Apple គ្មានជម្រើស! ត្រូវបង្ខំចិត្តចុះកិច្ចសន្យាផ្តាច់មុខជាមួយ Samsung សម្រាប់ផលិត iPhone អេក្រង់បត់
09-04-2026 15:03
(បរទេស)៖ ក្រុមហ៊ុនយក្ស Apple ត្រូវបានរាយការណ៍ថា បានយល់ព្រមលើកិច្ចសន្យារយៈពេល ៣ឆ្នាំ ជាមួយក្រុមហ៊ុន Samsung Display ដើម្បីផ្គត់ផ្គង់អេក្រង់សម្រាប់ iPhone Fold។ ការសម្រេចចិត្តនេះកើតឡើងដោយសារតែ «គ្មានក្រុមហ៊ុនផ្សេងទៀតដែលអាចផលិតអេក្រង់តាមតម្រូវការចាំបាច់សម្រាប់ iPhone Fold បានឡើយ» ខណៈគូប្រជែងដទៃទៀតនៅមានកម្រិតបច្ចេកវិទ្យាទាបជាង Samsung នៅឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់ AppleInsider នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦។
ជាទូទៅ Apple តែងតែចង់មានដៃគូផ្គត់ផ្គង់ច្រើន ដើម្បីជៀសវាងការពឹងផ្អែកលើក្រុមហ៊ុនណាមួយ និងដើម្បីងាយស្រួលក្នុងការចរចាទម្លាក់តម្លៃ។ ប៉ុន្តែកិច្ចសន្យាថ្មីនេះត្រូវបានគេមើលឃើញថា «ផ្តល់ផលចំណេញខ្លាំងដល់អ្នកផ្គត់ផ្គង់ (Samsung)» ហើយវានឹងធ្វើឱ្យ Apple ជាប់កិច្ចសន្យាប្រើប្រាស់តែអេក្រង់របស់ Samsung រហូតដល់ឆ្នាំ ២០២៩ ឬ ២០៣០ ឯណោះ ទើបអាចស្វែងរកដៃគូថ្មីបាន។
គួរជម្រាបថា ទាក់ទងនឹងការផលិត Apple ហាក់មានការប្រុងប្រយ័ត្នខ្ពស់ ដោយគ្រោងផលិតត្រឹមតែ ៣លានគ្រឿងប៉ុណ្ណោះនាចុងឆ្នាំ ២០២៦។ មូលហេតុចម្បងគឺដោយសារតែតម្លៃរបស់វាត្រូវបានគេរំពឹងថាអាចនឹងចាប់ផ្តើមពី ២,៣២៥ ដុល្លារ ដែលស្ទើរតែទ្វេដងនៃតម្លៃ iPhone 17 Pro Max។ ខណៈវានឹងក្លាយជា «ផលិតផលថ្មីដែលមានតម្លៃថ្លៃបំផុតរបស់ Apple ចាប់តាំងពីការចេញលក់ Apple Vision Pro» កន្លងមក៕











