មហាអំណាចបច្ចេកវិទ្យារួមកម្លាំងគ្នា បង្កើតអាវុធ AI ប្រឆាំងពួក Hacker
08-04-2026 10:06
(បរទេស)៖ ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត Anthropic ដែលមានការគាំទ្រពី Amazon និង Google បានប្រកាសដាក់ឱ្យប្រើប្រាស់គម្រោងថ្មីមួយមានឈ្មោះថា «Project Glasswing»។ គម្រោងនេះមានគោលបំណងប្រើប្រាស់សមត្ថភាព AI កម្រិតខ្ពស់ ដើម្បីស្វែងរក និងជួសជុលចន្លោះប្រហោងនៃប្រព័ន្ធសុវត្ថិភាពក្នុងសូហ្វវែរ (Software Vulnerabilities) មុនពេលពួក Hacker អាចវាយប្រហារបាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦។
អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ Anthropic បានប្រមូលផ្តុំក្រុមហ៊ុនបច្ចេកវិទ្យាយក្សជាច្រើនឱ្យមកសហការគ្នារួមមាន៖
* Apple, Microsoft, Google និង Amazon
* Nvidia និង Broadcom (ក្រុមហ៊ុនផលិតឈីប)
* CrowdStrike និង Palo Alto Networks (ក្រុមហ៊ុនសន្តិសុខសាយប័រ)
* Cisco និង JPMorganChase
ក្នុងគម្រោងនេះ Anthropic បានណែនាំម៉ូឌែល AI ថ្មីដែលមានឈ្មោះថា Claude Mythos Preview។ យោងតាមក្រុមហ៊ុន ម៉ូឌែលនេះមានសមត្ថភាពខ្លាំងក្នុងការវិភាគកូដ និងស្វែងរកចន្លោះប្រហោងដែលមនុស្សអាចមើលរំលង។ ដោយសារតែវាមានសមត្ថភាព «គ្រោះថ្នាក់» (អាចយកទៅប្រើក្នុងផ្លូវអាក្រក់បាន ប្រសិនបើធ្លាក់ទៅក្នុងដៃ Hacker) Anthropic សម្រេច មិនទាន់បញ្ចេញឱ្យសាធារណជនប្រើប្រាស់ទូទៅឡើយពោលគឺផ្តល់សិទ្ធិឱ្យប្រើប្រាស់តែក្នុងចំណោមដៃគូសហការប្រហែល ៤០ ស្ថាប័នប៉ុណ្ណោះ សម្រាប់គោលដៅការពារ (Defensive purpose)។
ដើម្បីជំរុញគម្រោងនេះឱ្យជោគជ័យ Anthropic បានប្រកាសផ្ដល់ ១០០លានដុល្លារ ជាកញ្ចប់ឥណទាន (Usage credits) សម្រាប់ប្រើប្រាស់ម៉ូឌែល Mythos ដល់ដៃគូសហការ។ ៤លានដុល្លារ ជាការបរិច្ចាគដោយផ្ទាល់ទៅកាន់ស្ថាប័នសន្តិសុខ Open-source ដើម្បីជួយជួសជុលប្រព័ន្ធសូហ្វវែរដែលពិភពលោកកំពុងប្រើប្រាស់រួមគ្នា។
គួរជម្រាបថា បច្ចុប្បន្នមានការព្រួយបារម្ភកាន់តែខ្លាំងថា AI អាចនឹងត្រូវ Hacker ប្រើប្រាស់ដើម្បីបង្កើតមេរោគ ឬវាយប្រហារប្រព័ន្ធបច្ចេកវិទ្យាកាន់តែស្មុគស្មាញ។ លោក Elia Zaitsev ប្រធានផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន CrowdStrike បានលើកឡើងថា «Project Glasswing» គឺជាជំហានបន្ទាន់មួយដែលអ្នកការពារ (Defenders) ត្រូវតែប្រើប្រាស់ AI ឱ្យបានមុន និងមានប្រសិទ្ធភាពជាងពួកអ្នកវាយប្រហារ៕











