ប្រធាននាយកប្រតិបត្តិ Air Asia Cambodia បង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្ត្រសម្រាប់សហគ្រិនកម្ពុជា ក្នុងការឆ្ពោះទៅរកកំណើនប្រកបដោយចីរភាព ក្នុងមហាសន្និបាតជាតិ YEAC ឆ្នាំ២០២៦
07-04-2026 21:44
(ភ្នំពេញ)៖ លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងមហាសន្និបាតជាតិសមាគមសហគ្រិនវ័យក្មេកម្ពុជា (YEAC National Convention 2026)ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចជាច្រើនរូប។
ក្នុងមហាសន្និបាតនោះ លោក វិស្សុត បានចែករំលែកនូវចក្ខុវិស័យសម្រាប់អនាគតនៃវិស័យធុរកិច្ចកម្ពុជាដោយផ្ដល់អនុសាសន៍ឱ្យសហគ្រិនផ្លាស់ប្តូរឥរិយាបថពី «អ្នកតស៊ូត្រឹមតែដើម្បីរស់(Survivor)» ដែលផ្តោតតែលើប្រតិបត្តិការប្រចាំថ្ងៃទៅជា«អ្នកស្ថាបនា (Architects)» ដែលជាអ្នករៀបចំគម្រោងនិងមានឥទ្ធិពលយ៉ាងសកម្ម ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចក្នុងតំបន់ឱ្យកាន់តែទូលំទូលាយ។
ក្នុងបទបង្ហាញក្រោមប្រធានបទ «ការកសាងអាជីវកម្មក្នុងស្ថានភាពលំបាក៖ របៀបដែលសហគ្រិនអាចរៀបចំប្រព័ន្ធសេដ្ឋកិច្ច» លោក ណម វិស្សុត បានពិភាក្សាយ៉ាងស៊ីជម្រៅអំពីបញ្ហាប្រឈមជាក់ស្តែងនៃប្រតិបត្តិការអាជីវកម្មក្នុងទីផ្សារកំពុងអភិវឌ្ឍ។ លោកបានណែនាំនូវគោលការណ៍ «ការគិតជាពីរបែប(DualThinking)» ដែលជាសមត្ថភាពដ៏សំខាន់ក្នុងការផ្ដោតលើប្រាក់ចំណេញផងការយល់ដឹងពីប្រព័ន្ធច្បាប់និងសេដ្ឋកិច្ចក្នុងតំបន់ផង។ លោកបានសង្កត់ធ្ងន់ថា ដើម្បីឱ្យអាជីវកម្មកម្ពុជារីកចម្រើនប្រកបដោយចីរភាពសហគ្រិនត្រូវផ្តោតសំខាន់លើជំនាញឯកទេសច្បាស់លាស់ជាមួយនឹងនិរន្តរភាពរយៈពេលវែងជាជាងការពង្រីកខ្លួនឱ្យធំក្នុងរយៈពេលខ្លីប៉ុន្ដែខ្វះមូលដ្ឋានគ្រឹះរឹងមាំ។
មហាសន្និបាតនេះក៏ជាវេទិកាដ៏សំខាន់សម្រាប់ការចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ(MoC)រវាង AirAsia-Cambodia និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC) ផងដែរ។
តាមរយៈភាពជាដៃគូនេះនឹងបើកផ្លូវឱ្យសហគ្រិនក្នុងស្រុកទទួលបានបណ្តាញទំនាក់ទំនង និងធនធានក្នុងតំបន់ឱ្យកាន់តែសម្បូរបែប ដែលផ្តោតសំខាន់លើការជួយជ្រោមជ្រែងដល់សហគ្រាសធុនតូចនិងមធ្យម(SMEs) ឱ្យមានលទ្ធភាពពេញលេញក្នុងការប្រកួតប្រជែងលើទីផ្សារអាស៊ាន។
វេទិកានេះ ក៏បានបង្ហាញនូវសមិទ្ធផលជាតិសំខាន់ៗជាច្រើនរួមមានការដាក់ឱ្យដំណើរការកម្មវិធី “លទ្ធភាពទទួលបាន
ហិរញ្ញប្បទានលើកទី៥» ក្រោមអធិបតីភាពលោកស្រី បណ្ឌិតជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងពិធីប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាម ចំនួន២០០រូប ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលកម្មវិធីឌីជីថលសម្រាប់សហគ្រាស
ធុនតូចបំផុតតូចនិងមធ្យម ក្រោមអធិបតីភាព លោកបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ជាកិច្ចបញ្ចប់ពិធីផ្ទេរតំណែងប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សម្រាប់អាណត្តិឆ្នាំ២០២៧-២០២៩ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី។
ដើម្បីឆ្លុះបញ្ចាំងពីការរក្សានិរន្តរភាពនៃការប្រកួតប្រជែងលោក វិស្សុត បានគូសបញ្ជាក់ថា ភាពជោគជ័យមិនមែន
កើតឡើងត្រឹមតែពីទេពកោសល្យពីកំណើតឬមហិច្ឆតានោះទេ។ លោកបានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំលើគោលការណ៍គ្រឹះសំខាន់ៗទាំង៤រួមមាន៖ ការហ្វឹកហាត់ដ៏ច្បាស់លាស់ដើម្បីទទួលបានសមត្ថភាពពិតប្រាកដ, សមត្ថភាពឆ្លងកាត់ឧបសគ្គប្រកបដោយភាពធន់, ការផ្លាស់ប្តូរទម្លាប់ ដើម្បីទទួលបានបំណិនជីវិតដែលមានវិន័យនិងរបៀបគិតដែលបត់បែនគ្រប់កាលៈទេសៈ។
លោក វិស្សុត បានបញ្ចប់បទបង្ហាញនេះដោយលើកឡើងថា អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MoC) ជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា គឺតំណាងឱ្យជំហានអនុវត្តដ៏សំខាន់មួយក្នុងការជួយលើកកម្ពស់សមត្ថភាពសហគ្រិនក្នុងស្រុកឱ្យអភិវឌ្ឍជំនាញសំខាន់ៗទាំងនេះបានហើយលោកក៏បានរំលឹកបន្ថែមថា «អ្នកដឹកនាំដែលបោះបង់នៅពេលប្រឈមបញ្ហាដំបូងនឹងមិនអាចរៀនពីរបៀបគ្រប់គ្រងនិងឈានទៅរកជោគជ័យបានឡើយ»។
កិច្ចសហការនេះគឺជាការប្ដេជ្ញាចិត្តរួមក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចឱ្យកាន់តែមានភាពធន់មានសមាហរណកម្មឌីជីថលនិងមានសមត្ថភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់ដើម្បីអនាគតនៃប្រទេសកម្ពុជា៕



