Google កំពុងបោះទុនរាប់ពាន់លានដុល្លារ ដើរទិញភាគហ៊ុនក្រុមហ៊ុន Startup យក្សជុំវិញពិភពលោក

08-04-2026 13:37

(បរទេស)៖ លោក Sundar Pichai នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Google បានទម្លាយឱ្យដឹងថា ការផ្ទុះឡើងនៃបច្ចេកវិទ្យា AI មិនត្រឹមតែជាការប្រកួតប្រជែងសមត្ថភាពម៉ាស៊ីនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសមាសសម្រាប់ Google ក្នុងការបោះទុនវិនិយោគលើក្រុមហ៊ុនថ្មីៗ (Startup) ឱ្យកាន់តែធំជាងមុន។ លោកបានបញ្ជាក់ថា៖ «ការផ្លាស់ប្តូរទៅរក AI បានបើកទ្វារឱ្យយើងមានឱកាសដាក់ទុនកាន់តែច្រើន និងចំគោលដៅ ហើយយើងកំពុងតែធ្វើវាហើយ»។ នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦។

យុទ្ធសាស្ត្រថ្មីនេះបានបង្ហាញពីមហិច្ឆតារបស់ Google ដែលមិនត្រឹមតែអង្គុយបង្កើតបច្ចេកវិទ្យាដោយខ្លួនឯងឡើយ ប៉ុន្តែថែមទាំងប្រើប្រាស់ទ្រព្យសម្បត្តិដ៏មហាសាលរបស់ខ្លួន ទៅទិញភាគហ៊ុនក្នុងក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗដើម្បីក្តោបក្តាប់ទីផ្សារនាពេលអនាគត។ ជាក់ស្តែង ការសម្រេចចិត្តដ៏ឆ្លាតវៃរបស់ Google ក្នុងការវិនិយោគលើក្រុមហ៊ុន SpaceX របស់លោក Elon Musk កាលពីឆ្នាំ ២០១៥ បច្ចុប្បន្នបានហុចផលឱ្យ Google វិញនូវប្រាក់ចំណេញរហូតដល់ទៅ ១០០ ពាន់លានដុល្លារ។

ក្រៅពីលំហអាកាស Google ក៏បានបោះទុនជាង ៣ ពាន់លានដុល្លារទៅក្នុងក្រុមហ៊ុន Anthropic ដែលជាដៃគូផង និងជាគូប្រជែងដ៏ខ្លាំងរបស់ OpenAI ផងដែរ។ អ្វីដែលពិសេសនោះគឺ ការវិនិយោគនេះមានលក្ខខណ្ឌ «ចំណេញពីរជាន់» ពោលគឺ Google ទទួលបានទាំងភាគហ៊ុន ហើយក្រុមហ៊ុនទាំងនោះក៏ត្រូវសន្យាទិញសេវាកម្ម Cloud និងបន្ទះឈីបរបស់ Google ត្រឡប់មកវិញក្នុងតម្លៃរាប់ពាន់លានដុល្លារទៀតផង។

គួរជម្រាបថា លោក Pichai បានសង្កត់ធ្ងន់ថា ក្នុងនាមជាអ្នកគ្រប់គ្រងដើមទុន លោកចង់ឱ្យរាល់ថវិកាដែលវិនិយោគទៅ ត្រូវតែបង្កើតជាផលចំណេញត្រឡប់មកវិញឱ្យបានខ្ពស់បំផុត។ បច្ចុប្បន្ន Google កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់វាសនាបច្ចេកវិទ្យាពិភពលោក តាមរយៈការបោះទុនលើវិស័យចម្រុះ ចាប់តាំងពី AI, វិស័យហិរញ្ញវត្ថុ (Stripe) រហូតដល់រថយន្តបើកបរដោយខ្លួនឯង (Waymo) ដែលធ្វើឱ្យក្រុមហ៊ុនយក្សមួយនេះ ប្រកៀកស្មាជាមួយ Microsoft និង Nvidia ក្នុងការគ្រប់គ្រងបដិវត្តន៍ឧស្សាហកម្មឌីជីថល៕