សា្ថប័ន Education Malaysia Global Services នាំមកជូននូវពិព័រណ៍ការសិក្សា នៅប្រទេសម៉ាឡេស៊ីឆ្នាំ២០២៦ ដែលពង្រីកឱកាសសម្រាប់សិស្សានុសិស្សកម្ពុជា
06-04-2026 13:12
(ភ្នំពេញ)៖ ស្ថាប័ន Education Malaysia Global Services (EMGS) បានរៀបចំ «ពិព័រណ៍ការសិក្សានៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០២៦» ដោយជោគជ័យនៅទីក្រុងភ្នំពេញ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ដោយផ្តល់ជូននិស្សិតកម្ពុជានូវលទ្ធភាពទទួលបានឱកាសអប់រំកម្រិតឧត្តមសិក្សាដែលទទួលស្គាល់ជាអន្តរជាតិនៅប្រទេសម៉ាឡេស៊ីដោយផ្ទាល់។
ពិព័រណ៍នេះ បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋានស្ថាប័នអប់រំ ដោយស្វាគមន៍សិស្សវិទ្យាល័យ និងសាកលវិទ្យាល័យ ឪពុកម្តាយ ដៃគូស្ថាប័ន និងប្រព័ន្ធផ្សព្វផ្សាយ។ វាបានបម្រើជាវេទិកាដ៏ទាក់ទាញមួយសម្រាប់អ្នកចូលរួមដើម្បីស្វែងយល់ពីឱកាសសិក្សានៅប្រទេសម៉ាឡេស៊ី និងទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅ អំពីការគាំទ្រដែលមានពេញមួយដំណើរសិក្សារបស់ពួកគេនៅបរទេស។
ឋិតក្នុងឱកាសដ៏ឳឡារិក ព្រឹត្តិការណ៍នេះត្រូវបានអមដោយវត្តមានជាពិសេសរបស់ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា លោក Shaharuddin Onn។ ការចូលរួមរបស់លោក បានគូសបញ្ជាក់ ពីចំណងផ្នែកវិស័យអប់រំដ៏រឹងមាំ និងកំពុងរីកចម្រើនរវាងប្រទេសទាំងពីរ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត ជាបន្តបន្ទាប់របស់ម៉ាឡេស៊ី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងគាំទ្រដល់និស្សិតកម្ពុជាក្នុងការទទួលបានការអប់រំកម្រិតឧត្តមសិក្សាប្រកបដោយគុណភាព។
ពេញមួយព្រឹត្តិការណ៍នេះ អ្នកចូលរួមបានចូលរួមវគ្គបទបង្ហាញ និងវគ្គសំណេះសំណាលជាបន្តបន្ទាប់ ដែលបានបង្ហាញពីចំណុចខ្លាំង របស់ប្រទេសម៉ាឡេស៊ី ក្នុងនាមជាគោលដៅការសិក្សាមួយ ដោយគិតចាប់ពីការផ្តល់ជូនការសិក្សាចម្រុះ និងស្ថាប័នដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ តម្លៃសិក្សាសមរម្យ និងបរិយាកាសដោយការស្វាគមន៍ និងពហុវប្បធម៌។
សិស្សានុសិស្ស និងឪពុកម្តាយក៏មានឱកាសចូលរួមដោយផ្ទាល់ជាមួយអ្នកជំនាញ ដោយទទួលបានការយល់ដឹងជាក់ស្តែងអំពីនីតិវិធីដាក់ពាក្យស្មើរសុំ ដំណើរការទិដ្ឋាការ និងជីវិតនិស្សិតនៅប្រទេសម៉ាឡេស៊ី។ ចំណុចផ្តោតដ៏សំខាន់មួយគឺការណែនាំអំពីសេវាកម្មគាំទ្រពេញលេញរបស់ស្ថាប័ន EMGS ដែលត្រូវបានរចនាឡើងដើម្បីធ្វើឱ្យជំហាននីមួយៗ នៃដំណើរសិក្សានៅបរទេសមានភាពសាមញ្ញ។
ចាប់ពីការប្រឹក្សាយោបល់ផ្នែកសិក្សាផ្ទាល់ខ្លួន និងការជ្រើសរើសសាកលវិទ្យាល័យ រហូតដល់ដំណើរការដាក់ពាក្យ និងការសម្របសម្រួលទិដ្ឋាការសិស្ស ស្ថាប័ន EMGS មានគោលបំណងធ្វើឱ្យការផ្លាស់ប្តូរទៅសិក្សានៅបរទេសមានភាពរលូន និងងាយស្រួលតាមដែលអាចធ្វើទៅបាន។
លោក Shahrill Sabarudin ប្រធានផ្នែកទីផ្សារនៃស្ថាប័ន EMGS បានថ្លែងថា «ប្រទេសម៉ាឡេស៊ីកំពុងលេចធ្លោយ៉ាងឆាប់រហ័សថា ជាគោលដៅដ៏គួរឱ្យទាក់ទាញ សម្រាប់ការអប់រំបែបអន្តរជាតិ ដោយមិនត្រឹមតែផ្តល់ជូនកម្មវិធីសិក្សាដែលមានគុណភាពខ្ពស់ និងទទួលស្គាល់ជាសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដំណើរសិក្សាដ៏រលូន របស់សិស្សានុសិស្ស ដែលគាំទ្រដោយសេវាកម្មទិដ្ឋាការដ៏មានប្រសិទ្ធភាព និងរបៀបរស់នៅដ៏រស់រវើក និងពហុវប្បធម៌»។
