អេស្ប៉ាញ នឹងទទួលបាន ៥កៅអីស្វ័យប្រវត្តិនៅ UCL រដូវកាលក្រោយ ប្រសិនបើ Real អាចទម្លាក់ Bayern ក្នុងជើងទី២

08-04-2026 10:42

(បរទេស)៖ ក្របខណ្ឌលីគកំពូល La Liga របស់ប្រទេសអេស្ប៉ាញ នឹងទទួលបាន ៥កៅអីលេងនៅពានរង្វាន់អឺរ៉ុប UEFA Champions League 2026-27 ប្រសិនបើក្រុម Real Madrid អាចទម្លាក់ជើងខ្លាំង Bayern Munich ក្នុងជើងទី២ នៃវគ្គ ៨ក្រុមចុងក្រោយនាសប្តាហ៍ក្រោយ។

នេះមានន័យថា អេស្ប៉ាញត្រូវពឹងលើ ៩០នាទីទៅលើ Real នៅទីក្រុងម៉ូនិច ប្រទេសអាល្លឺម៉ង់សម្រាប់ជើងទី២ UCL 2025-26 ក្រោយពេលអតីតម្ចាស់ជើងឯកពានអឺរ៉ុប ១៥សម័យកាលមួយនេះ បានចាញ់ក្រុមភ្ញៀវ Bayern ២ទល់នឹង១ កាលពីយប់ថ្ងៃអង្គារ ទី០៧ ខែមេសា ក្នុងកីឡដ្ឋាន Santiago Bernabeu ស្ថិតក្នុងទីក្រុង Madrid។

ទោះជាយ៉ាងណា ក្រុមអធិរាជសមួយនេះដាច់ខាតត្រូវរកឱ្យបាន ១គ្រាប់ជ័យជម្នះក្នុង ៩០នាទីនៅកីឡដ្ឋាន Allianz Arena ដើម្បីចរចា និងមានឱកាសលេងម៉ោងថែម ១៥នាទី ២ដង ដ្បិតច្បាប់គ្រាប់បាល់ក្រៅដី (away goal) ត្រូវបានលុបចោលហើយ។

សម្រាប់ UCL ដែលបានឈានមកដល់វគ្គ ៨ក្រុមរដូវកាលនេះ អេស្ប៉ាញមាន ៣ក្រុម FC Barcelona, Atletico និង Real Madrid បានឈានមកវគ្គជ្រៅនេះ ហើយប្រសិនបើ Real អាចឆ្លងផុតវគ្គនេះទៀត វារឹតតែធ្វើឱ្យអេស្ប៉ាញទទួលបាន ៥កៅអីសម្រាប់រដូវកាលក្រោយ ដូចដែល Premier League របស់អង់គ្លេសធ្លាប់ធ្វើបានរួចមកហើយ។

បើយោងតាមការចេញផ្សាយដោយ AS បានបញ្ជាក់ថា បច្ចុប្បន្នអេស្ប៉ាញមាន ២០,២៨១ពិន្ទុ គ្រាដែលអាល្លឺម៉ង់មាន ១៩,៤២៨ពិន្ទុ នៅក្នុងតារាងចំណាត់ថ្នាក់របស់ UEFA។ ជំនួបកាត់ក្តីជើងទី២ នៃវគ្គ ៨ក្រុមចុងក្រោយ UCL រវាង Real និងក្រុមខ្លារខិន Bayern ធ្វើឡើងនាម៉ោង ២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ (ម៉ោងនៅកម្ពុជា)៕