របកគំហើញថ្មី! ចិនអភិវឌ្ឍបានថ្ម Sodium-ion ជំនាន់ថ្មី ធន់នឹងកម្ដៅខ្លាំងដល់ ៣០០°C និងលែងមានបញ្ហាផ្ទុះឆេះ

07-04-2026 11:23

(បរទេស)៖ របកគំហើញថ្ម Sodium-ion ជំនាន់ថ្មី ដែលអាចធន់នឹងកម្ដៅខ្លាំងដល់ ៣០០°C និងលែងមានបញ្ហាផ្ទុះឆេះ គឺត្រូវបានរកឃើញដោយក្រុមអ្នកវិទ្យាសាស្ត្រមកពីបណ្ឌិតសភាវិទ្យាសាស្ត្រចិន (Chinese Academy of Sciences) ដឹកនាំដោយលោក Hu Yongsheng នៃវិទ្យាស្ថានរូបវិទ្យា។ ហើយជាលទ្ធផលនៃការស្រាវជ្រាវនេះត្រូវបានចុះផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រកម្រិតពិភពលោក Nature Energy កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០២៦។

ចំណុចគន្លឹះដែលធ្វើឱ្យថ្មនេះខុសពីថ្មធម្មតា គឺការប្រើប្រាស់សារធាតុរាវចម្លងអគ្គិសនី (Electrolyte) ប្រភេទថ្មីហៅថា PNE មានមុខងារពិសេស នៅពេលសីតុណ្ហភាពឡើងខ្ពស់លើសពី ១៥០°C សារធាតុរាវ PNE នឹងបំប្លែងខ្លួនទៅជាសភាពរឹងភ្លាមៗ ដោយមានស្រទាប់ការពារ ហើយការបំប្លែងខ្លួននេះបង្កើតបានជាស្រទាប់ការពារដ៏រឹងមាំមួយ ដែលជួយបញ្ឈប់រាល់ប្រតិកម្មគីមីដែលបង្កឱ្យមានការផ្ទុះឆេះ (Thermal Runaway)។

ជាលទ្ធផលនៃការធ្វើតេស្តដ៏គួរឱ្យរន្ធត់មួយរបស់ក្រុមអ្នកជំនាញបានយកថ្មទំហំកម្លាំង 3.5Ah មកធ្វើការសាកល្បង ដោយការចាក់ទម្លុះ (Nail Penetration) បានបង្ហាញថា ទោះបីជាយកដែកស្រួចចាក់ទម្លុះចំកណ្ដាលថ្ម ក៏វាមិនមានចេញផ្សែង មិនឆេះ និងមិនផ្ទុះឡើយ។ ជាមួយសម្ពាធកម្ដៅកម្រិតខ្ពស់ ថ្មនេះអាចទ្រាំទ្រកម្ដៅបានរហូតដល់ ៣០០°C ដោយមិនមានបញ្ហាអ្វីទាំងអស់ ខុសពីថ្មធម្មតាដែលនឹងអាចផ្ទុះឆេះនៅត្រឹមសីតុណ្ហភាពប្រហែល ១៥០°C ទៅ ២០០°C។

ពាក់ព័ន្ធសមត្ថភាពបច្ចេកទេស (Technical Specs) បើទោះបីជាផ្ដោតលើសុវត្ថិភាពខ្លាំង ក៏ប៉ុន្តែសមត្ថភាពរបស់ថ្មជំនាន់ថ្មីនេះនៅតែខ្ពស់គួរឱ្យកត់សម្គាល់ ដោយដង់ស៊ីតេថាមពល (Energy Density) នឹងឡើងដល់ ២១១Wh/kg (ខ្ពស់ប្រហាក់ប្រហែលនឹងថ្ម Lithium-ion មួយចំនួន)។ អាចដំណើរការបានលើសពី ៤.៣ វ៉ុល (4.3V)។ ជាមួយភាពធន់នឹងអាកាសធាតុ អាចដំណើរការបានយ៉ាងរលូនក្នុងសីតុណ្ហភាពត្រជាក់ខ្លាំង -៤០°C រហូតដល់ក្ដៅខ្លាំង ៦០°C។

យោងតាមការស្រាវជ្រាវថ្មនេះមានផលប្រយោជន៍សម្រាប់អនាគតនៃរថយន្តអគ្គិសនី (EV) ជាខ្លាំងដោយរបកគំហើញថ្ម Sodium-ion ប្រភេទថ្មីនេះនឹងនាំមកនូវការផ្លាស់ប្តូរធំៗចំនួន ៣៖

ទី១៖ ផ្តល់សុវត្ថិភាពដាច់គេ បំបាត់ការភ័យខ្លាចរឿងឡានអគ្គិសនីឆេះដោយឯកឯង ឬឆេះពេលមានគ្រោះថ្នាក់ចរាចរណ៍។

ទី២៖ វាមានតម្លៃធូរថ្លៃជាងសារធាតុដើមសូដ្យូមមានតម្លៃថោក និងសម្បូរជាង ថ្មលីចូម (Lithium) ដែលកំពុងឡើងថ្លៃ។

ទី៣៖ មានប្រសិទ្ធភាពគ្រប់កាលៈទេសៈ ជួយឱ្យរថយន្តអគ្គិសនីអាចប្រើប្រាស់បានគ្រប់តំបន់ មិនថាប្រទេសត្រជាក់ខ្លាំង ឬក្ដៅខ្លាំង។

សូមជម្រាបផងថា យោងតាមរបាយការណ៍របកគំហើញថ្មីនេះ គឺជាជំហានដ៏ធំមួយដែលនឹងធ្វើឱ្យរថយន្តអគ្គិសនីកាន់តែខិតជិតទៅរកភាពល្អឥតខ្ចោះ ទាំងផ្នែកតម្លៃ សុវត្ថិភាព និងសមត្ថភាពបើកបរ ៕