ក្រសួងមហាផ្ទៃ ប្រកាសរៀបចំព្រឹត្តិការណ៍កីឡាវាយសី ជើងឯកនគរបាលអាស៊ីអាគ្នេយ៍ លើកទី២ នាចុងខែឧសភា

07-04-2026 10:25

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានប្រកាសនឹងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយសី ជើងឯកនគរបាលអាស៊ីអាគ្នេយ៍ (Southeast Asia Police Badminton Championship) ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី២ ឆ្នាំ២០២៥ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៦-៣០ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនៅរាជធានីភ្នំពេញ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ព្រឹត្តិការណ៍នេះរៀបចំឡើង ដើម្បីចូលរួមលើកកម្ពស់វិស័យកីឡា រឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារជាដើម។ លើសពីនេះ ក្រសួងក៏បានអញ្ជើញបណ្ដាក្លិបកីឡាវាយសីយុវជន ជានគរបាលមកពីបណ្តាប្រទេសក្នុងតំបន់ចូលរួមប្រកួត ក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យកីឡាជាមួយក្លិបកីឡាវាយសី មកពីប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

តាមរយៈនេះ ក្រសួងមហាផ្ទៃបានជូនដំណឹងដល់អគ្គស្នងការ អគ្គលេខាធិការ អគ្គនាយក អគ្គធិការ និងអង្គភាពថ្នាក់ប្រហាក់ប្រហែលទាំងអស់ រៀបចំ និងត្រៀមក្រុមកីឡាវាយសី តាមអង្គភាពរបស់ខ្លួន ចុះឈ្មោះចូលរួមការប្រកួតនៅអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី១៥ ខែឧសភា ពោលគឺ ១០ថ្ងៃមុនការប្រកួតមកដល់។

សូមរំឮកថា ក្រសួងមហាផ្ទៃធ្លាប់បានរៀបចំព្រឹត្តិការណ៍កីឡាវាយសីលក្ខណៈមិត្តភាពកម្រិតតំបន់នេះម្ដងរួចមកហើយ កាលពីឆ្នាំ២០២៤ ដោយមានកីឡាករ-កីឡាការិនីវាយសី តាមបណ្ដាអង្គភាពចំណុះក្រសួងជាច្រើនចូលរួម ព្រមទាំងក្លិបកីឡាវាយសីតំណាងនគរបាលមកពី ៥ប្រទេសចូលរួមផងដែរ៕