ត្រូវតែដឹង! តើចរន្ត 32A សំខាន់ប៉ុណ្ណាសម្រាប់ឡាន EV? បើចង់សាកភ្លើង 7kW ឱ្យពេញលេញនិងសុវត្ថិភាព ម្ចាស់ឡានអគ្គិសនីមិនគួររំលងចំណុចទាំងនេះ!

06-04-2026 14:34

(ភ្នំពេញ)៖ ចំពោះការសាកឡាន EV កម្លាំង 7kW តាមផ្ទះ ពេលសាកលោតថាមពលអត់គ្រប់ចឹង តើមានបញ្ហាអ្វី ឬអត់? ដែលជាបញ្ហាមួយរបស់អ្នកប្រើប្រាស់ឡានអគ្គិសនីមួយចំនួនតែងជួប និងមិនទាន់យល់ពីលក្ខខណ្ឌមួយចំនួនដែលទាក់ទង «ស្ថេរភាពចរន្តអគ្គិសនី» នៅតាមផ្ទះ។ ខាងក្រោមនេះ គឺជាមូលហេតុចម្បងៗ និងដំណោះស្រាយដែលបងប្អូនគួរត្រួតពិនិត្យ ។

១៖ ចរន្តអគ្គិសនីក្នុងផ្ទះមិនគ្រប់គ្រាន់ (Voltage Drop) នេះជាបញ្ហាជួបញឹកញាប់បំផុត ចំពោះកម្លាំង 7kW ត្រូវការចរន្តប្រហែល 32A (៣២ អំពែ) គឺជាកម្រិតអាំងតង់ស៊ីតេចរន្តអគ្គិសនី (Electric Current) ដែលចាំបាច់បំផុតសម្រាប់គ្រឿងសាករថយន្តអគ្គិសនីប្រភេទ 7kW (Wallbox) នៅតាមផ្ទះ។ ប្រសិនបើកម្លាំងភ្លើង (Voltage) ធ្លាក់ចុះទាបជាង 220V (ជាឧទាហរណ៍នៅសល់ត្រឹម 180V-190V) ពេលសាក នោះគ្រឿងសាកនឹងកាត់បន្ថយកម្លាំងសាកមកត្រឹម 3kW - 5kW ដោយស្វ័យប្រវត្តិ ដើម្បីការពារសុវត្ថិភាព ឬពេលខ្លះវាលោតកាត់ផ្ដាច់តែម្តង។

២៖ ទំហំខ្សែភ្លើងតូចពេក (Undersized Wiring) ប្រសិនបើខ្សែភ្លើងដែលតភ្ជាប់ពីទូរ (Main Breaker) ទៅកាន់គ្រឿងសាកមានទំហំតូចជាង 6mm² (សម្រាប់ចម្ងាយជិត) ឬ 10mm² (សម្រាប់ចម្ងាយឆ្ងាយ) វានឹងធ្វើឱ្យខ្សែឡើងកម្ដៅខ្លាំង ហើយពេលខ្សែឡើងកម្ដៅ ភាពធន់នៃខ្សែ (Resistance) កើនឡើង ធ្វើឱ្យថាមពលធ្លាក់ចុះ និងគ្រោះថ្នាក់បំផុត គឺអាចរលាយខ្សែភ្លើង។

៣៖ ការប្រើប្រាស់គ្រឿងអគ្គិសនីផ្សេងៗក្នុងពេលតែមួយ ប្រសិនបើបងប្អូនសាកឡានអគ្គិសនី ក្នុងពេលដែលផ្ទះកំពុងប្រើម៉ាស៊ីនត្រជាក់ច្រើនគ្រឿង ឬម៉ាស៊ីនទឹកក្ដៅ នោះកម្លាំងភ្លើងសរុបក្នុងផ្ទះអាចនឹងឡើងដល់ចំណុចខ្ពស់បំផុត (Peak Load) ដែលធ្វើឱ្យភ្លើងអត់គ្រប់សម្រាប់ផ្គត់ផ្គង់ទៅគ្រឿងសាក ឬខ្សែសាកកម្លាំង 7kW ឡើយ។

៤៖ ការកំណត់នៅលើអេក្រង់ឡាន ឬ App ពេលខ្លះ បងប្អូនប្រហែលជាបានកំណត់ (Limit) ចរន្តសាកនៅក្នុង Menu របស់ឡាន BYD (ជាឧទាហរណ៍) កំណត់ត្រឹម 16A ឬ 24A) ដូច្នេះសូមឆែកមើលក្នុងអេក្រង់ឡាន ត្រង់ផ្នែក Charging Settings ថាមានដាក់កំណត់ Limit ដែរឬទេ?

ជាមួយដំណោះស្រាយបច្ចេកទេស សូមឆែកទំហំខ្សែភ្លើង ត្រូវប្រាកដថាប្រើខ្សែភ្លើងមានទំហំយ៉ាងតិច 6mm² ឡើងទៅ។ ប្រើគ្រឿងការពារ (Voltage Stabilizer/Regulator) ប្រសិនបើភ្លើងនៅតំបន់នោះខ្សោយខ្លាំង បងប្អូនគួរដំឡើងគ្រឿងទាញភ្លើងឱ្យមានលំនឹងថេរ (Stabilizer) ទំហំធំ (យ៉ាងតិច 10kVA - 15kVA)។

ដំឡើងនាឡិកាភ្លើង (EDC) ប្រសិនបើប្រើនាឡិកាភ្លើងតូច (ឧទាហរណ៍ 10A-40A) វាអាចនឹងមិនគ្រាន់ឡើយ ដូច្នេះគួរដំឡើងនាឡិកាទំហំ 30A-100A ដើម្បីឱ្យចរន្តរត់បានស្រួល ហើយការសាកនៅពេលយប់ជ្រៅ ត្រូវសាកបន្ទាប់ពីម៉ោង ១១យប់ ដែលជាពេលមនុស្សប្រើភ្លើងតិច នោះកម្លាំងភ្លើងនឹងឡើងមកពេញវិញ។

ជាការកត់សម្គាល់ ប្រសិនបើគ្រឿងសាកលោតភ្លើងពណ៌ក្រហម ឬមានកម្ដៅខ្លាំងនៅក្បាលដោត សូមដកចេញជាបន្ទាន់ ហើយហៅជាងអគ្គិសនីដែលមានជំនាញមកពិនិត្យប្រព័ន្ធខ្សែភ្លើងឡើងវិញ ដើម្បីជៀសវាងបញ្ហាឆ្លងចរន្ត។

តើបងប្អូនបានឆែកមើលកម្លាំងភ្លើង (Voltage) នៅលើអេក្រង់គ្រឿងសាក ឬក្នុងឡានដែរឬទេ ថាវាបង្ហាញប៉ុន្មាន V ពេលកំពុងសាក?

នេះជារូបភាពដើមរបស់អ្នកប្រើប្រាស់ឡាន EV