កីឡាករចាំទីល្អបំផុតលើលោក? Raya រួមចំណែកជួយ Arsenal យកឈ្នះម្ចាស់ផ្ទះ Sporting នៅ UCL

08-04-2026 09:40

(បរទេស)៖ នៅក្នុងក្រសែភ្នែកនៃមិត្តរួមក្រុម Arsenal បានចាត់ទុកថា កីឡាករចាំទី David Raya គឺជាអ្នកចាំទីល្អបំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ តាមរយៈជួយជ្រោមជ្រែងក្រុមកាំភ្លើងធំយកឈ្នះម្ចាស់ផ្ទះ Sporting CP ១ទល់នឹង០ នាយប់មិញនេះ សម្រាប់ជើងទី១ នៃវគ្គ ៨ក្រុមពានរង្វាន់អឺរ៉ុប UEFA Champions League 2025-26។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករអន្តរជាតិអេស្ប៉ាញរូបនេះ មិនរបូតគ្រាប់បាល់ (clean sheet) ចំនួន ៧លើកមកហើយ ក្នុងកម្មវិធីអឺរ៉ុបនារដូវកាលនេះ។

Raya បានធ្វើការសង្រ្គោះបាល់ដ៏អស្ចារ្យ ៤លើកនាយប់មិញនៅប្រទេសព័រទុយហ្គាល់ ពេលប្រឈមមុខនឹងម្ចាស់ផ្ទះ Sporting គ្រាដែលខ្សែប្រយុទ្ធអាល្លឺម៉ង់ Kai Havertz ជាអ្នកធ្វើបានគ្រាប់ជ័យជម្នះចុងម៉ោង ១-០។

រូបគេបានរួមចំណែកជួយក្រុមកាំភ្លើងធំ Arsenal ឈរទីកំពូលតារាងលីគអង់គ្លេស Premier League យ៉ាងរឹងមាំ រួមទាំង UCL សម្រាប់រដូវកាលនេះទៀតផង នៅពេលធ្វើបាន clean sheet ២២លើក ក្នុងចំណោមចូលលេងសរុប ៤១ប្រកួតគ្រប់កម្មវិធីឯណោះ។

Arsenal របស់លោក Mikel Arteta នឹងបើកទ្វារកីឡដ្ឋាន Emirates ដែលស្ថិតក្នុងទីក្រុង London របស់ខ្លួន ដើម្បីទទួលក្រុម Sporting នារាត្រីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ចំថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ ដើម្បីកាត់សេចក្តី ប្រជែងកៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL៕