U17 កម្ពុជា ចេញទៅប្រកួតជើងឯកយុវជនអាស៊ាន នៅឥណ្ឌូនេស៊ី ដែលត្រូវប្រឈមមុខនឹងសិង្ហបុរីមុនគេ
08-04-2026 10:03
(ភ្នំពេញ)៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៧ឆ្នាំកម្ពុជា បានធ្វើដំណើរទៅប្រទេសឥណ្ឌូនេស៊ីហើយ នៅព្រឹកថ្ងៃទី០៨ ខែមេសានេះ ដើម្បីចូលរួមការប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុ ក្រោមអាយុ ១៧ឆ្នាំ (ASEAN U-17 Boys' Championship) ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-២៤ ខែមេសា ឆ្នាំ២០២៦ ខាងមុខ។
បេសកកម្មនេះធ្វើឡើង ២ថ្ងៃក្រោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាករ ២៣នាក់ចុងក្រោយ ដែលត្រៀមប្រជែងពានយុវជនប្រចាំតំបន់ខាងលើ ក្នុងនោះមានកីឡាករយុវជនវិសាខា ៩រូប, សាលាបាល់ទាត់ជាតិបាទី ៦រូប, ភ្នំពេញក្រោន ៣រូប, កងយោធពលខេមរភូមិន្ទ ២រូប និង ៣រូបទៀត ជាកីឡាករយុវជនក្លិបអង្គរថាយហ្គឺរ, ISI ដង្កោសែនជ័យ និងសៀមរាប យូណាយធីត ដែលដឹកនាំដោយលោក ខែក ខេមរិន្ទ ជាគ្រូបង្វឹក។
សម្រាប់ការប្រកួតជើងឯកយុវជន U17 ប្រចាំតំបន់អាស៊ានឆ្នាំនេះ គឺមាន ១២ក្រុមចូលរួម និងបែងចែកជា ៣ពូល ក្នុងនោះក្រុមគោព្រៃជំទង់កម្ពុជា ស្ថិតក្នុងពូល C ជាមួយក្រុមការពារជើងឯកអូស្ដ្រាលី, សិង្ហបុរី និងប្រ៊ុយណេ ខណៈពូល A មានម្ចាស់ផ្ទះឥណ្ឌូនេស៊ី វៀតណាម ម៉ាឡេស៊ី និងទីម័រខាងកើត ហើយពូល B វិញមានហ្វីលីពីន ថៃ ឡាវ និងមីយ៉ាន់ម៉ា។
សម្រាប់ការប្រកួតដំបូងរបស់ក្រុម U17 កម្ពុជា នឹងត្រូវជួបសិង្ហបុរីមុនគេ នាថ្ងៃទី១១ ខែមេសាចុងសប្ដាហ៍នេះតែម្តង៕