យើងកំពុងមើលឃើញកំណើនយ៉ាងខ្លាំង នៃការចាប់អារម្មណ៍ពីសំណាក់សិស្សានុសិស្សកម្ពុជា ដោយមានការចុះឈ្មោះចូលរៀនចំនួន២៤០នាក់ ដោយមានការកើនឡើងជិត៥០% ពីមួយឆ្នាំទៅមួយឆ្នាំ។ នេះឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរសកលលោកកាន់តែទូលំទូលាយ ដែលសិស្សានុសិស្សកំពុងស្វែងយល់ពីគោលដៅលើសពី ‘Big 4’ បែបប្រពៃណី ទៅជា ‘Big 14’ កាន់តែចម្រុះ ហើយប្រទេសម៉ាឡេស៊ី មានមោទនភាពដែលបានឈរជាប្រទេសអាស៊ីអាគ្នេយ៍ តែមួយគត់នៅក្នុងក្រុមនេះ។
ចក្ខុវិស័យនាពេលខាងមុខ ប្រទេសម៉ាឡេស៊ី មានទីតាំងល្អក្នុងការប្រែក្លាយ ទៅជាមជ្ឈមណ្ឌលអប់រំឈានមុខគេនៅក្នុងតំបន់ ជាមួយនឹងមហិច្ឆតាជាតិ ក្នុងការទទួលសិស្សអន្តរជាតិចំនួន ២៥០,០០០នាក់ នៅឆ្នាំ២០៣០។
ពិព័រណ៍ការសិក្សានេះ ក៏មានការចូលរួមពីស្ថាប័នឧត្តមសិក្សាឈានមុខគេចំនួន ១៣ របស់ម៉ាឡេស៊ីផងដែរ រួមមាន University of Malaya, UPM Holdings, Universiti Malaysia Sabah (UMS), UTM Holdings, Universiti Tun Hussein Onn Malaysia (UTHM), Universiti Malaysia Terengganu (UMT), Asia Pacific University of Technology & Innovation (APU), Universiti Tunku Abdul Rahman (UTAR), Tunku Abdul Rahman University of Management and Technology (TAR UMT), UCSI University, MILA University, BAC Education Group, and International College of Music (ICOM)។
ស្ថាប័ននីមួយៗបានបង្ហាញពីឧត្តមភាពសិក្សារបស់ខ្លួន ការផ្តល់ជូនកម្មវិធីសិក្សាចម្រុះ និងសេវាកម្មគាំទ្រនិស្សិត។ អ្នកចូលរួមទទួលបានការយល់ដឹង ដោយផ្ទាល់អំពីមាគ៌ាសិក្សានៅទូទាំងមុខវិជ្ជាផ្សេងៗ ខណៈមានការចូលរួមដោយផ្ទាល់ជាមួយតំណាងសាកលវិទ្យាល័យ ដើម្បីស្វែងយល់ពីអាហារូបករណ៍ បទពិសោធន៍ក្នុងបរិវេណសាលា និងឱកាសការងារនាពេលអនាគត។
ចំនួនអ្នកចូលរួមយ៉ាងច្រើនកុះករ និងការចូលរួមយ៉ាងស្វាហាប់ បានឆ្លុះបញ្ចាំងពីតម្រូវការកាន់តែខ្លាំងឡើងក្នុងចំណោមនិស្សិតកម្ពុជា សម្រាប់មាគ៌ាដែលអាចទុកចិត្តបាន និងមានរចនាសម្ព័ន្ធ ឆ្ពោះទៅរកការអប់រំបែបអន្តរជាតិ។ ភាពជិតដិតនឹងគ្នា ភាពស្និទ្ធស្នាលខាងផ្នែកវប្បធម៌ និងការអប់រំដែលមានគុណភាពខ្ពស់ ប៉ុន្តែមានតម្លៃសមរម្យរបស់ប្រទេសម៉ាឡេស៊ី នៅតែបន្តដាក់ប្រទេសនេះ ជាជម្រើសដ៏ទាក់ទាញកាន់តែខ្លាំងឡើងនៅក្នុងតំបន់។
ជាមួយនឹងវេទិកាដូចជា «ពិព័រណ៍ការសិក្សានៅប្រទេសម៉ាឡេស៊ី» ស្ថាប័ន EMGS បន្តពង្រឹងការចូលរួមរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាតាមរយៈគំនិតផ្តួចផ្តើមនៅនឹងកន្លែង ភាពជាដៃគូ និងការផ្សព្វផ្សាយដល់និស្សិត ដើម្បីជួយទៅដល់យុវជនកម្ពុជាកាន់តែច្រើនឱ្យបោះជំហានបន្ទាប់ដោយទំនុកចិត្តឆ្ពោះទៅរកការសម្រេចបាននូវសេចក្តីប្រាថ្នានៃការសិក្សា និងអាជីពរបស់ពួកគេ។
ព្រឹត្តិការណ៍នេះ បង្ហាញពីជំហានដ៏មានអត្ថន័យមួយឆ្ពោះទៅមុខក្នុងការពង្រីកលទ្ធភាពទទួលបានឱកាសអប់រំជាសកល និងពង្រឹងជំហររបស់ប្រទេសម៉ាឡេស៊ី ជាមជ្ឈមណ្ឌលអប់រំឈានមុខគេនៅក្នុងតំបន់៕















