Real លេងមិនចាញ់ Bayern សោះ ក្នុងចំណោម ៤ប្រកួតនៅ UCL ក្នុងកីឡដ្ឋាន Bernabeu

07-04-2026 15:28

(ម៉ាឌ្រីដ)៖ Real Madrid មិនដែលរងបរាជ័យឡើយក្រោមថ្វីជើងរបស់ Bayern Munich ពីប្រវត្តិជួបគ្នា ៤លើកចុងក្រោយនេះក្នុងកីឡដ្ឋាន Santiago Bernabeu របស់ខ្លួន នៃកម្មវិធីពានរង្វាន់អឺរ៉ុប UEFA Champions League។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រុមអធិរាជសមួយនេះ នឹងបើកទ្វារកីឡដ្ឋានរបស់ខ្លួនដែលស្ថិតក្នុងរដ្ឋធានី Madrid នៃប្រទេសអេស្ប៉ាញ ដើម្បីទទួលក្រុមមកពីអាល្លឺម៉ង់ Bayern Munich នាម៉ោង ២រំលងអាធ្រាត្រនេះ ឈានចូលថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២៦ សម្រាប់ជើងទី១ វគ្គ ៨ក្រុមចុងក្រោយ។

ប្រវត្តិជួបគ្នា ៤លើកចុងក្រោយនៅទឹកដីអេស្ប៉ាញ ក្រុមលេងនៅក្របខណ្ឌ La Liga បានយកឈ្នះ Bayern មកពី Bundesliga ចំនួន ៣លើក និងស្មើ ២-២ ពីក្នុងវគ្គចាញ់ធ្លាក់ទាំងអស់។

Real ជាអតីតម្ចាស់ជើងឯក UCL ចំនួន ១៥សម័យកាលច្រើនជាងគេ និងឈ្នះចុងក្រោយកាលឆ្នាំ២០២៤ នៅពេលផ្តួលក្រុមរបស់អាល្លឹម៉ង់ដូចគ្នាគឺ Borussia Dortmund ដោយលទ្ធផល ២ទល់នឹង០ នៅកីឡដ្ឋានជាតិអង់គ្លេស Wembley ក្រោយពេលក្រុមខ្លារខិន Bayern យកឈ្នះ Paris Saint Germain ១-០ នៃវគ្គផ្តាច់ព្រ័ត្រកាលឆ្នាំ២០២០។

ភាគីខាងម្ចាស់ផ្ទះពុំមានកីឡាករធំដុំណាមួយរបួសឡើយ ពោលគឺ Vinicius Jr និង Mbappe សុទ្ធតែអាចលេងបាននា យប់នេះ លើកលែងតែខ្សែប្រយុទ្ធស្នូល Harry Kane ក្រុមរបស់លោក Vincent Kompany កំពុងស្ថិតក្នុងភាពស្រពិចប្រពិល ដែលមានបញ្ហារបួសកជើង ដ្បិតបានបង្ហាញវត្តមានហ្វឹកហាត់កាលពីថ្ងៃចន្ទក៏ដោយ។

ប្រធានក្រុមតោកំណាចអង់គ្លេស វ័យ ៣២ឆ្នាំរូបនេះបានអវត្តមានពេល Bayern យកឈ្នះ Freiburg ៣-២ ក្នុងលីគ និងបន្តខកខានទៀតពេល ពេលអង់គ្លេសប្រកួតមិត្តភាពអន្តរជាតិទល់នឹងជប៉ុនដែលបានចាញ់ ១-០ នៅ Wembley ថែមទៀត៕