Apple កំពុងជួបបញ្ហាវិស្វកម្ម អាចធ្វើឱ្យ iPhone អេក្រង់បត់ត្រូវពន្យារពេលបន្ថែមទៀត

07-04-2026 10:56

(បរទេស)៖ គម្រោងផលិត iPhone អេក្រង់បត់ដំបូងបង្អស់របស់ក្រុមហ៊ុន Apple កំពុងជួបបញ្ហារាំងស្ទះធំៗក្នុងដំណាក់កាលសាកល្បងផ្នែកវិស្វកម្ម។ យោងតាមការចុះផ្សាយពីសារព័ត៌មាន Nikkei Asia បានឱ្យដឹងថា បញ្ហានេះអាចនឹងធ្វើឱ្យកាលវិភាគផលិត និងការនាំចេញទូរសព្ទម៉ូដែលថ្មីនេះ ត្រូវពន្យារពេលយូរជាងការរំពឹងទុក។ នេះបើយោងតាមការចេញផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦។

របាយការណ៍ដដែលបានគូសបញ្ជាក់ថា បញ្ហាដែលកំពុងកើតឡើងមានភាពស្មុគស្មាញខ្លាំង និងត្រូវប្រើពេលយូរដើម្បីដោះស្រាយ។ ប្រភពពីផ្ទៃក្នុងបានបង្ហើបថា៖ «បញ្ហាជុំវិញការអភិវឌ្ឍផ្នែកវិស្វកម្មនៃ iPhone អេក្រង់បត់ គឺមានភាពស្មុគស្មាញជាងការរំពឹងទុក» ដែលជាហេតុធ្វើឱ្យ Apple ត្រូវបង្ខំចិត្តជូនដំណឹងទៅកាន់អ្នកផ្គត់ផ្គង់គ្រឿងបង្គុំ ឱ្យត្រៀមលក្ខណៈក្នុងការពន្យារពេលផលិត។

ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters ក៏បានបញ្ជាក់ផងដែរថា ខ្លួន «មិនទាន់អាចផ្ទៀងផ្ទាត់របាយការណ៍នេះភ្លាមៗបាននៅឡើយទេ» ហើយខាងក្រុមហ៊ុន Apple ផ្ទាល់ក៏មិនទាន់បានចេញមុខឆ្លើយតប ឬផ្តល់អត្ថាធិប្បាយជុំវិញព័ត៌មាននៃការយឺតយ៉ាវនេះដែរ។

ដូច្នេះសម្រាប់អ្នកគាំទ្រដែលកំពុងទន្ទឹងរង់ចាំ iPhone អេក្រង់បត់ ប្រហែលជាត្រូវបន្តតាមដានការអភិវឌ្ឍចុងក្រោយពី Apple ទៀត ខណៈដែលបច្ចេកវិទ្យាថ្មីនេះហាក់ដូចជាកំពុងស្ថិតក្នុងដំណាក់កាលដ៏តឹងតែងបំផុត៕