គ្រូបង្វឹក Arsenal ស្នើយកការឈឺចាប់ ប្រែក្លាយជាជ័យជម្នះពេលប្រឈមមុខនឹង Sporting បើកឆាក UCL រាត្រីនេះ
07-04-2026 09:59
(បរទេស)៖ លោក Mikel Arteta អ្នកចាត់ទូទៅក្លិប Arsenal បានរំលេចពីការឈឺចាប់នៅពាន FA Cup និង League Cup រដូវកាលនេះ ដើម្បីជាមេរៀន និងកម្លាំងចិត្ត ក្នុងការប្រឈមមុខនឹងម្ចាស់ផ្ទះ Sporting Lisbon រាត្រីនេះ បើកឆាកវគ្គ ៨ក្រុមចុងក្រោយពានរង្វាន់អឺរ៉ុប UEFA Champions League 2025-26។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ជំនួបធំសម្រាប់ជើងទី១ នៃវគ្គ ៨ក្រុមនៅប្រទេសព័រទុយហ្គាល់នាម៉ោង ២រំលងអាធ្រាត្រនេះ ជាអ្វីដែលកាំភ្លើងធំចង់ស្តារកិត្តិយសពីការឈឺចាប់ ក្រោមថ្វីជើងរបស់ Manchester City និង Southampton។
ទោះជាយ៉ាងណា ស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញខាងលើនេះ Arsenal បានបញ្ចប់ក្នុងតំណែងលេខ២ នៅ Premier League ៣សម័យកាលជាប់ៗគ្នាចុងក្រោយនេះ និងសល់តែពានលីគអង់គ្លេស និង UCL រដូវកាលនេះ ដែលត្រូវប្រជែង។
Arteta បានថ្លែងក្នុងសន្និសីទថា «ការលំបាកគ្រប់យ៉ាងពួកយើងមិនទាន់បានបញ្ចប់នៅឡើយទេរហូតមកទល់ពេលនេះ។ ពួកយើងពិតជាមានការឈឺចាប់ និងយកបទពិសោធន៍នេះ បំលែងជាមេរៀន ដើម្បីទទួលបានជ័យជម្នះវិញ»។
នៅចាំបានថា ក្រុមកាំភ្លើងធំមួយនេះពុំដែលឈ្នះពានធំណាមួយឡើយ គិតចាប់ពីឆ្នាំ២០២០ មក និងកំពុងនាំមុខដាច់ ៩ពិន្ទុផងដែរ ក្នុងតារាងពិន្ទុ Premier League រដូវកាលនេះ។ ពួកគេត្រូវប៉ះ Sporting ស្របពេល Real Madrid ស្វាគមន៍ Bayern Munich នាយប់នេះដូចគ្នា៕



