សង្គ្រាមបច្ចេកវិទ្យាកាន់តែពុះកញ្ជ្រោល! អាមេរិកគ្រោងហាមឃាត់ការធ្វើតេស្តឧបករណ៍អេឡិចត្រូនិក ពីមន្ទីរពិសោធន៍ចិន
09-04-2026 11:01
(វ៉ាស៊ីនតោន)៖ គណៈកម្មការទំនាក់ទំនងសហព័ន្ធ (FCC) របស់អាមេរិក បានប្រកាសនៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួននឹងបោះឆ្នោតនៅចុងខែមេសានេះ លើសំណើហាមឃាត់មន្ទីរពិសោធន៍ចិនទាំងអស់ មិនឱ្យធ្វើតេស្តឧបករណ៍អេឡិចត្រូនិកដូចជា ទូរស័ព្ទស្មាតហ្វូន កាមេរ៉ា និងកុំព្យូទ័រ សម្រាប់ប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក ដែលនេះជាការពង្រីកវិស័យហាមឃាត់កាន់តែខ្លាំងប្រឆាំងនឹងទីក្រុងប៉េកាំង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦។
កាលពីឆ្នាំមុន FCC បានហាមឃាត់ការធ្វើតេស្តមន្ទីរពិសោធន៍ណាដែលគ្រប់គ្រងដោយរដ្ឋាភិបាលចិន ដែលបណ្តាលឱ្យមន្ទីរពិសោធន៍ចំនួន២៣ ត្រូវបានបញ្ឈប់។ ប៉ុន្តែទីភ្នាក់ងារនេះបានបញ្ជាក់ថា មន្ទីរពិសោធន៍ភាគច្រើនដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន នៅតែបន្តធ្វើតេស្តឧបករណ៍អេឡិចត្រូនិករបស់អាមេរិកនៅឡើយ។ បើតាម FCC ប្រហែល ៧៥% នៃឧបករណ៍អេឡិចត្រូនិកទាំងអស់ គឺត្រូវបានធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍ក្នុងប្រទេសចិន។ FCC នឹងបោះឆ្នោតលើសំណើនេះនៅថ្ងៃទី ៣០ ខែមេសា មុននឹងពិចារណាលើមតិសាធារណៈ និងឈានទៅសម្រេចការហាមឃាត់ជាស្ថាពរ។ មុននឹងឈានដល់ការហាមឃាត់ទាំងស្រុង FCC នឹងបោះឆ្នោតដាច់ដោយឡែក ដើម្បីអនុម័តដំណើរការយល់ព្រមឱ្យបានរហ័ស សម្រាប់ឧបករណ៍ដែលធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍សហរដ្ឋអាមេរិក ឬមន្ទីរពិសោធន៍នៃបណ្តាប្រទេសដែលមិនបង្កហានិភ័យដល់សន្តិសុខជាតិ។
នេះគឺជាវិធានការចុងក្រោយបង្អស់របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបង្ក្រាបលើបញ្ហាបច្ចេកវិទ្យា និងបរិក្ខារបស់ចិន។ កាលពីថ្ងៃសុក្រសប្តាហ៍មុន FCC ក៏បានស្នើហាមឃាត់ការនាំចូលឧបករណ៍ពីក្រុមក្រុមហ៊ុនផលិតរបស់ចិនមួយចំនួនផងដែរ។ កាលពីឆ្នាំ២០២១ ក្រុមហ៊ុនធំៗដូចជា Huawei, ZTE, Hytera, Hikvision និង Dahua ត្រូវបានបញ្ចូលក្នុង «បញ្ជីខ្មៅ (Covered List)» ដោយសារចាត់ទុកថាជាក្រុមហ៊ុនដែលបង្កហានិភ័យដល់សន្តិសុខជាតិអាមេរិក។
គួរជម្រាបថា នៅខែធ្នូ ឆ្នាំមុន មានហាមឃាត់ការនាំចូលដ្រូន (Drones) ម៉ូឌែលថ្មីៗទាំងអស់ពីប្រទេសចិន។ ខែមីនា ឆ្នាំនេះ ហាមឃាត់ការនាំចូលរ៉ោតទ័រ (Routers) ម៉ូឌែលថ្មីៗដែលផលិតនៅប្រទេសចិន។ គិតមកទល់ពេលនេះ ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន មិនទាន់មានប្រតិកម្មភ្លាមៗចំពោះការប្រកាសនេះនៅឡើយទេ ខណៈដែលក្រុមហ៊ុន Hikvision បានសម្តែងការជំទាស់ចំពោះការព្យាយាមរបស់ FCC ក្នុងការដកហូតការអនុញ្ញាតស្របច្បាប់ដែលមានកាលពីមុន៕








