Fury ថា ចង់វ៉ៃជាមួយ Joshua ក្រោយចាកចេញពីការចូលនិវត្តន៍ ជាលើកទី៥
09-04-2026 11:36
(បរទេស)៖ កីឡាករប្រដាល់ទម្ងន់ធ្ងន់ Tyson Fury បាននិយាយថា រូបលោកចង់ប្រឈមមុខនឹង Anthony Joshua បន្ទាប់ពីជំនួបជាមួយនឹង Arslanbek Makhmudov នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
បុរសសញ្ជាតិអង់គ្លេស វ័យ ៣៧ឆ្នាំខាងលើនេះ នឹងពើបប្រទះជាមួយកីឡាករប្រដាល់សកលរុស្ស៊ី Makhmudov នៅឯសង្វៀនដែលស្ថិតក្នុងកីឡដ្ឋាន Tottenham Hotspur ពីការឡើងប្រកួតលើកដំបូងផងដែរ ក្នុងរយៈពេល ១៦ខែ បន្ទាប់ពីសម្រេចចិត្តចាកចេញពីការចូលនិវត្តន៍ជាលើកទី៥ របស់លោករួចមក។
ទោះជាយ៉ាងណា ជំនួបធំរវាងកីឡាករសញ្ជាតិអង់គ្លេសទាំងពីរ Fury និង Joshua ទំនងជានឹងកើតឡើងនាចុងឆ្នាំ២០២៦ បន្ទាប់ពី Joshua វ័យ ៣៦ឆ្នាំ បានផ្តួល Jake Paul កាលពីខែធ្នូ ឆ្នាំ២០២៥ ត្រឹមទឹកទី៦ ប៉ុណ្ណោះ ពីការឡើងសង្វៀនលើកចុងក្រោយរបស់គេ។
តាមរយៈជ័យជម្នះនេះដែរញាំងឱ្យ Fury បានថ្លែងដោយក្តីរំភើបថា «វាពិតជាអស្ចារ្យខ្លាំងណាស់ ប្រសិនបើកើតឡើងមែន។ ក្រោយពីការប្រឈមមុខនឹង Makhmudov អ្នកបន្ទាប់ខ្ញុំចង់ជួប Joshua វិញម្តង»។
ជាការកត់សម្គាល់ផងដែរ Fury ធ្លាប់ឈ្នះ៣៤ ចាញ់២ និងស្មើ១ ស្របពេលគូប្រជែង Makhmudov ធ្លាប់ឈ្នះ២១ និងចាញ់ ២ដង មិនដែលស្មើឡើយ៕





