ACGL៖ ព្រះខ័នរាជ ប៉ះក្រុមខ្លាំងហ្វីលីពីន Manila ម៉ោង ៧យប់នេះ ក្នុងវគ្គ ១/២ ជើងទី១ ខណៈសំបុត្រជាង ១ម៉ឺនបានលក់អស់
09-04-2026 10:57
(ភ្នំពេញ)៖ ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នឹងត្រូវជួបក្រុម Manila Digger FC របស់ហ្វីលីពីន នាវេលាម៉ោង ៧យប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ នេះ នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ-ជើងទី១ នៃពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី៣ ទ្វីបអាស៊ី AFC Challenge League 2025/26 នៅពហុកីឡដ្ឋានជាតិមរតកតេជោ ស្របពេលសំបុត្រជាង ១ម៉ឺនត្រូវបានប្រកាសលក់អស់មុនការប្រកួត ១ថ្ងៃ។
នេះជាលើកទី២ ហើយ ដែលក្រុមទាំងពីរ ត្រូវជួបគ្នាក្នុងយុទ្ធនាការប្រកួតពានកម្រិតទី៣ ទ្វីបអាស៊ី នារដូវកាលនេះ បន្ទាប់ពីជួបធ្លាប់គ្នា ក្នុងវគ្គចែកពូល កាលពីដើមខែវិច្ឆិកា ដែលបញ្ចប់ដោយលទ្ធផលស្មើគ្នា ២-២។ ក្រោយទម្លាក់គូប្រជែងរៀងៗខ្លួន កាលពីវគ្គ ៨ក្រុមចុងក្រោយ ពោលគឺក្រុមព្រះខ័នរាជស្វាយរៀង យកឈ្នះក្រុមមិត្តរួមជាតិ ភ្នំពេញក្រោន និងក្រុម Manila Digger យកឈ្នះក្រុមឥណ្ឌូនេស៊ី Dewa United ទើបនាំឲ្យក្រុមទាំងពីរ ត្រូវជួបគ្នាជាថ្មី ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រចាំតំបន់អាស៊ីអាគ្នេយ៍។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតដ៏សំខាន់នេះ លោក McConkey Mattew គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានបង្ហាញការត្រៀមខ្លួនរួចរាល់ ដើម្បីតតាំងជាមួយក្រុមខ្លាំងរបស់ហ្វីលីពីនខាងលើ ដែលជាក្រុមមានកម្រិតប្រកួតប្រជែងខ្ពស់ ទាំងល្បឿន និងការផ្លាស់ប្ដូរយុទ្ធសាស្ដ្រការពារវាយបក។ លោកធ្លាប់រំពឹងថា ក្រោយឆ្លងផុតវគ្គចែកពូល ក្រុមទាំងពីរ នឹងអាចជួបគ្នាជាថ្មី ហើយដូចការរំពឹង តែលោកថា ជួបគ្នាលើកនេះ នឹងមានការខុសប្លែកគ្នា ព្រោះស្ថិតក្នុងបរិបទខុសគ្នា ដ្បិតជួបគ្នាលើកមុន លោកបានទុកកីឡាករមួយចំនួនឲ្យសម្រាក។
ដោយឡែកលោក Kim Versales គ្រូបង្វឹកក្រុម Manila Digger វិញ បានលើកឡើងផ្ទុយពីគ្រូបង្វឹកក្រុមជើងឯកលីគកំពូលកម្ពុជា ដោយថា ការជួបជួបគ្នាលើកនេះ មិនមានអ្វីខុសប្លែកនោះទេ ទោះបីក្រុមទាំងពីរ មានការនាំចូលកីឡាករថ្មីៗ ដែលអាចកែប្រែ និងផ្លាស់ប្ដូរការប្រកួតយ៉ាងណាប៉ុន្ដែអ្វីៗស្ថិតលើការប្រកួតជាក់ស្ដែង ក្រោយចាប់ផ្ដើមលេងបាន ១០ ទៅ ១៥នាទី ក្រុមនីមួយៗសុទ្ធតែអាចផ្លាស់ប្ដូរយុទ្ធសាស្ដ្រ ដើម្បីលេង។ បែបនេះក្ដីលោកនៅតែជឿជាក់លើកូនក្រុម និងដាក់ក្ដីរំពឹងខ្ពស់ ក្នុងការប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់លំដាប់ទី៣ ទ្វីបអាស៊ីនេះ។
គួរដឹងថា ជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ AFC Challenge League 2025/26 នឹងធ្វើឡើងចំនួន ២ជើង ដើម្បីកាត់សេចក្ដីក្រុមឈ្នះឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដោយជើងទី១ ត្រូវប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ នារត្រីថ្ងៃទី៩ ខែមេសា និងជើងទី២ ត្រូវប្រកួតនៅទឹកដីហ្វីលីពីនវិញម្ដង នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខ៕






