កីឡាជិះសេះ បង្ហាញបេក្ខភាពជម្រើសជាតិ និងថ្នាលត្រៀមព្រឹត្តិការណ៍ ២ធំៗ

06-04-2026 15:11

(ភ្នំពេញ)៖ សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ បានបង្ហាញសមាសភាពកីឡាករ-កីឡាការិនីជម្រើសជាតិ (ក្រុមធំ) និងថ្នាលបង្គោលរបស់ខ្លួន សម្រាប់ប្រមូលផ្ដុំហ្វឹកហាត់ត្រៀមចូលរួមព្រឹត្តិការណ៍ ២ធំៗ គឺដំណើរឆ្ពោះទៅចូលរួមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៧ នៅម៉ាឡេស៊ី និងការត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០៣១។

ការបង្ហាញបេក្ខភាពជម្រើសជាតិ និងថ្នាលខាងលើ ស្របពេលសហព័ន្ធបានសហការជាមួយក្លិបកីឡាជិះសេះ Genius Resort រៀបចំការប្រកួតតេស្ដសមត្ថភាពកីឡាករ-កីឡាការិនី និងសេះកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ ក្រោមវត្តមានអ្នកអង្គម្ចាស់ នរោត្តម ណាន់ ដាទេវី ប្រធានសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ និងមានការចូលរួមសង្កេតផ្ទាល់ពីអ្នកស្រី Moguel Garcia Danniela គ្រូបង្វឹកក្រុមកីឡាជិះសេះជម្រើសជាតិកម្ពុជា។

ប្រធានសហព័ន្ធខាងលើបានថ្លែងថា ការប្រមូលផ្ដុំក្រុមជម្រើសជាតិឆ្នាំនេះ ត្រូវបានអនុវត្តតាមផែនការយ៉ាងច្បាស់លាស់ ក្នុងគោលដៅសម្រួចគុណផលកីឡាករ-កីឡាការិនី ដើម្បីត្រៀមប្រជែងមេដាយជូនជាតិ ក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៧ នៅម៉ាឡេស៊ី ក៏ដូចជាកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ។ ការណ៍នេះទើបសហព័ន្ធបានសម្រេចនាំយកអ្នកជំនាញអន្ដរជាតិ មកជួយពង្រឹង និងដុសខាត់សមត្ថភាពពួកគេឲ្យកាន់តែខ្លាំង។

ចំពោះក្រុមកីឡាជិះសេះជម្រើសជាតិកម្ពុជា ដែលត្រូវប្រមូលផ្ដុំត្រៀមការប្រកួតអន្ដរជាតិឆ្នាំនេះ រួមមានកីឡាករ លី សុវណ្ណ, រិនដា ម៉េងឡុង, កីឡាការិនី នរោត្តម អម្រិតា, ហ៊ុន ពេជមុន្នីវរលក្ខ័ណ៍, ស៊ុន ស៊ីមូនី និងកីឡាការិនី សុខ សិទ្ធកេស្នាឆវី។ បន្ថែមលើនេះ សហព័ន្ធក៏បានរៀបចំនូវក្រុមថ្នាល ដែលជាទំពាំងស្នងឬស្សី ធ្វើការប្រមូលផ្ដុំហ្វឹកហាត់ សម្រាប់ត្រៀមដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី នាឆ្នាំ២០៣១ និងការប្រកួតអន្ដរជាតិនានាផងដែរ។

ជាមួយគ្នា អ្នកស្រី Moguel Garcia Danniela ក្នុងនាមគ្រូបង្វឹក ដែលទើបមកដឹកនាំ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការយល់ដឹងពីកីឡាជិះសេះរបស់ធនធានកម្ពុជា គួបផ្សំជាមួយការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែង បន្ថែមលើការរៀបចំក្រុមគ្រូពេទ្យសេះជំនាញ និងការតាមដាន ក៏ដូចជាថែទាំងសុខភាពសេះ ដែលជាកត្ដាដើរស្របគ្នាបានល្អផង ដោយអ្នកស្រីរំពឹងថា កីឡាករ-កីឡាការិនីកម្ពុជា នឹងកាន់តែរីកចម្រើន និងទទួលបានលទ្ធផលល្អទៀតផង។

គ្រូបង្វឹកជនជាតិម៉ិកស៊ីកូ ដែលមានបទពិសោធន៍ជាង ៣៥ឆ្នាំក្នុងវិស័យកីឡាជិះសេះនេះ បានបង្ហាញសុទិដ្ឋិនិយមថា «ខ្ញុំពិតជាសប្បាយចិត្ត ដែលបានជួបកីឡាករ-កីឡាការិនីប្រកបដោយឆន្ទៈ ហើយខ្ញុំនឹងព្យាយាមចែករំលែកអ្វីដែលខ្ញុំមាន ដើម្បីជំរុញឲ្យពួកគេកាន់តែច្រើនទៅថ្ងៃអនាគត។ កីឡាករ-កីឡាការិនីទាំងអស់ ទទួលការហ្វឹកហាត់លឿន ច្បាស់លាស់ ជាអ្វីដែលខ្ញុំរំពឹងថា កីឡាករ-កីឡាការិនីទាំងអស់ នឹងទទួលបានលទ្ធផលល្អ និងមេដាយក្នុងស៊ីហ្គេមនាថ្ងៃអនាគត»៕