សាលាអាមេរិកាំងហ្គោលឌិនហ្គេត បណ្តុះស្មារតីសិស្សដែលជាយុវជនខ្មែរជំនាន់ក្រោយ ឱ្យចេះស្រឡាញ់ និងថែរក្សានូវវប្បធម៌ប្រពៃណីជាតិ តាមរយៈការរៀបចំទិវាវប្បធម៌ (Video inside)
06-04-2026 15:52
(ភ្នំពេញ)៖ សាលាអាមេរិកាំងហ្គោលឌិនហ្គេត (GGAS) នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦នេះ បានរៀបចំកម្មវិធីទិវាវប្បធម៌លើកទី៦ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងចូលរួមបណ្តុះស្មារតី សិស្សានុសិស្សដែលជាយុវជនខ្មែរជំនាន់ក្រោយ ឱ្យចេះស្រឡាញ់ និងថែរក្សានូវវប្បធម៌ប្រពៃណីជាតិទាំងអស់គ្នា។
កម្មវិធីនេះប្រព្រឹត្តិទៅក្រោមវត្តមាន ថ្នាក់ដឹកនាំសាលាអាមេរិកាំងហ្គោលឌិនហ្គេត មាតាបិតា អាណាព្យាបាលសិស្ស និងសិស្សានុសិស្សនៃសាលាអាមេរិកាំងហ្គោលឌិនហ្គេត យ៉ាងច្រើនកុះករ។
ក្នុងឱកាសនេះ លោកស្រី បួយ ប៊ុនថាន នាយិការងនៃ សាលាអាមេរិកាំងហ្គោលឌិនហ្គេត បានថ្លែងថា វត្តមានរបស់មាតាបិតា អាណាព្យាបាលសិស្សនាថ្ងៃនេះ គឺជាការចូលរួមចំណែកលើកស្ទួយវប្បធម៌ប្រពៃណី ទំនៀមទម្លាប់របស់ជាតិខ្មែរយើង និងរួមចំណែកអភិរក្សរបាំ ចម្រៀង ល្បែងប្រជាប្រិយ របស់ខ្មែរឲ្យបានកាន់តែល្អផងថែមទៀត។
លោកស្រីបន្ថែមថា សាលាអាមេរិកាំងហ្គោលឌិនហ្គេត មិនត្រឹមតែមានកម្មវិធីសិក្សាជាច្រើនដែលជួយសិស្សានុសិស្សឱ្យមានសមត្ថភាពចាប់យកឱកាសសិក្សា នៅថ្នាក់ឧត្តមសិក្សាទាំងក្នុង និងក្រៅប្រទេស តាមក្តីស្រម៉ៃរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែសាលា ក៏បណ្តុះស្មារតីសិស្ស ឱ្យស្រឡាញ់និងចូលរួមថែរក្សានូវវប្បធម៌ប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើង ពោលគឺសាលាខិតខំប្រឹងប្រែងស្រោចទឹកដាក់ជី បណ្ដុះបណ្ដាលទាំងចំណេះដឹង សីលធម៌ ដើម្បីក្លាយជាពលរដ្ឋល្អនាពេលអនាគត ដែលប្រទេសជាតិ ត្រូវការមិនអាចខ្វះបាន ពិសេសគឺជាបំណងប្រាថ្នារបស់លោកជាមាតាបិតាអ្នកអាណាព្យាបាលទាំងអស់។
ទិវាវប្បធម៌លើកទី៦ ដែលបានរៀបចំឡើងពេញមួយថ្ងៃនេះ មានសកម្មភាពសំខាន់ៗ ដូចជា ពីធីសូត្រមន្ត រាប់បាត និងពិធីស្រង់ព្រះ ការរាំលេងកម្សាន្តចង្វាក់ប្រពៃណីជាតិ ការលេងល្បែងប្រជាប្រិយ៍ និងការសម្តែងរបស់ប្អូនៗសិស្សានុសិស្ស។ ព្រមជាមួយគ្នានេះ ក៏មានរៀបចំការវេចនំអន្សម នំគម នំបត់ ដើម្បីឱ្យសិស្សានុសិស្ស អាណាព្យាបាលសិស្ស និងលោកគ្រូ អ្នកគ្រូ ចូលរួមវេចរួមគ្នា ដែលជាការបង្កើនភាពស្និត និងទំនាក់ទំនងល្អរវាងសាលា និងអាណាព្យាបាលផងដែរ។
លោកស្រី គង់ លក្ខិណា អាណាព្យាបាលសិស្ស ដែលបានមកចូលរួម ក្នុងទិវាវប្បធម៌លើកទី៦នៅថ្ងៃនេះ បានបង្ហាញការគាំទ្រ និងលើកទឹកចិត្តឱ្យមានការរៀបចំទិវាវប្បធម៌ និងបែបសកម្មភាពបែបនេះ ដើម្បីបង្ហាញដល់កូនខ្មែរជំនាន់ក្រោយឱ្យស្គាល់ពីវប្បធម៌ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ ក៏ដូចជានំចំណីខ្មែរ៕


















