គ្រូព្រះខ័នរាជ ថាជួប Manila ស្អែកនេះ ខុសកាលពីជួបគ្នាក្នុងពូល ដែលលោកទុកកីឡាករមួយចំនួន

08-04-2026 12:59

(ភ្នំពេញ)៖ ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នឹងត្រូវជួបក្រុម Manila Digger FC របស់ហ្វីលីពីនក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ-ជើងទី១ នៃពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី៣ ទ្វីបអាស៊ី AFC Challenge League 2025/26 នាវេលាម៉ោង ៧យប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ ស្អែកនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

នេះជាលើកទី២ ហើយ ដែលក្រុមទាំងពីរត្រូវជួបគ្នាក្នុងយុទ្ធនាការប្រកួតពានកម្រិតទី៣ ទ្វីបអាស៊ីរដូវកាលនេះ បន្ទាប់ពីជួបធ្លាប់គ្នា ក្នុងវគ្គចែកពូលកាលពីដើមខែវិច្ឆិកា ដែលបញ្ចប់ដោយលទ្ធផលស្មើគ្នា ២-២។ ប៉ុន្ដែលោក McConkey Mattew គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានលើកឡើងថា ជំនួបលើកនេះខុសកាលពីជួបគ្នាក្នុងពូល ព្រោះពេលនេះ ក្រុមខ្លួនបានទុកកីឡាករមួយចំនួនឲ្យសម្រាក ក្រោយនឿយហត់ក្នុងការប្រកួត ១សប្ដាហ៍ ៣លើក។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនៅថ្ងៃពុធនេះ លោក McConkey និយាយថា «ការប្រកួតនេះខុសប្លែកគ្នា កាលពីយើងជួបគ្នាក្នុងពូល ដែលស្ថិតក្នុងបរិបទខុសគ្នា។ ជួបគ្នាលើកមុន គឺជាការប្រកួតទី៣ ក្នុងពូល ហើយរយៈពេល ១សប្ដាហ៍ ដែលយើងលេង ៣ប្រកួត។ អ៊ីចឹងយើងក៏បានទុកកីឡាករមួយចំនួនឲ្យសម្រាកដែរ។ ដូច្នេះការប្រកួតស្អែកនេះ យើងនឹងព្យាយាមធ្វើតាមអ្វីដែលយើងបានរៀបចំរាល់ដង ដើម្បីជ័យជម្នះ ពេលអត់បាល់ ធ្វើម៉េចលេងឲ្យខ្លាំង ជាមួយគូប្រកួត ហើយពេលមានបាល់ ធ្វើម៉េចព្យាយាមគ្រប់គ្រងបាល់ឲ្យបានល្អ»។

ដោយឡែកលោក Kim Versales គ្រូបង្វឹក Manila Digger បានលើកឡើងថា ការប្រកួតលើកនេះ មិនខុសមានអ្វីខុសប្លែកនោះទេ ទោះបីក្រុមទាំងពីរ មានការនាំចូលកីឡាករថ្មីៗដែលអាចកែប្រែ និងផ្លាស់ប្ដូរការប្រកួតយ៉ាងណា។ ប៉ុន្ដែអ្វីៗស្ថិតលើការប្រកួតជាក់ស្ដែង ក្រោយចាប់ផ្ដើមលេងបាន ១០ ទៅ ១៥នាទី លោក ក៏ដូចជាគ្រូបង្វឹករបស់ព្រះខ័នរាជស្វាយរៀង សុទ្ធតែអាចផ្លាស់ប្ដូរយុទ្ធសាស្ដ្រ ដើម្បីលេង។ បែបនេះក្ដីលោកនៅតែជឿជាក់លើកូនក្រុម និងដាក់ក្ដីរំពឹងខ្ពស់ ក្នុងការប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់លំដាប់ទ្វីបមួយនេះ។

គួរដឹងថា ជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ AFC Challenge League 2025/26 នឹងធ្វើឡើងចំនួន ២ជើង ដើម្បីកាត់សេចក្ដីក្រុមឈ្នះឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដោយជើងទី១ ត្រូវប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ នារាត្រីថ្ងៃទី០៩ ខែមេសា និងជើងទី២ ត្រូវប្រកួតនៅទឹកដីហ្វីលីពីនវិញម្ដង នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខ៕