ក្លាយជាតួឯកលើកដំបូង! ភាពយន្តបែបភ័យរន្ធត់រឿង «ជើងកប» ធ្វើឲ្យ OG Golden ទទួលបានរសជាតិ និងបទពិសោធថ្មីមួយទៀត ក្រៅពីទីផ្សារចម្រៀងរ៉េប

08-04-2026 11:51

(ភ្នំពេញ)៖ ភាពយន្តដំបូងរបស់អ្នករ៉េបវ័យក្មេង OG Golden ដែលជាម្ចាស់ពាន Rapper Fighter រដូវកាលទី១ បានទទួលការកោតសរសើរជាខ្លាំងពីសិល្បកររៀមច្បង ខណៈភាពយន្តបែបភ័យរន្ធត់ «ជើងកប» បានសម្ពោធចាក់បញ្ចាំជាផ្លូវការកាលពីពេលថ្មីៗនេះ ហើយត្រៀមនឹងបង្ហាញវត្តមាននៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះតទៅ។ នេះពិតជាធ្វើអោយ OG បង្ហាញក្ដីរំភើប និងរីករាយ និងមានមោទកភាពមួយទៀតលើខ្លួនឯង ទោះជាមិនធ្លាប់សម្ដែងភាពយន្តពីមុនមកក្ដី។ ភាពល្បីល្បាញ និងទីផ្សារសិល្បៈរបស់កំលោះសង្ហា OG Golden ម្ចាស់ជ័យលាភីពានរង្វាន់ Rapper Fighter រដូវកាលទី១ កំពុងតែហក់ឡើងដល់កំពូល ខណៈដែលលោកបានបង្ហាញវត្តមានយ៉ាងអស្ចារ្យក្នុងនាមជាតួឯកប្រុស នៅក្នុងភាពយន្តខ្នាតធំរឿង «ជើងកប»

ពិធីសម្ពោធចាក់បញ្ចាំងផ្លូវការកាលពីពេលថ្មីៗនេះ បានសបញ្ជាក់ថា OG Golden មិនត្រឹមតែជាអ្នករ៉េបវ័យក្មេង ដែលមានវោហាសព្ទមិនរីងស្ងួតប៉ុណ្ណោះទេ ប៉ុន្តែលោកថែមទាំងមានទេពកោសល្យសម្តែងយ៉ាងប៉ិនប្រសប់ ដែលធ្វើឱ្យមហាជនស្ងើចសរសើរមិនដាច់ពីមាត់។ កន្លងមកទស្សនិកជនធ្លាប់តែឃើញ OG Golden បញ្ចេញស្ទីលរាំ និងច្រៀងរ៉េបយ៉ាងរស់រវើកនៅលើឆាកតន្ត្រីដ៏ធំៗ ប៉ុន្តែការងាកមកចាប់អាជីពជាតារាសម្តែងលើកដំបូងនេះ គឺជាការភ្ញាក់ផ្អើលមួយដ៏ធំ។ OG Golden បានសំងំថតខ្សែភាពយន្តនេះយ៉ាងយកចិត្តទុកដាក់ ជាមួយតារាសម្តែងល្បីៗជាច្រើនរូបទៀត ដើម្បីត្រៀមបង្ហាញសមត្ថភាពថ្មីប្លែកជូនអ្នកគាំទ្រ។ តាមរយៈឈុតឆាកក្នុងសាច់រឿង លោកត្រូវបានគេមើលឃើញថាមានទឹកមុខ និងកាយវិការសម្តែងបែបធម្មជាតិ មិនចាញ់តារាសម្ដែងអាជីពជើងចាស់នោះឡើយ។

