ក្រុមបាល់ទាត់វ័យចាស់ រាជធានីភ្នំពេញ គ្រងជើងឯកពានមិត្តភាព ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ២០២៦

09-04-2026 12:35

(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់មិត្តភាពវ័យចាស់កម្ពុជា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ បានបញ្ចប់ដោយជោគជ័យ ក្រោមស្មារតីមិត្តភាព សាមគ្គីភាព រវាងក្រុមបាល់ទាត់វ័យចាស់ ៤ក្រុម ដែលបានចូលរួម ស្របពេលក្រុមបាល់ទាត់វ័យចាស់ រាជធានីភ្នំពេញ បានគ្រងជើងឯក បន្ទាប់ពីយកឈ្នះក្រុមវ័យចាស់ នគរបាលជាតិ ១-០ ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅកីឡដ្ឋានស្ដាតចាស់ នាល្ងាចថ្ងៃពុធកន្លងទៅ។

ការប្រកួតពានរង្វាន់មិត្តភាពវ័យចាស់នេះ បានធ្វើឡើងរយៈពេល ២ថ្ងៃ ដោយមានបេក្ខភាព ៤ក្រុមចូលរួម។ ជាលទ្ធផលការប្រកួតវគ្គ Play-Off បន្ទាប់ពីចាប់ឆ្នោត គឺក្រុមបាល់ទាត់វ័យចាស់ រាជធានីភ្នំពេញ បានយកឈ្នះក្រុមវ័យចាស់ព្រះខ័នរាជស្វាយរៀង ៤-២ និងក្រុមវ័យចាស់ នគរបាលជាតិ យកឈ្នះក្រុមវ័យចាស់ កងយោធពលខេមរភូមិន្ទ ២-១ ដែលនាំឲ្យក្រុមទាំងពីរ ឡើងវគ្គផ្ដាច់ព្រ័ត្រ ហើយក្រុមបាល់ទាត់វ័យចាស់ រាជធានីភ្នំពេញ បានយកឈ្នះ ១-០ ដើម្បីក្លាយជាម្ចាស់ជើងឯកតែម្ដង។

គួរដឹងថា ការប្រកួតខាងលើ រៀបចំឡើងក្រោមការផ្ដួចផ្ដើមរបស់ថ្នាក់ដឹកនាំក្រុមវ័យចាស់ទាំង៤ ក្នុងគោលបំណង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ ក៏ដូចជាចង់បង្កើតឱកាសឲ្យអតីតកីឡាករជម្រើសជាតិ ដែលចូលនិវត្តន៍ និងកីឡាករវ័យចាស់ បានចូលរួមលេងកម្សាន្ដ ដើម្បីលើកកម្ពស់មិត្តភាព សាមគ្គីភាព ផ្សារភ្ជាប់ជាមួយការផ្សព្វផ្សាយ និងផ្ដល់ភាពជាគំរូជំរុញឲ្យយុវជននាំគ្នាលេងកីឡា។

ឆ្លៀតឱកាសនោះដែរ ក្រោយបញ្ចប់ការប្រកួត និងប្រគល់ពានរង្វាន់ជយលាភី លោក រិទ្ធ ឌីកា ប្រធានបច្ចេកទេសក្លិបបាល់ទាត់ព្រះខ័នរាជ ស្វាយរៀង និងជាប្រធានក្រុមបាល់ទាត់វ័យចាស់ ព្រះខ័នរាជស្វាយរៀង ក៏បានឧបត្ថម្ភថវិកាមួយចំនួន ដល់អតីតកីឡាករបាល់ទាត់ជម្រើសវ័យចាស់ និងការជូនពរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រណៃពីជាតិ ឆ្នាំមមី ឆ្នាំ២០២៦ នេះផងដែរ៕