ភាពរឹងមាំនៃវិស័យផលិតកម្មចិន៖ ការរៀនរស់ក្នុងព្យុះភ្លៀងពន្ធដាររបស់លោក ដូណាល់ ត្រាំ
06-04-2026 12:53
(បរទេស)៖ ទោះបីជាគោលនយោបាយពន្ធដាររបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានបំណងវាយប្រហារលើវិស័យផលិតកម្មរបស់ចិនយ៉ាងណាក្តី ប៉ុន្តែសម្រាប់ម្ចាស់រោងចក្រអេឡិចត្រូ និកមួយរូប ការឆ្លងកាត់ឆ្នាំ២០២៥ ដ៏ច្របូកច្របល់បានធ្វើឱ្យពួកគេយល់ច្បាស់ថា ប្រទេសចិនគឺជាទីតាំងផលិតកម្មដែលពិបាកនឹងមានកន្លែងណាជំនួសបាន។
ក្រុមហ៊ុន Agilian Technology ដែលជារោងចក្រផលិតទំនិញឱ្យម៉ាកល្បីៗរបស់លោកខាងលិច បានជួបប្រទះការលំបាកយ៉ាងខ្លាំងកាលពីឆ្នាំមុន។ ការបញ្ជាទិញពីសហរដ្ឋអាមេរិក ដែលស្មើនឹងជាងពាក់កណ្តាលនៃចំណូលសរុបរបស់ក្រុមហ៊ុន ត្រូវបានអតិថិជនបង្កកទុកអស់ជាច្រើនខែ ខណៈដែលអតិថិជនទាំងនោះបានបង្ខំឱ្យរោងចក្រផ្លាស់ប្តូរទីតាំងផលិតកម្មទៅក្រៅប្រទេសចិន ដើម្បីជៀសវាងពន្ធដារ។
សង្គ្រាមពន្ធដារបានបង្កភាពវឹកវរដល់ក្រុមហ៊ុនចិនជាច្រើន ដែលធ្វើឱ្យសន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) ធ្លាក់ចុះយ៉ាងខ្លាំងក្នុងឆ្នាំ២០២៥។ ទោះជាយ៉ាងណា ទីក្រុងប៉េកាំងបានប្រើប្រាស់ «អាវុធសេដ្ឋកិច្ច» ដើម្បីតបតដូចជា៖
* ការរឹតត្បិតការនាំចេញរ៉ែកម្រ៖ ចិនបានគ្រប់គ្រងការនាំចេញរ៉ែ និងលោហៈធាតុសំខាន់ៗដែលក្រុមហ៊ុនអាមេរិកត្រូវការចាំបាច់ និងពិបាករកប្រភពផ្សេងមកជំនួស។
* លទ្ធផល៖ យុទ្ធសាស្ត្រនេះបានបង្ខំឱ្យមានការកាត់បន្ថយការដកហូតពន្ធលើទំនិញមួយចំនួន ហើយនៅខែមីនា ឆ្នាំ២០២៦ នេះ សន្ទស្សន៍ PMI របស់ចិនបានងើបឡើងវិញក្នុងកម្រិតលឿនបំផុតក្នុងរយៈពេលមួយឆ្នាំ។
ទោះបីជាការនាំចេញទៅកាន់អាមេរិកបានធ្លាក់ចុះ ២០% ក្នុងឆ្នាំ២០២៥ ក៏ដោយ ប៉ុន្តែជារួមប្រទេសចិននៅតែបង្ហាញភាពខ្លាំង ដោយ ក្នុងឆ្នាំ២០២៥ ចិនសម្រេចបានអតិរេកពាណិជ្ជកម្មរហូតដល់ ១.២ ទ្រីលានដុល្លារ (ស្មើនឹងទំហំសេដ្ឋកិច្ចរបស់ប្រទេសហូឡង់ទាំងមូល)។ អតិរេកពាណិជ្ជកម្មសម្រាប់រយៈពេលពីរខែដំបូងនៃឆ្នាំ២០២៦ បានកើនឡើងដល់ ២១៣.៦ ពាន់លានដុល្លារ បើធៀបនឹង ១៦៩.២១ ពាន់លានដុល្លារកាលពីឆ្នាំមុន។
លោក Fabien Gaussorgues នាយកប្រតិបត្តិក្រុមហ៊ុន Agilian Technology បានលើកឡើងថា មនុស្សគ្រប់គ្នាកំពុងតាមដានដំណើរទស្សនកិច្ចរបស់លោក ត្រាំ មកកាន់ប្រទេសចិនក្នុងខែឧសភាខាងមុខនេះ។ អ្នកសេដ្ឋកិច្ចរំពឹងថា ជំនួបនេះអាចនឹងនាំមកនូវ «កិច្ចព្រមព្រៀង» ឬក្របខណ្ឌការងារថ្មីមួយ ដើម្បីទប់ស្កាត់កុំឱ្យភាពតានតឹងពាណិជ្ជកម្មផ្ទុះឡើងខ្លាំងដូចកាលពីឆ្នាំមុន។ អ្នកជំនាញម្នាក់មកពីក្រុមហ៊ុនប្រឹក្សា Roland Berger បានបញ្ជាក់ថា ការដែលចិនក្តោបក្តាប់ទីផ្សាររ៉ែកម្រ គឺជា «អាវុធនុយក្លេអ៊ែរនៃពាណិជ្ជកម្ម» ដែលធ្វើឱ្យអាមេរិកមិនអាចមើលរំលងបាន។
ទោះបីជាមានសម្ពាធពន្ធដារពីអាមេរិកយ៉ាងណាក្តី ក៏ខ្សែសង្វាក់ផ្គត់ផ្គង់របស់ចិននៅតែបង្ហាញភាពរឹងមាំ និងពិបាកក្នុងការចម្លងតាម (Replicate) ដែលនេះជាកត្តាសំខាន់ធ្វើឱ្យវិស័យផលិតកម្មចិននៅតែបន្តឈរជើងបានយ៉ាងមាំមួនក្នុងឆ្នាំ២០២៦នេះ៕










