Intel ប្រកាសចូលរួមក្នុងគម្រោងផលិតឈីបខ្នាតយក្ស «Terafab» របស់ Elon Musk ដើម្បីពង្រឹងវិស័យ AI និងរ៉ូបូត

08-04-2026 09:32

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Intel បានប្រកាសជាផ្លូវការនៅថ្ងៃអង្គារសប្តាហ៍នេះថា ខ្លួននឹងចូលរួមក្នុងគម្រោងផលិតឈីប AI ខ្នាតយក្សដែលមានឈ្មោះថា «Terafab» របស់លោក Elon Musk។ កិច្ចសហការនេះនឹងមានការចូលរួមពីក្រុមហ៊ុនធំៗផ្សេងទៀតរបស់លោក Musk រួមមាន Tesla, SpaceX និងក្រុមហ៊ុនបញ្ញាសិប្បនិម្មិត xAI ផងដែរ។

គម្រោងដែលនឹងត្រូវសាងសង់នៅក្នុងទីក្រុង Austin រដ្ឋតិចសាស់នេះ មានគោលដៅបង្កើតរោងចក្រផលិតឈីបដ៏ទំនើបចំនួនពីរ៖​ រោងចក្រទី១ ផ្តោតលើការផលិតឈីបសម្រាប់រថយន្តបើកបរស្វ័យប្រវត្តិ និងរ៉ូបូតដែលមានរូបរាងដូចមនុស្ស (Humanoid Robots/Optimus)។ រោងចក្រទី២ រចនាឡើងជាពិសេសសម្រាប់មជ្ឈមណ្ឌលទិន្នន័យ (Data Centers) និងកម្មវិធី AI ក្នុងលំហអាកាស។

Intel បានបញ្ជាក់តាមរយៈបណ្តាញសង្គម X ថា សមត្ថភាពរបស់ខ្លួនក្នុងការរចនា, ការផលិត និងការវេចខ្ចប់ឈីបកម្រិតខ្ពស់ (Advanced Packaging) នឹងជួយពន្លឿនគោលដៅរបស់ Terafab ក្នុងការផលិតថាមពលកុំព្យូទ័រឱ្យបានដល់ 1 Terawatt ក្នុងមួយឆ្នាំ ដើម្បីគាំទ្រដល់ការវិវឌ្ឍនៃបច្ចេកវិទ្យា AI នាពេលអនាគត។ ក្រោយការប្រកាសព័ត៌មាននេះ តម្លៃភាគហ៊ុនរបស់ Intel (INTC) បានកើនឡើងប្រហែល ២% ភ្លាមៗ។ អ្នកវិភាគយល់ឃើញថា នេះគឺជាជំហានដ៏សំខាន់សម្រាប់ Intel ក្នុងការដណ្តើមយកចំណែកទីផ្សារឈីប AI មកវិញ និងជាទំនុកចិត្តមួយដែលលោក Elon Musk ផ្តល់ឱ្យទៅលើសង្វាក់ផលិតកម្មដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក។

គួរបញ្ជាក់ផងដែរថា លោក Elon Musk ធ្លាប់បានបង្ហើបកាលពីប៉ុន្មានខែមុនថា លោកចង់សហការជាមួយ Intel ព្រោះតម្រូវការឈីបសម្រាប់គម្រោងបច្ចេកវិទ្យារបស់លោកមានទំហំធំធេងពេក ដែលក្រុមហ៊ុនផ្គត់ផ្គង់បច្ចុប្បន្នមិនអាចបំពេញតាមតម្រូវការបានឡើយ៕