TikTok ចាយលុយជាង ១ ពាន់លានដុល្លារទៀត សាងសង់មជ្ឈមណ្ឌលទិន្នន័យទី២ នៅហ្វាំងឡង់ ដើម្បីឆ្លើយតបនឹងក្តីបារម្ភផ្នែកសន្តិសុខ

08-04-2026 11:52

(បរទេស)៖ ក្រុមហ៊ុន TikTok បានប្រកាសជាផ្លូវការនូវផែនការបោះទុនវិនិយោគបន្ថែមប្រមាណ ១,១៦ ពាន់លានដុល្លារ (១ ពាន់លានអឺរ៉ូ) ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យទីពីររបស់ខ្លួននៅក្នុងទីក្រុង Lahti ប្រទេសហ្វាំងឡង់។ ការសម្រេចចិត្តនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រខ្នាតយក្សដែលមានតម្លៃសរុបជាង ១២ ពាន់លានអឺរ៉ូ ក្នុងគោលបំណងពង្រឹងសុវត្ថិភាព និងរក្សាទុកទិន្នន័យរបស់អ្នកប្រើប្រាស់នៅអឺរ៉ុបជាង ២០០ លាននាក់ ឱ្យស្ថិតនៅក្នុងទ្វីបអឺរ៉ុបផ្ទាល់។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី០៨​ ខែមេសា ឆ្នាំ២០២៦។

ការបង្កើនការវិនិយោគនេះ ធ្វើឡើងក្នុងគោលបំណងកាត់បន្ថយសម្ពាធ និងការរិះគន់ពីរដ្ឋាភិបាលបណ្តាប្រទេសនៅអឺរ៉ុប និងសហរដ្ឋអាមេរិក ជុំវិញបញ្ហាសន្តិសុខទិន្នន័យឯកជន និងផលប៉ះពាល់នៃប្រព័ន្ធក្បួនដោះស្រាយ (Algorithm) របស់ខ្លួនទៅលើកុមារ។ ប្រទេសហ្វាំងឡង់ បានក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់ TikTok ដោយសារអាកាសធាតុត្រជាក់ខ្លាំងដែលជួយសម្រួលដល់ការបញ្ចុះកម្ដៅម៉ាស៊ីនមេ គួបផ្សំនឹងតម្លៃអគ្គិសនីទាប និងស្ថិរភាពនយោបាយក្នុងតំបន់។

ទោះបីជាយ៉ាងណាក៏ដោយ គម្រោងរបស់ក្រុមហ៊ុនដែលមានដើមកំណើតពីចិនមួយនេះ នៅតែជួបប្រទះនឹងភាពរកាំរកូសខ្លះៗជាមួយអ្នកនយោបាយហ្វាំងឡង់។ រដ្ឋមន្ត្រីសេដ្ឋកិច្ចហ្វាំងឡង់ធ្លាប់បានសម្ដែងការព្រួយបារម្ភពីបញ្ហាសន្តិសុខជាតិ និងភាពមិនច្បាស់លាស់នៃព័ត៌មានរបស់ក្រុមហ៊ុន ប៉ុន្តែអាជ្ញាធរក្រុង Lahti ដែលជាម្ចាស់ផ្ទះថ្មី បែរជាបង្ហាញការត្រេកអរ និងស្វាគមន៍យ៉ាងខ្លាំង ដោយរំពឹងថាវានឹងក្លាយជាកម្លាំងចលករដ៏ធំសម្រាប់សេដ្ឋកិច្ចក្នុងតំបន់។

គួរជម្រាបថា មជ្ឈមណ្ឌលទិន្នន័យដំបូងរបស់ TikTok នៅហ្វាំងឡង់ គ្រោងនឹងចាប់ផ្ដើមដំណើរការនៅចុងឆ្នាំ ២០២៦ នេះ ខណៈដែលមជ្ឈមណ្ឌលទីពីរតម្លៃ ១,១៦ ពាន់លានដុល្លារ ថ្មីនេះ នឹងបញ្ចប់ការសាងសង់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅត្រឹមឆ្នាំ ២០២៧ ខាងមុខ៕