Google Chrome បន្ថែមមុខងារថ្មី ជួយឱ្យបើកវេបសាយលឿនជាងមុន និងចំណេញអ៊ីនធឺណិត
06-04-2026 15:00
(បរទេស)៖ ក្រុមហ៊ុន Google ទើបតែបានប្រកាសដាក់ឱ្យដំណើរការសាកល្បងនូវបច្ចេកវិទ្យាថ្មីមួយមានឈ្មោះថា «Lazy Loading» កម្រិតខ្ពស់សម្រាប់កម្មវិធីរុករក Chrome ដែលនឹងជួយឱ្យបទពិសោធន៍នៃការប្រើប្រាស់អ៊ីនធឺណិតកាន់តែរលូនជាងមុន។ បច្ចេកវិទ្យានេះមានសមត្ថភាពពិសេសក្នុងការសម្រេចចិត្តថា តើមាតិកាណាគួរទាញយកមុន និងមាតិកាណាគួរទុកទាញយកតាមក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន GSMArena នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦។
ជាទូទៅ នៅពេលយើងបើកគេហទំព័រដែលមានវីដេអូ ឬសំឡេងច្រើន វាតែងតែប្រើពេលយូរក្នុងការរង់ចាំ (Loading) និងប្រើទិន្នន័យអ៊ីនធឺណិតច្រើន។ ប៉ុន្តែជាមួយមុខងារថ្មីនេះ Chrome នឹងផ្ដល់អាទិភាពបង្ហាញតែខ្លឹមសារអក្សរ ឬរូបភាពស្រាលៗដែលនៅលើអេក្រង់មុនប៉ុណ្ណោះ រីឯវីដេអូ ឬសំឡេងដែលស្ថិតនៅផ្នែកខាងក្រោម នឹងមិនទាន់ទាញយកទិន្នន័យឡើយ លុះត្រាតែអ្នកប្រើប្រាស់អូសអេក្រង់ (Scroll) ទៅជិតដល់ទីតាំងនោះ ទើបវាចាប់ផ្ដើមដំណើរការ។
ការធ្វើបែបនេះ មិនត្រឹមតែជួយឱ្យអ្នកអាចអានព័ត៌មានបានភ្លាមៗដោយមិនបាច់រង់ចាំយូរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសន្សំសំចៃកញ្ចប់អ៊ីនធឺណិតបានយ៉ាងច្រើន ជាពិសេសសម្រាប់បងប្អូនដែលប្រើប្រាស់ស្មាតហ្វូន និងអ្នកដែលមានល្បឿនអ៊ីនធឺណិតមានកម្រិត។
គួរជម្រាបថា មុខងារពិសេសនេះ គ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងកំណែអាប់ដេត Chrome 148 ទាំងលើកុំព្យូទ័រ និងទូរស័ព្ទដៃ។ លើសពីនេះ កម្មវិធីរុករកផ្សេងទៀតដែលប្រើប្រាស់មូលដ្ឋានកូដ Chromium ដូចជា Microsoft Edge ក៏នឹងទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យានេះដូចគ្នាផងដែរ។ នេះគឺជាជំហានថ្មីមួយក្នុងការធ្វើឱ្យពិភពឌីជីថលកាន់តែមានប្រសិទ្ធភាព និងចំណេញថវិកាសម្រាប់អ្នកប្រើប្រាស់គ្រប់រូប៕












