កីឡាបាល់ទាត់លើតុ រំពឹងកាន់តែរីកចម្រើន និងឈានទៅដណ្ដើមមេដាយជូនជាតិ ក្រោយមានការគាំទ្រពីឯកជន
07-04-2026 11:37
(ភ្នំពេញ)៖ លោក ម៉ក់ ចាន់ភិរុណ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា រំពឹងមានការអភិវឌ្ឍ និងរីកចម្រើនកាន់តែប្រសើរ ក្នុងដំណើរឆ្ពោះទៅប្រជែងមេដាយលើឆាកអន្ដរជាតិ បន្ទាប់ពីទទួលបានការឧបត្ថម្ភគាំទ្រពីវិស័យឯកជន។
ការបង្ហាញសុទិដ្ឋិនិយមនេះ បន្ទាប់ពីសហព័ន្ធបានចុះអនុស្សារណៈលើភាពជាដៃគូឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន CHN Sports នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ ដោយក្រុមហ៊ុននឹងផ្ដល់នូវសម្ភារៈផ្សេងៗ រួមទាំងគាំទ្រដល់ការរៀបចំការប្រកួតថ្នាក់ជាតិទៀតផង។
អគ្គលេខាធិការសហព័ន្ធខាងលើថា នេះគឺជាការបើកទំព័រថ្មីសម្រាប់សហព័ន្ធ ក្រោយកកើតតាំងពីឆ្នាំ២០២២ ដោយមានការគាំទ្រពីវិស័យឯកជន ដែលជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការចំណាយផ្សេងៗ ក៏ដូចជាជំរុញការអភិវឌ្ឍ ឆ្ពោះទៅរកមេដាយនាថ្ងៃអនាគត។
ទន្ទឹមជាមួយគ្នាតំណាងក្រុមហ៊ុនចិនខាងលើ លោក Liu Ru Bing ថា កម្ពុជា-ចិន គឺជាមិត្តដែកថែបនឹងគ្នា ហើយមានទំនាក់ទំនងជ្រាលជ្រៅយូរណាស់មកហើយ។ ហេតុនេះ ទើបលោកមកវិនិយោគនៅកម្ពុជា ក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍវិស័យកីឡា ពិសេសកីឡាបាល់ទាត់លើតុ លោកមិនត្រឹមគាំទ្រផ្នែកសម្ភារៈនោះទេ លោកក៏ត្រៀមនាំអ្នកជំនាញកម្រិតខ្ពស់មកជួយបណ្ដុះបណ្ដាលដល់គ្រូបង្វឹក ក៏ដូចជាកីឡាករ-កីឡាការិនីកម្ពុជាផងដែរ។
គួរដឹងថា ការចាប់ដៃគូដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យកីឡាបាល់ទាត់លើតុកម្ពុជានេះ ក៏មានការចូលរួមជាសក្ខីភាពពីលោក ញ៉ាន សុខវិសាល អគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយកិច្ចសហការនេះ ក៏ជាផលល្អមួយ សម្រាប់កីឡាបាល់ទាត់លើតុជម្រើសជាតិកម្ពុជា ដែលត្រៀមនឹងចូលរួមការប្រកួតកីឡាអាស៊ីឆ្នេរខ្សាច់ នៅប្រទេសចិន នាចុងខែមេសា ឆ្នាំ២០២៦ ទៀតផង៕








