គុនខ្មែរ បន្ដពង្រឹងសមត្ថភាពស្នងការប្រកួត និងគណៈវិនិច្ឆ័យ ដើម្បីលើកកម្ពស់ការអនុវត្តស្ដង់ដាតែមួយ

06-04-2026 12:50

(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានរៀបចំវគ្គបំប៉នសមត្ថភាពស្នងការប្រកួត និងគណៈវិនិច្ឆ័យដល់សិក្ខាកាមចំនួន ៣២នាក់ ដើម្បីលើកកម្ពស់ការអនុវត្តស្ដង់ដាតែមួយ ស្របតាមលក្ខណៈជាតិ និងអន្ដរជាតិ។ វគ្គនេះមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី០៦-១០ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំនាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា នៃពហុកីឡដ្ឋានជាតិ (អូឡាំពិក)។

ថ្លែងក្នុងពិធីបើកវគ្គខាងលើ លោក ខូវ ឆាយ ប្រធានសហព័ន្ធបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគ្រប់ភាគីពាក់ព័ន្ធ ដែលខិតខំរៀបចំវគ្គដ៏មានសារៈសំខាន់នេះឡើង ដើម្បីពង្រឹងសមត្ថភាពសិក្ខាកាម ដែលជាស្នងការប្រកួត និងគណៈវិនិច្ឆ័យទាំងអស់ សម្រាប់ដឹកនាំការប្រកួតឲ្យទទួលបានជោគជ័យ និងមានស្ដង់ដាតែមួយ ស្របទៅតាមលក្ខណៈជាតិ និងអន្ដរជាតិ។

ជាមួយការរៀបចំវគ្គបំប៉ន ស្របតាមផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៦ នេះដែរ សហព័ន្ធបានលើកយកខ្លឹមសារសំខាន់ ៧ចំណុចមកសិក្សា និងពិភាក្សា ដើម្បីឆ្លើយតបទៅនឹងភាពរីកចម្រើន នៃវិស័យកីឡាប្រដាល់គុនខ្មែរ ទាំងលើឆាកជាតិ និងអន្ដរជាតិនាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគតក្នុងនោះរួមមាន៖

១- ស្នងការប្រកួត មានតួនាទីត្រួតពិនិត្យតាមដាន សម្របសម្រួលលើសកម្មភាពប្រកួតទាំងមូល។
២- គណៈវិនិច្ឆ័យ មានតួនាទីដឹកនាំគ្រប់គ្រង ត្រួតពិនិត្យ ទទួលខុសត្រូវលើការងារបច្ចេកទេសនៃព្រឹត្តិការណ៍ការប្រកួតទាំងមូល ឱ្យស្របតាមបទបញ្ជាបច្ចេកទេសគ្រប់គ្រងការប្រកួតរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បទបញ្ជាគ្រប់គ្រងព្រឹត្តិការណ៍ការប្រកួត ស្មារតីកីឡា ចាត់តាំង អាជ្ញាកណ្តាល និងចៅក្រមឲ្យបំពេញតួនាទី។

៣- ការយល់ដឹង បកស្រាយ អនុវត្តបទបញ្ជាបច្ចេកទេសគ្រប់គ្រងការប្រកួតតាមក្រុមនីមួយ នៅមិនទាន់មានឯកភាព គ្នា។
៤- ការដឹកនាំ គ្រប់គ្រងការប្រកួតរបស់អាជ្ញាកណ្តាល ចៅក្រមមិនទាន់បានពេញលេញ និងពុំទាន់មានស្តង់ដារច្បាស់លាស់។
៥- ការអនុវត្តថវិកាគាំទ្រប្រចាំឆ្នាំ និងនិយាមវាយតម្លៃស្តង់ដារសហព័ន្ធកីឡារបស់ក្រសួងអប់រំ យុវជន និងកីឡា។
៦- អនុវត្តស្មារតីសន្និបាត NOCC ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។

៧- ការជំរុញកីឡាប្រដាល់គុនខ្មែរឆ្ពោះទៅជាកីឡាសកល និងកីឡាអូឡាំពិក។

បន្ថែមលើនេះ ក្នុងនាមប្រធានសហព័ន្ធលោកក៏បានជំរុញ និងលើកទឹកចិត្តដល់សិក្ខាកាម ត្រូវព្យាយាមសិក្សា និងក្រេបយកចំណេះជំនាញថ្មីៗពីគ្រូឧទ្ទេស ដើម្បីយកទៅប្រើប្រាស់ប្រកបដោយវិជ្ជាជីវៈក្រមសីលធម៌ ដើម្បីចូលរួមលើកកម្ពស់គុណភាពប្រដាល់គុនខ្មែរដែលជាកីឡាអត្តសញ្ញាណជាតិ៕