លឿនដូចចាក់សាំង! Toyota បង្ហាញបច្ចេកវិទ្យាថ្ម Solid-State ជំនាន់ថ្មីចាយពេល ៩នាទី អាចរត់បានប្រហែល ១,២០០គីឡូម៉ែត្រ តើបច្ចេកវិទ្យានេះអស្ចារ្យយ៉ាងណាខ្លះ?
07-04-2026 10:22
(ភ្នំពេញ)៖ ក្រុមហ៊ុនយក្សជប៉ុន Toyota បានកំពុងធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយៈការបង្ហាញពីរបកគំហើញក្នុងវិស័យបច្ចេកវិទ្យាថ្មជំនាន់ថ្មី ដែលអាចនឹងក្លាយជាចំណុចរបត់ដ៏សំខាន់សម្រាប់អនាគតរថយន្តអគ្គិសនី (EV)។ តើអ្វីទៅជាថ្ម Solid-State (ថ្មសភាពរឹង)? របកគំហើញថ្មីនេះ គឺបច្ចេកវិទ្យាថ្មីជាការវិវត្តចេញពីថ្ម Lithium-ion ដែលយើងកំពុងប្រើប្រាស់សព្វថ្ងៃ។
ចំណុចពិសេសនៃថ្ម Solid-State មានភាពខុសពីថ្មធម្មតាដែលមានផ្ទុកសារធាតុរាវ (Liquid Electrolyte) នៅខាងក្នុង ខណៈថ្ម Solid-State គឺប្រើប្រាស់សារធាតុរឹងវិញ ដែលផ្ដល់នូវអត្ថប្រយោជន៍លើសលប់រួមមាន៖
ទី១៖ សមត្ថភាពខ្ពស់ខ្លាំងអាចធ្វើដំណើរបានចម្ងាយរហូតដល់ ៧៤៥ ម៉ៃ (ប្រហែល ១,២០០គីឡូម៉ែត្រ) ក្នុងការសាកថ្មពេញតែម្ដង។
ទី២៖ ល្បឿនក្នុងការសាកថ្មដ៏អស្ចារ្យ ជាមួយការសាកថ្មពី ០ ទៅ ១០០% ប្រើពេលត្រឹមតែ ៩នាទីប៉ុណ្ណោះ គឺអាចមានល្បឿនប្រហាក់ប្រហែលនឹងការចូលចាក់សាំងរថយន្តធម្មតា។
ទី៣៖ សុវត្ថិភាពខ្ពស់បំផុតដោយសារមិនមានសារធាតុរាវ កាត់បន្ថយហានិភ័យនៃការឆេះ ឬផ្ទុះ សូម្បីតែស្ថិតក្នុងស្ថានភាពសីតុណ្ហភាពខ្ពស់។
ពាក់ព័ន្ធជាមួយដំណើរការផលិត និងការរំពឹងទុកលើទីផ្សារជាមួយរបកគំហើញថ្មីនេះ ទោះបីជាបច្ចេកវិទ្យានេះមើលទៅហាក់ដូចជាការសុបិនទុកក៏ដោយ ក៏ប៉ុន្តែលោកអ្នកត្រូវដឹងនូវចំណុចសំខាន់ៗមួយចំនួន ហើយការបញ្ចេញលក់ជំនាន់ទី១ ក្រុមហ៊ុន Toyota គ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងចន្លោះឆ្នាំ ២០២៧ ឬ ២០២៨ ខាងមុខនេះ។ គ្រាដែលបញ្ហាតម្លៃក្នុងដំណាក់កាលដំបូង រថយន្តដែលបំពាក់ថ្មប្រភេទនេះនឹងមានតម្លៃខ្ពស់ ដោយសារភាពស្មុគស្មាញនៃគ្រឿងបង្គុំផលិតកម្ម។
សូមជម្រាបផងថា ទីផ្សារប្រកួតប្រជែងសមាត្ថភាពថ្ម ក្រៅពីក្រុមហ៊ុន Toyota ក៏នៅមានក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀតដូចជា Samsung, QuantumScape និងក្រុមហ៊ុនផលិតថ្មឈានលំដាប់ខ្ពស់មួយចំនួននៅប្រទេសចិន ក៏កំពុងសម្រុកអភិវឌ្ឍដើម្បីដណ្ដើមទីផ្សារនេះដូចគ្នា ។
បញ្ជាក់ផងថា ថ្ម Solid-state ជំនាន់ដំបូងរបស់ Toyota (ឆ្នាំ ២០២៧-២០២៨) នឹងអាចជិះបាន ១,០០០គីឡូម៉ែត្រ និងសាកថ្មពី ១០%-៨០% ក្នុងពេលតែ ១០នាទីប៉ុណ្ណោះ ដែលវាខ្លាំងជាងថ្មស៊េរីខ្ពស់បំផុតនៅឆ្នាំ២០២៦ ដល់ទៅ ២០%។ ដោយឡែក សម្រាប់ជំនាន់ទី២ គឺអាចជិះបានរហូតដល់ជាង ១,២០០គីឡូម៉ែត្រ ប៉ុន្តែក្រុមហ៊ុនមិនទាន់កំណត់ថ្ងៃចេញលក់នៅឡើយទេ៕



