គឺជាជាជ្រុងមួយនៃការរួមចំណែកជួយដល់ប្រជាពលរដ្ឋ ដែលកំពុងត្រូវការប្រេងសាំងប្រើប្រាស់ជាចាំបាច់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ហើយការចែករំលែកតាមរយៈសកម្មភាពតូចៗនេះ អាចជួយបន្ថយបន្ទុក និងបង្កើនកម្លាំងចិត្តដល់សហគមន៍ ឱ្យមានការចេះជួយយកអាសានៅក្នុងគ្រាលំបាក។
ក្រុមហ៊ុន បូទីកាលេងយុទ្ធនាការ «ចែកសាំង ចែកក្តីសង្ឃឹម» ជូនបងប្អូនម្ដុំផ្លូវទ្រង់មាន់មួយថ្ងៃពេញ ឥតគិតថ្លៃ ស្ថិតក្នុងបរិការណ៍ដែលប្រេងឥន្ធនៈកំពុងឡើងថ្លៃខ្លាំង និងក្នុងឱកាសអបអរខួប២០ឆ្នាំ ក្រុមហ៊ុន បូទីកា បានប្រកាសរៀបចំយុទ្ធនាការ «ចែកសាំង ចែកក្តីសង្ឃឹមជាមួយបូទីកា» ដោយផ្តល់សាំងឥតគិតថ្លៃរយៈពេល ១ថ្ងៃពេញ ជូនដល់ប្រជាពលរដ្ឋ។
យុទ្ធនាការនេះធ្វើដើម្បីជួយសម្រាលបន្ទុក ចំណាយប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី០៥ ខែមេសា ចាប់ពីម៉ោង ៨៖០០នាទីព្រឹកតទៅ នៅដេប៉ូប្រេងឥន្ធនៈ តេឡា លឹម ហេង ផ្លូវណតប្រ៊ីដ (ទ្រុងមាន់) ដែលរំពឹងថា នឹងទាក់ទាញការចូលរួមយ៉ាងច្រើន ពីសំណាក់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។ ក្នុងនោះ ការផ្ដល់ជូនសាំង គឺមានសម្រាប់តែអ្នកដំណើរដែលប្រើប្រាស់ម៉ូតូប៉ុណ្ណោះ ដោយម៉ូតូមួយគ្រឿងអាចចាក់បានចំនួន ៣លីត្រ។
គួរបញ្ជាក់ថា ក្រៅពីជាការចូលរួមសង្គម កម្មវិធីនេះក៏ធ្វើឡើងក្នុងឱកាសអបអរខួប ២០ឆ្នាំ នៃការរីកចម្រើនរបស់ក្រុមហ៊ុន បូទីកា ដែលបានដំណើរការជាមួយបេសកកម្មច្បាស់លាស់ ក្នុងការផ្គត់ផ្គង់ផលិតផលសំណង់ មានគុណភាពខ្ពស់ និងស្តង់ដារអន្តរជាតិជូនទីផ្សារកម្ពុជា។ បូទីកា គឺជាក្រុមហ៊ុនខ្មែរ ដឹកនាំដោយជនជាតិខ្មែរ មានបទពិសោធន៍ជាង ២០ឆ្នាំ និងប្រើប្រាស់បច្ចេកវិទ្យាកម្រិតខ្ពស់ពីប្រទេសអូស្ត្រាលី អាល្លឺម៉ង់ បារាំង និងអ៊ីតាលី។ ផលិតផលរបស់បូទីកា បានក្លាយជាជម្រើសពេញនិយមលើទីផ្សារ ដូចជា ស៊ីម៉ងត៍កាវ ណាតា, Grout 2000, បូទីកាបូស្កូ ព្រមទាំងផលិតផលជម្រាបទឹក ថ្នាំលាប ម្នាងសិលា និងម្សៅបៀកជាច្រើនប្រភេទទៀត ដែលឆ្លើយតបទៅនឹងតម្រូវការសំណង់គ្រប់ប្រភេទ។
ជាមួយនឹងការរីកចម្រើន និងចាក់ឫសរឹងមាំនៅក្នុងទីផ្សារកម្ពុជា បច្ចុប្បន្ន ក្រុមហ៊ុនបូទីកា មានមូលដ្ឋានផលិតកម្មទំនើប រួមមានរោងចក្រផ្ទាល់ខ្លួន និងការិយាល័យកម្ពស់ ១១ជាន់ នៅរាជធានីភ្នំពេញ។ ក្រៅពីនេះ ក្រុមហ៊ុនក៏មានការអភិវឌ្ឍ គម្រោង បុរី ឡុង នី ចំនួន ៤ គម្រោង និងសួនឧស្សាហកម្មបូទីកា ដែលបង្ហាញពីសមត្ថភាព និងចក្ខុវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍវិស័យសំណង់ និងចូលរួមគាំទ្រដល់កំណើនសេដ្ឋកិច្ចនៅកម្ពុជា៕



















