សង្គ្រាម AI និងប្រាក់រូពីចុះថោក ដាក់សម្ពាធកាន់តែធ្ងន់ លើសេវាកម្មបច្ចេកវិទ្យាឥណ្ឌា
07-04-2026 14:25
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានខ្នាតយក្សរបស់ឥណ្ឌា ត្រូវបានគេរំពឹងថានឹងបង្ហាញរបាយការណ៍ហិរញ្ញវត្ថុក្នុងត្រីមាសទី៤ ដែលមានសភាពស្ងប់ស្ងាត់ និងមិនសូវមានកំណើន។ កត្តានេះកើតឡើងដោយសារតែឥទ្ធិពលនៃភូមិសាស្ត្រនយោបាយសកល ការផ្លាស់ប្តូរយ៉ាងលឿននៃបច្ចេកវិទ្យា AI និងតម្លៃប្រាក់រូពីដែលកំពុងធ្លាក់ចុះ។
យោងតាមការវិភាគពីអ្នកជំនាញទីផ្សារ ក្រុមហ៊ុនធំៗដូចជា TCS, Infosys និង Wipro បានឲ្យដឹងថា ការកាត់បន្ថយការចំណាយលើគម្រោងមិនចាំបាច់ (Discretionary Spending) ពីសំណាក់អតិថិជននៅសហរដ្ឋអាមេរិក និងអឺរ៉ុប ជាមូលហេតុចម្បងនៃបញ្ហ។ ជម្លោះដែលកំពុងបន្តនៅតំបន់មជ្ឈិមបូព៌ា និងអ៊ុយក្រែន បានធ្វើឱ្យអតិថិជនអន្តរជាតិមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការវិនិយោគលើគម្រោង IT ថ្មីៗ។ អត្រាការប្រាក់ខ្ពស់ និងអតិផរណានៅបណ្តាប្រទេសលោកខាងលិច នៅតែបន្តដាក់សម្ពាធលើថវិកាសម្រាប់សេវាកម្មបច្ចេកវិទ្យា ក៏ជាបញ្ហាចម្បងផងដែរ។
អ្វីដែលជាចំណុចគួរឱ្យកត់សម្គាល់បំផុតនោះគឺ «សង្គ្រាម AI»។ ខណៈដែលបញ្ហាសិប្បនិម្មិត (Generative AI) កំពុងរីកចម្រើនយ៉ាងរហ័ស ក្រុមហ៊ុន IT ឥណ្ឌាត្រូវបានបង្ខំឱ្យធ្វើការវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីបណ្តុះបណ្តាលបុគ្គលិកឡើងវិញ និងកែប្រែរចនាសម្ព័ន្ធសេវាកម្មរបស់ពួកគេ។
អ្នកវិភាគបានលើកឡើងថា «មានការបារម្ភថា បច្ចេកវិទ្យា AI អាចនឹងជំនួសការងារសេវាកម្មកម្រិតទាប ដែលជាឆ្នាំងបាយដ៏ធំរបស់ក្រុមហ៊ុនឥណ្ឌា បើសិនជាពួកគេមិនអាចផ្លាស់ប្តូរខ្លួនឯងឱ្យទាន់សភាពការណ៍បានទេនោះ»។
ទោះបីជាប្រាក់រូពី (Rupee) ធ្លាក់ចុះតម្លៃ ជាទូទៅផ្តល់ផលចំណេញដល់ក្រុមហ៊ុននាំចេញ ប៉ុន្តែសម្រាប់ពេលនេះ វាមិនបានជួយជ្រោមជ្រែងបានច្រើននោះទេ។ ការប្រែប្រួលខ្លាំងនៃតម្លៃរូបិយប័ណ្ណ បានធ្វើឱ្យការគ្រប់គ្រងចំណាយ និងការកំណត់តម្លៃកិច្ចសន្យាថ្មីៗមានភាពស្មុគស្មាញ និងប៉ះពាល់ដល់រឹមប្រាក់ចំណេញ (Margins) របស់ក្រុមហ៊ុន៕