ជាប្រភេទរឿងរ៉ាវអបិយជំនឿ និងការភ័យរន្ធត់កម្រិតខ្ពស់, នៅក្នុងខ្សែភាពយន្តខ្នាតធំដំបូងបង្អស់នេះ OG Golden ត្រូវដើរតួជាតួអង្គសំខាន់ ក្នុងសាច់រឿងបែបខ្មោចព្រាយបិសាច និងអបិយជំនឿតាមភូមិស្រុក។
«ជើងកប» ឆ្លុះបញ្ចាំងពីជំនឿដែលចាស់បុរាណ តែងដំណាលតគ្នាពីម្នាក់ទៅម្នាក់ ពាក់ព័ន្ធនឹងរឿងជើងកប ដែលបង្កឱ្យមានភាពព្រឺព្រួច និងអាថ៌កំបាំងបំផុត។ OG Golden បានបង្ហើបថា លោកមានអារម្មណ៍ «ភ័យផង អរផង» ព្រោះនេះជាលើកទីមួយដែលត្រូវឈរនៅមុខកាមេរ៉ាភាពយន្តខ្នាតធំ ក្នុងប្រភេទរឿងដែលទាមទារអារម្មណ៍ភ័យខ្លាចខ្លាំងបែបនេះ។

ការបោះជំហានចូលក្នុងវិស័យភាពយន្តនេះ ត្រូវបានគេមើលឃើញថា ជាយុទ្ធសាស្ត្រពង្រីកទីផ្សារដ៏ជោគជ័យរបស់ OG Golden ដោយលោកចាត់ទុកថា ក្រៅពីអាជីពរ៉េប ការសម្តែងគឺជាពិភពថ្មីមួយដែលជួយឱ្យខ្លួន ទទួលបានបទពិសោធន៍មិនអាចបំភ្លេចបាន។ វត្តមានរបស់លោកក្នុងរឿង «ជើងកប» ត្រូវបានគេរំពឹងថា នឹងទាញយកការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវជន ដែលជាអ្នកគាំទ្រចម្រៀងរ៉េបស្រាប់ ឱ្យងាកមកចូលទស្សនាភាពយន្តខ្មែរកាន់តែច្រើន។

ដោយឡែកលោក ចាន់ តារា និងលោក រឿន គុណថា ជាសហផលិតករក្នុងរឿង «ជើងកប» បានបញ្ជាក់ពីសាច់រឿង និងមូលហេតុនៃការសម្រេចជ្រើសយក OG Golden ធ្វើជាតួឯកបែបនេះថា យើងទទួលស្គាល់ថា OG ជាតារារ៉េបហើយមកសម្ដែងរឿងលើកដំបូង ប៉ុន្តែបន្ទាប់ពីបានធ្វើតេស្ដរួចរាល់ គឺគាត់សម្ដែងបានល្អ ជាពិសេសការបង្ហាញការសម្ដែងបែបធម្មជាតិ ការធ្វើទឹកមុខ និងអត្តចរិតធម្មជាតិ និងសាច់រឿងត្រូវនិងនឹងរឿងរ៉ាវពិតរបស់គាត់។ អ្នកទាំងពីបន្តថា ភាពយន្តបែបភ័យរន្ធត់ព្រឺព្រួចរឿង «ជើងកប» ដែលមានការចូលរួមសម្តែងយ៉ាងពិសេសពី OG Golden នឹងត្រូវដាក់ឱ្យចាក់បញ្ចាំងជាផ្លូវការនៅលើផ្ទាំងសំពត់ស នៃគ្រប់រោងភាពយន្តទំនើបៗ ចាប់ពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ នេះតទៅ។

ជោគជ័យរបស់ OG Golden នាពេលនេះ គឺជាមោទនភាពមួយសម្រាប់សិល្បករជំនាន់ក្រោយ ដែលហ៊ានបំបែកពុម្ព និងសាកល្បងសមត្ថភាពខ្លួនឯងក្នុងគ្រប់វិស័យ។ តើលោកអ្នក និងហ្វេនៗ ត្រៀមខ្លួនហើយឬនៅ ដើម្បីទៅទស្សនាការសម្តែងដំបូងរបស់កំពូលតារារ៉េបរូបនេះ? កុំភ្លេចចូលរួមគាំទ្រភាពយន្តខ្មែរទាំងអស់គ្នា៕