លោក Hodgson អតីតគ្រូបង្វឹកអង់គ្លេស ដឹកនាំក្លិប Bristol ឈ្នះ ២ប្រកួតជាប់គ្នា ក្នុងចំណោម ៧ប្រកួតនៅសល់
07-04-2026 11:04
(បរទេស)៖ អ្នកចាត់ការទូទៅចាស់វស្សា Roy Hodgson ដែលធ្លាប់ដឹកនាំក្រុមជម្រើសជាតិតោកំណាចអង់គ្លេស បានរួមចំណែកជួយ Bristol City រកបានជ័យជម្នះ ២លើកជាប់ៗគ្នាតែម្តង ក្នុងនាមគ្រូបង្វឹកស្តីទី។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ម្ចាស់ផ្ទះ Bristol បានយកឈ្នះគូប្រជែង Sheffield United ដោយលទ្ធផល ១ទល់នឹង០ កាលពីយប់មិញនេះ នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជាង ២ម៉ឺននាក់ និងជាជ័យជម្នះលើកទី២ ស្ថិតក្រោមការដឹកនាំរបស់លោក Hodgson ដែលមានវ័យ ៧៨ឆ្នាំទៅហើយនោះ។
តាមរយៈ ១គ្រាប់ជ័យជម្នះរបស់កីឡាករ Mark Sykes នៅកីឡដ្ឋាន Ashton Gate កាលពីរាត្រីថ្ងៃចន្ទនោះដែរ វាគឺជា ៣ពិន្ទុក្នុងផ្ទះលើកដំបូងនៃក្រុម Bristol គិតចាប់តាំងពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ មក។
ពួកគេបានឡើងទៅឈរនៅចំណាត់ថ្នាក់លេខរៀងទី១១ ក្នុងតារាងពិន្ទុ Championship ជាបណ្តោះអាសន្នវិញ និងឃ្លាតឆ្ងាយត្រឹមតែ ៧ពិន្ទុប៉ុណ្ណោះពីតំបន់លេងជម្រុះក្នុងចំណោម ៦ក្រុមជាមួយនឹង ៥ប្រកួតដែលនៅសល់ គ្រាដែល Sheffield ស្ថិតនៅលេខរៀងទី១៧។
Bristol City នឹងបន្តព្យាយាមរកជ័យជម្នះ ដើម្បីរក្សាកំណត់ត្រាឈ្នះ ១០០% របស់លោក Hodgson និងជាជ័យជម្នះ ៣លើកជាប់ៗគ្នាផងដែរនៅពេលធ្វើដំណើរទៅប៉ះម្ចាស់ផ្ទះ QPR និងជាលើកទី២ របស់ពួកគេដែរសម្រាប់រដូវកាលនេះប្រសិនបើធ្វើបានសម្រេចមែននោះ៕










