Meta ប្រកាសចេញម៉ូឌែល AI ដំបូងបង្អស់ពីក្រុមការងារ Superintelligence ដើម្បីប្រកួតប្រជែងជាមួយ OpenAI និង Google
09-04-2026 09:20
(បរទេស)៖ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ក្រុមហ៊ុន Meta Platforms បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវម៉ូឌែលបញ្ញាសិប្បនិម្មិត (AI) ថ្មីមួយដែលមានឈ្មោះថា «Muse Spark»។ នេះគឺជាសមិទ្ធផលដំបូងចេញពីមន្ទីរពិសោធន៍ Meta Superintelligence Labs (MSL) ដែលជាផ្នែកមួយនៃការវិនិយោគរាប់ពាន់លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងក្នុងវិស័យ AI កម្រិតខ្ពស់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦។
Muse Spark មិនត្រឹមតែយល់ពីអក្សរប៉ុណ្ណោះទេ ប៉ុន្តែអាចវិភាគរូបភាព និងផ្ដល់ដំបូន្មានដោយផ្អែកលើបរិបទជាក់ស្ដែង ដូចជាការគណនាកាឡូរីក្នុងអាហារតាមរយៈរូបថត ឬការដាក់សាកល្បងគ្រឿងសង្ហារឹមក្នុងបន្ទប់ជាដើម។ ម៉ូឌែលនេះមានមុខងារឆ្លើយតបជា ៣ កម្រិត រួមមាន៖
1. Instant mode: សម្រាប់ចម្លើយរហ័ស។
2. Thinking mode: សម្រាប់ការគិតស៊ីជម្រៅ។
3. Contemplating mode: ដែលអាចដំណើរការ «ភ្នាក់ងារ (Agents)» ច្រើនក្នុងពេលតែមួយ ដើម្បីដោះស្រាយកិច្ចការស្មុគស្មាញ (ឧទាហរណ៍៖ ភ្នាក់ងារមួយរៀបចំគម្រោងដើរកម្សាន្ត ខណៈភ្នាក់ងារមួយទៀតស្វែងរកសកម្មភាពសម្រាប់ក្មេងៗ)។
ខុសពីម៉ូឌែល Llama ជំនាន់មុនៗដែលជា Open-source (បើកទូលាយ) Muse Spark គឺជាម៉ូឌែល Closed-source (បិទជិត) ដែល Meta រក្សាកូដជាសម្ងាត់ ដើម្បីផ្ដោតលើការលក់សេវាកម្ម និងការប្រើប្រាស់ក្នុងប្រព័ន្ធផ្ទាល់ខ្លួន។ Muse Spark នឹងចាប់ផ្ដើមដាក់ឱ្យប្រើប្រាស់នៅក្នុងកម្មវិធី Meta AI ក៏ដូចជាបញ្ចូលទៅក្នុងបណ្ដាញសង្គមដ៏ពេញនិយមរួមមាន Facebook, Instagram, WhatsApp, Messenger និងវ៉ែនតាឆ្លាតវៃ Ray-Ban Meta ក្នុងពេលឆាប់ៗខាងមុខនេះ។
លោក Alexandr Wang ប្រធានក្រុមការងារ Superintelligence Labs បានលើកឡើងថា Muse Spark គឺជាជំហានដំបូងនៃស៊េរីម៉ូឌែល Muse ដែលត្រូវបានរចនាឡើងវិញទាំងស្រុងពីបាតគ្រឹះ ដើម្បីឆ្ពោះទៅរកការបង្កើត «បញ្ញាសិប្បនិម្មិតកម្រិតកំពូល (Superintelligence)» សម្រាប់បុគ្គលម្នាក់ៗ។
គួរជម្រាបថា ការប្រកាសនេះបានធ្វើឱ្យតម្លៃភាគហ៊ុនរបស់ Meta កើនឡើង ដោយសារវិនិយោគិនមើលឃើញថា ក្រុមហ៊ុនកំពុងដើរក្នុងទិសដៅត្រឹមត្រូវក្នុងការតាមទាន់គូប្រជែងដូចជា OpenAI និង Google ជាពិសេសក្រោយការចំណាយប្រាក់យ៉ាងច្រើនលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការជ្រើសរើសបុគ្គលិកជំនាញកាលពីឆ្នាំកន្លងទៅ៕











