ចេញហើយ! Zeekr 001 Anniversary Edition 2026 កម្លាំងខ្លាំងដល់ទៅ ៩២៥សេះ ស្ទុះលឿនដូចរន្ទះ និងរត់បានរាប់រយគីឡូម៉ែត្រ «៥ចំណុចពិសេស» ជាគូប្រជែង (Tesla/Porsche)

06-04-2026 17:08

(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីលំដាប់ខ្ពស់ Zeekr ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនយក្ស Geely បានប្រកាសដាក់បង្ហាញជាផ្លូវការនូវរថយន្តម៉ូឌែលពិសេសមានឈ្មោះថា «Zeekr 001 Anniversary Edition» ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍នៃការបង្កើតម៉ាកយីហោរបស់ខ្លួន ដែលមានចំណុចពិសេសជាងគេនោះ គឺមាន ៥ចំណុចមាន ឡូហ្គោពិសេស, ពណ៌ថ្មី, បន្ទះឈីបកម្លាំងខ្លាំងបំផុត (Ultra-Smart Cockpit), ប្រព័ន្ធថ្ម និងការសាកភ្លើង 800V Architecture, បច្ចេកវិទ្យា LiDAR និងការបើកបរស្វ័យប្រវត្តិ និងប្រព័ន្ធបូមខ្យល់ (Dual-Chamber Air Suspension) ។

យោងតាមទិន្នន័យបច្ចេកទេសចុងក្រោយដែលបានចុះផ្សាយសម្រាប់រថយន្ត Zeekr 001 Anniversary Edition (ស៊េរីឆ្នាំ ២០២៦) នេះ ចម្ងាយនៃការបើកបរត្រូវបានបែងចែកទៅតាមប្រភេទអាគុយ និងជម្រើសនៃប្រព័ន្ធម៉ូទ័រដែលចម្ងាយបើកបរអតិបរមា (Maximum Range) រថយន្តស៊េរីពិសេសនេះ ប្រើប្រាស់បច្ចេកវិទ្យាអាគុយជំនាន់ថ្មី Qilin Battery ពីក្រុមហ៊ុន CATL ដែលមានដង់ស៊ីតេថាមពលខ្ពស់ បំពាក់អាគុយទំហំ 100 kWh (ប្រភេទពេញនិយម) ដោយជម្រើសប៉ុងមួយ (RWD) អាចរត់បានចម្ងាយរហូតដល់ ៧៥០គីឡូម៉ែត្រ (ស្តង់ដារ CLTC)។

ហើយប៉ុងពីរ (AWD) អាចរត់បានចម្ងាយប្រហែល ៦៧៥ ទៅ ៧០៥គីឡូម៉ែត្រ (ស្តង់ដារ CLTC) ដោយសារការប្រើប្រាស់ថាមពលខ្លាំងជាងមុនដើម្បីបង្កើនល្បឿន ខណៈជម្រើសអាគុយយក្ស 140kWh (Ultra-Long Range) សម្រាប់ម៉ូឌែលពិសេសដែលបំពាក់អាគុយធំនេះ វាអាចរត់បានចម្ងាយរហូតដល់ទៅ ១,០៣២គីឡូម៉ែត្រ (ស្តង់ដារ CLTC) ដែលជាចម្ងាយឆ្ងាយបំផុតមួយក្នុងចំណោមរថយន្តអគ្គិសនីទូទាំងពិភពលោក។

ប្រព័ន្ធសាកភ្លើងដ៏អស្ចារ្យ (800V Architecture) អ្វីដែលធ្វើឱ្យចម្ងាយរត់នេះកាន់តែមានប្រសិទ្ធភាព គឺសមត្ថភាពសាកភ្លើងល្បឿនលឿនបំផុត ជាមួយការសាក ៥នាទី អាចធ្វើដំណើរបានបន្ថែមរហូតដល់ ២៥៦គីឡូម៉ែត្រ និងការសាកពី ១០% ទៅ ៨០% ប្រើពេលត្រឹមតែ ១៥នាទីប៉ុណ្ណោះ ដែលបំពាក់ជាមួយបន្ទះឈីប Ultra-fast charger ។

រថយន្តស៊េរីថ្មីដ័ពិសេស Zeekr 001 Anniversary ត្រូវបានរចនាឡើងយ៉ាងសម្រិតសម្រាំងបំផុត ដោយផ្អែកលើភាពជោគជ័យនៃម៉ូដែល Zeekr 001 កន្លងមក ប៉ុន្តែបន្ថែមនូវលក្ខណៈពិសេសដាច់គេជាច្រើនដូចខាងក្រោម៖

