កក្រើកពិភព EV! HYC 1000 ជាម៉ាស៊ីនសាកថ្មយក្សកម្លាំង ១,០០០គីឡូវ៉ាត់ កំពុងដាក់តេស្តជាមួយសមត្ថភាពពិសេស
09-04-2026 14:22
(បរទេស)៖ ក្រុមហ៊ុនផលិតឧបករណ៍សាកថ្មលំដាប់ពិភពលោក Alpitronic បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងវិស័យដឹកជញ្ជូនអគ្គិសនី ដោយបាននាំយកឧបករណ៍សាកថ្មស៊េរីថ្មី HYC 1000 (Hypercharger 1000) ឬហៅថា Megawatt Charging System (MCS) បានដាក់ឱ្យធ្វើតេស្តសាកល្បងនៅសហរដ្ឋអាមេរិក។ នេះបើតាមប្រភពពី Insideevs បានឱ្យដឹងនាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ ។
HYC 1000 (Hypercharger 1000) គឺជាឧបករណ៍សាកថ្មដែលមានកម្លាំងខ្លាំងកម្រិត (Megawatt) វានឹងធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងលើការងារដឹកជញ្ជូនតាមឡានធំៗ (Trucks) និងរថយន្តអគ្គិសនីទំនើបៗ។
ឧបករណ៍សាកថ្មស៊េរីថ្មី HYC1000 មានរូបរាងខ្ពស់ស្រឡូនរាងចតុកោណកែង ដែលក្បាលសាកនីមួយៗអាចបំពាក់ខ្សែសាកបានចំនួនពីរ ហើយគាំទ្រនូវប្រភេទក្បាលសាកចម្រុះរួមមាន ខ្សែសាកប្រភេទ NACS (រចនាបទ Tesla), ខ្សែសាក CCS និងខ្សែសាកស្តង់ដារ MCS (Megawatt Charging Standard) សម្រាប់រថយន្តដឹកទំនិញធុនធ្ងន់។
HYC1000 ក៏បានបំពាក់នូវដៃយោង (Swinging arms) នៅផ្នែកខាងលើ ដើម្បីជួយទ្រទម្ងន់ខ្សែសាក ព្រមទាំងមានអេក្រង់ Touchscreen សម្រាប់បង្ហាញព័ត៌មានលម្អិតនៃការសាកថ្ម និងមានកន្លែងសម្រាប់អូសកាតបង់ប្រាក់ (Card reader) ផងដែរ។
ចំណុចពិសេសរបស់បច្ចេកវិទ្យា HYC 1000 របស់ក្រុមហ៊ុន Alpitronic គឺផ្តោតលើកម្លាំងសាកដ៏មហិមា (1,000 kW) ដោយឧបករណ៍នេះអាចបញ្ចេញថាមពលសាកបានរហូតដល់ ១,០០០គីឡូវ៉ាត់ (1 MW) សម្រាប់ការសាកឡានដឹកទំនិញធំៗ (Semi-trucks) ហើយក៏អាចផ្ដល់កម្លាំងរហូតដល់ ៦០០គីឡូវ៉ាត់ សម្រាប់រថយន្តគ្រួសារដែលមានការបំពាក់បច្ចេកវិទ្យាថាមពលកម្រិតខ្ពស់។
HYC 1000 (Hypercharger 1000) ត្រូវបានអាចសាកបានឡាន ៨គ្រឿងក្នុងពេលតែមួយ ដោយប្រព័ន្ធចែកចាយថាមពលវៃឆ្លាតរបស់វា អាចអនុញ្ញាតឱ្យរថយន្តអគ្គិសនីរហូតដល់ ៨គ្រឿងចូលសាកក្នុងពេលតែមួយបានយ៉ាងរលូន ដោយបែងចែកកម្លាំងសាកទៅតាមតម្រូវការជាក់ស្តែងរបស់រថយន្តនីមួយៗ។ ខណៈបច្ចេកវិទ្យា SiC ជំនាន់ទី២ ប្រើប្រាស់គ្រឿងបង្គំ Silicon Carbide (SiC) ជំនាន់ថ្មី ដែលជួយឱ្យការចម្លងថាមពលមានប្រសិទ្ធភាពដល់ទៅ ៩៧.៥% កាត់បន្ថយការបាត់បង់ថាមពល និងកម្ដៅបានយ៉ាងល្អ។
សូមជម្រាបផងថា បើយោងតាមរបាយការណ៍ខាងលើ បច្ចុប្បន្នឧបករណ៍ HYC 1000 កំពុងត្រូវបានដាក់ឱ្យតេស្តសាកល្បងនៅទីស្នាក់ការកណ្តាលរបស់ Alpitronic ដែលស្ថិតនៅរដ្ឋ North Carolina សហរដ្ឋអាមេរិក។ Hypercharger 1000 (HYC 1000) របស់ក្រុមហ៊ុន Alpitronic មិនមែនគ្រាន់តែជាបញ្ជរសាកថ្មធម្មតានោះទេ ប៉ុន្តែគឺជាការបង្កើតបដិវត្តន៍ក្នុងវិស័យបច្ចេកវិទ្យា សម្រាប់យុគសម័យងាកទៅប្រើប្រាស់ថាមពលអគ្គិសនី។
ខណៈអ្នកជំនាញមានការរំពឹងថា នៅពេលវាត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅតាមទីតាំងសាកថ្មធំៗ នោះឧបករណ៍នេះននឹងធ្វើឱ្យការឈប់សម្រាកដើម្បីសាកថ្មឡានដឹកទំនិញធំៗ ចំណាយពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ដូចទៅនឹងការចាក់សាំងធម្មតាដែរ។
ហើយការវិវត្តនេះគឺជាសញ្ញាវិជ្ជមានមួយបង្ហាញថា យុគសម័យនៃការដឹកជញ្ជូនដោយប្រើកម្លាំងថាមពលអគ្គិសនីសុទ្ធ ១០០% សម្រាប់ចម្ងាយផ្លូវឆ្ងាយនឹងកាន់តែខិតជិតមកដល់ហើយ ។
ទោះបីជាក្បាលសាកអាចបាញ់កម្លាំងដល់ ១,០០០ គីឡូវ៉ាត់ (1 MW) ក៏ដោយ ប៉ុន្តែបច្ចុប្បន្ន មិនទាន់មានរថយន្តអគ្គិសនី (EV) សម្រាប់លក់ក្នុងទីផ្សារណា អាចទទួលយកកម្លាំងសាកខ្លាំងដល់ថ្នាក់នេះនៅឡើយទេ។ សូម្បីតែរថយន្តទំនើបៗបំផុត ក៏អាចទទួលយកបានត្រឹម ២៥០ ទៅ ៣៥០គីឡូវ៉ាត់ប៉ុណ្ណោះ។ ដូច្នេះ ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីឱ្យក្រុមហ៊ុនឡានអគ្គិសនីត្រៀមធ្វើការអភិវឌ្ឍអាគុយជំនាន់ថ្មីៗ អាចទ្រាំទ្រនឹងកម្លាំងមហិមានេះបាន ៕






