ធនាគារ «ABA» និងសមាគម «CATA» សហការគ្នា ដើម្បីបើកដំណើរការកម្មវិធីមូលនិធិហាជ្ជី និងមុខងារសន្សំគ្មានការប្រាក់ សម្រាប់សហគមន៍ខ្មែរឥស្លាម
08-04-2026 13:39
(ភ្នំពេញ)៖ ធនាគារ ABA និងសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា (CATA) បានចុះអនុស្សរណៈនៃការយោគយល់ (MoU) ដើម្បីដាក់ដំណើរការកម្មវិធី មូលនិធីហាជ្ជី និងមុខងារ សន្សំគ្មានការប្រាក់ សម្រាប់សហគមន៍ខ្មែរឥស្លាមកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦។ កិច្ចសហការនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការផ្ដល់ នូវដំណោះស្រាយហិរញ្ញវត្ថុដែលងាយស្រួលប្រើប្រាស់ មានតម្លាភាព ស្របតាមគោលការណ៍ជំនឿសាសនា ដោយគាំទ្រដល់សាសនិកឥស្លាម ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគាត់ និងត្រៀមខ្លួនសម្រាប់ចូលរួមពិធីបុណ្យហាជ្ជី។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ បានប្រព្រឹត្តិទៅកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ និងអញ្ជើញចូលរួមក្រោមអធិបតីភាពលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេសនិងលោក Askhat Azhikhanov នាយកប្រតិបត្តិការនៃធនាគារ ABA អមជាមួយនឹងអ្នកតំណាងមកពីសមាគម CATA និង ABA ជាច្រើនរូបទៀត។ មូលនិធិហាជ្ជី គឺជាការគាំទ្រដល់ការសន្សំ សម្រាប់ចូលរួមពិធីបុណ្យសាសនាបង្កើតឡើងដោយ CATA កម្មវីធីទូរស័ព្ទ មូលនិធិហាជ្ជី (Hajj Fund mobile application) ផ្ដល់នូវផ្លែតហ្វមដោយឡែកមួយ ដល់សាសនិកនៃសហគមន៍ខ្មែរឥស្លាម ដើម្បីចុះឈ្មោះ និងរួមវិភាគទានទុកសន្សំសម្រាប់ហាជ្ជី យ៉ាងងាយស្រួល និងមានរចនាសម្ពន្ធច្បាស់លាស់។
ក្រោមកិច្ចសហការជាដៃគូនេះ ABA នឹងក្លាយជាមធ្យោបាយទូទាត់ផ្ដាច់មុខ សម្រាប់ប្រមូលមូលនិធិហាជ្ជី។ ការរួមវិភាគទាន អាចធ្វើទៅបានតាមរយៈABA KHQR ឬកាតធនាគារ ដោយធានាបាននូវប្រតិបត្តិការដ៏សុវត្ថិភាព និងជាទីទុកចិត្ត។ ការភ្ជាប់ប្រព័ន្ធនេះ បង្កើនលទ្ធភាពចូលរួម មូលនិធិហាជ្ជី និងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ គ្រប់គ្រងប្រាក់វិភាគទានរបស់ពួកគាត់យ៉ាងងាយស្រួល និងច្បាស់លាស់។
មុខងារសន្សំគ្មានការប្រាក់ក្នុង ABA Mobile៖
ទន្ទឹមនឹងនេះដែរ ABA បានដាក់ឲ្យប្រើប្រាស់មុខងារ សន្សំគ្មានការប្រាក់ក្នុងកម្មវិធី ABA Mobile របស់ខ្លួន បង្កើតឡើងសម្រាប់អតិថិជន ដែលចង់គ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ ស្របតាមគោលការណ៍ច្បាប់ឥស្លាម។ មុខងារនេះ អនុញ្ញាតឲ្យអ្នកប្រើប្រាស់ ប្រែក្លាយគណនីសន្សំរបស់ខ្លួនទៅជា គណនីសន្សំគ្មានការប្រាក់ ដោយផ្ទាល់នៅក្នុងកម្មវិធី។ ការប្រាក់ទាំងឡាយដែលទទួលបានក្នុងគណនីនោះ នឹងត្រូវផ្ទេរទៅកាន់កម្មវិធីសប្បុរសធម៌នានា ដែលគ្រប់គ្រងដោយសមាគម CATA ដើម្បីគាំទ្រដល់សមាជិកសហគមន៍ដែលមានតម្រូវការ។
ដើម្បីបើកដំណើរការមុខងារ សន្សំគ្មានការប្រាក់ នៅក្នុង ABA Mobile អតិថិជនត្រូវ៖
* ចូលទៅគណនីក្នុង ABA Mobile
* ជ្រើសរើសគណនីណាមួយ រួចចុចលើសញ្ញាចុចបី (...)
* ចុចបើកមុខងារសន្សំគ្មានការប្រាក់
* ចុច «ខ្ញុំបានអាន» និងយល់ព្រមតាមលក្ខខណ្ឌ និងចុចបើកដំណើរការឥឡូវនេះ។
ការប្ដេជ្ញាចិត្តចំពោះសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន៖
លោក Askhat Azhikhanov មានប្រសាសន៍នៅក្នុងពិធីសម្ពោធជាផ្លូវការនេះថា «នៅ ABA យើងខ្ញុំជឿជាក់ថា សេវាធនាគារមិនមែនផ្ដោតតែលើបច្ចេកវិទ្យា និងប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្ដោតលើ អ្នកប្រើប្រាស់ផងដែរ ពោលគឺជាការយល់ពីតម្លៃជំនឿ និងតម្រូវការរបស់សហគមន៍ ដែលយើងខ្ញុំបម្រើសេវាជូន។ ភាពជាដៃគូរបស់យើងខ្ញុំជាមួយសមាគម CATA ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំ ក្នុងការផ្ដល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុ ប្រកបដោយបរិយាបន្ន ឆ្លើយតបនឹងតម្រូវការជាក់ស្ដែង។ តាមរយៈការភ្ជាប់ប្រព័ន្ធទូទាត់ជាមួយ មូលនិធិហាជ្ជី និងមុខងារសន្សំគ្មានការប្រាក់ នៅលើ ABA Mobile យើងខ្ញុំមានបំណងបង្កើតប្រព័ន្ធ អេកូស៊ីស្ទែមសេវាធនាគារ ដែលគោរពលើពិពិធភាព និងបង្កើតគុណតម្លៃពិតប្រាកដ សម្រាប់អតិថិជនគ្រប់រូបដែលយើងបម្រើសេវាជូន»។
លោក សែន សាម៉ាន នាយកប្រតិបត្តិនៃ CATA មានប្រសាសន៍ថា «អនុស្សរណៈយោគយល់នេះ គឺជាជំហានថ្មីដ៏សំខាន់មួយសម្រាប់សមាគមរបស់យើងខ្ញុំ។ ដោយមានការគាំទ្រផ្នែកឌីជីថលដ៏រឹងមាំរបស់ធនាគារ ABA ឥឡូវ សមាជិករបស់យើងខ្ញុំអាចគ្រប់គ្រង ប្រាក់សន្សំរបស់ពួកគាត់យ៉ាងងាយស្រួល សុវត្ថិភាព និងស្ងប់ចិត្ត»។
ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរួមរបស់ ABA និង CATA ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងពង្រីកលទ្ធភាពចូលប្រើសេវាហិរញ្ញវត្ថុ ស្របតាមតម្រូវការរបស់បងប្អូនសាសនិកឥស្លាមនៅកម្ពុជា៕