១៖ ការរចនាខាងក្រៅ និងពណ៌ផ្តាច់មុខ គឺ Zeekr 001 Anniversary Edition មកជាមួយជម្រើសពណ៌ថ្មីប្លែក ដែលមិនមាននៅលើស៊េរីធម្មតាឡើយ ហើយបើយោងតាមប្រភពពី CarNewsChina រថយន្តនេះមានការតុបតែងបន្ថែមនូវនិមិត្តសញ្ញាខួបអនុស្សាវរីយ៍ (Anniversary Badge) នៅផ្នែកចំហៀង និងផ្នែកខាងក្រោយនៃតួឡាន ដើម្បីបញ្ជាក់ពីតម្លៃនៃផលិតផលមានកំណត់ (Limited Edition)។

២៖ ផ្ទៃខាងក្នុងកម្រិត Premium លើសពីការរំពឹងទុក​ ម៉ូឌែលនេះត្រូវបានអាប់ដេតយ៉ាងខ្លាំង ដោយប្រើប្រាស់ស្បែកប្រភេទ Alcantara គុណភាពខ្ពស់ និងការរចនាថ្នេរដេរដោយដៃយ៉ាងផ្ចិតផ្ចង់ ហើយអ្វីដែលកាន់តែពិសេសនោះ គឺប្រព័ន្ធកម្សាន្ត និងអេក្រង់បញ្ជាត្រូវបានដំឡើងជំនាន់ចុងក្រោយ ដែលដំណើរការបានលឿន និងវៃឆ្លាតជាងមុន។

៣៖ បច្ចេកវិទ្យាបើកបរ និងសមត្ថភាពម៉ាស៊ីន Zeekr 001 Anniversary រថយន្តស៊េរីពិសេសនេះ នៅតែបន្តប្រើប្រាស់គ្រោងឆ្អឹងអគ្គិសនីកម្រិតខ្ពស់ ដែលអនុញ្ញាតឱ្យមានការសាកភ្លើងបានលឿនបំផុត (Ultra-fast charging) ដោយបន្ថែមពីនេះ គឺបំពាក់ប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ ADAS ត្រូវបានបន្ថែមមុខងារថ្មីៗជាច្រើន ដែលជួយឱ្យការបើកបរលើផ្លូវល្បឿនលឿនកាន់តែមានសុវត្ថិភាព និងកាត់បន្ថយការហត់នឿយរបស់អ្នកបើកបរ។

៤៖ សារៈសំខាន់នៃម៉ូឌែលថ្មីនេះក្នុងទីផ្សារ ដែលការបញ្ចេញម៉ូឌែលថ្មីសម្រាប់ខួបអនុស្សាវរីយ៍នេះ គឺជាយុទ្ធសាស្ត្រដ៏សំខាន់របស់ក្រុមហ៊ុន Zeekr ក្នុងការបង្ហាញពីភាពខ្លាំងនៃបច្ចេកវិទ្យាចិន ទៅកាន់ពិភពលោក ដោយគិតត្រឹមដើមឆ្នាំ ២០២៦ នេះ Zeekr បានក្លាយជាម៉ាករថយន្តអគ្គិសនីមួយ ដែលមានកំណើនលក់ខ្ពស់បំផុតក្នុងចំណោមរថយន្តលំដាប់បង្គួរ (High-end EV)។

៥៖ ប្រព័ន្ធបូមខ្យល់ (Dual-Chamber Air Suspension) ប្រព័ន្ធបូមខ្យល់នេះ អាចសម្រួលកម្ពស់ឡានបានតាមស្ថានភាពផ្លូវ អ្វីដែលពិសេសសម្រាប់ស៊េរីខួបអនុស្សាវរីយ៍នេះ គឺការកំណត់ (Tuning) បូមឱ្យមានភាពទន់ភ្លន់បែបឡានស៊េរីទំនើបផង និងមានភាពរឹងមាំបែបឡានស្ព័រផងលើស្តង់ដារ (Dynamic Comfort)។

សូមបញ្ជាក់ថា រថយន្ត Zeekr 001 Anniversary Edition នឹងចាប់ផ្តើមដាក់ឱ្យបញ្ជាទិញក្នុងចំនួនកំណត់នៅក្នុងទីផ្សារប្រទេសចិនជាមុនសិន មុននឹងឈានទៅដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិផ្សេងៗទៀត ខណៈក្រុមអ្នកវិភាគព្យាករណ៍ថា ម៉ូឌែលថ្មីនេះ នឹងក្លាយជាគោលដៅធំសម្រាប់អ្នកប្រមូលទិញរថយន្ត និងអ្នកដែលស្រឡាញ់បច្ចេកវិទ្យាថ្មីៗបែបរសនិយមសម័យថ្មី ៕