Tesla Semi មានគូប្រជែងហើយ! ឡានដឹកទំនិញអគ្គិសនីចិន Windrose តម្លៃជិត ៣០ម៉ឺនដុល្លារ ចាប់ផ្តើមចរាចរណ៍នៅអាមេរិក

09-04-2026 11:51

(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលកំពុងឡើងកូដរបស់ចិន Windrose បានសម្រេចជោគជ័យជាប្រវត្តិសាស្ត្រមួយ តាមរយៈការប្រគល់រថយន្តដឹកទំនិញធុនធ្ងន់ (Long-haul truck) ជាលើកដំបូងនៅក្នុងសហរដ្ឋអាមេរិក។ ជំហានដ៏សំខាន់នេះ បង្ហាញពីមហិច្ឆតារបស់ចិន ក្នុងការវាយលុកទីផ្សារដឹកជញ្ជូនបៃតងពិភពលោក និងការត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមមុខជាមួយក្រុមហ៊ុនយក្ស Tesla។

យោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ ឡានដឹកទំនិញស៊េរីទំនើបដែលមានតម្លៃប្រហែល ២៨៥,០០០ ដុល្លារនេះ ត្រូវបានប្រគល់ជូនក្រុមហ៊ុនដឹកជញ្ជូនក្នុងរដ្ឋតិចសាស់ កាលពីដើមខែមេសានេះ។ Windrose ត្រូវបានគេមើលឃើញថាជាគូប្រជែងដ៏មានសក្តានុពលបំផុតរបស់ Tesla Semi របស់មហាសេដ្ឋី Elon Musk ដោយសារតែសមត្ថភាពបើកបរផ្លូវឆ្ងាយ និងបច្ចេកវិទ្យាដ៏ទំនើបដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។

ទោះបីជាទើបតែចាប់ផ្តើមក្នុងឆ្នាំ ២០២២ ក៏ពិតមែន ប៉ុន្តែក្រុមហ៊ុនថ្មីថ្មោងមួយនេះបានរីកចម្រើនយ៉ាងឆាប់រហ័ស ដោយទទួលបានវិញ្ញាបនបត្រគុណភាពពេញលេញនៅទូទាំងតំបន់អាស៊ី អឺរ៉ុប និងអាមេរិក។ មិនត្រឹមតែប៉ុណ្ណោះ នៅពាក់កណ្តាលឆ្នាំ២០២៦ នេះ Windrose គ្រោងនឹងបន្តពង្រីកឥទ្ធិពលរបស់ខ្លួនទៅកាន់តំបន់អូសេអានីបន្ថែមទៀត ដើម្បីពង្រឹងវត្តមានរបស់ខ្លួនក្នុងនាមជាអ្នកនាំមុខគេក្នុងវិស័យយានយន្តអគ្គិសនីធុនធ្ងន់៕