លោកបណ្ឌិត ថោង ខុន និងមន្ដ្រីជាន់ខ្ពស់ FIAS ប្ដេជ្ញារួមគ្នាគាំទ្រ និងជំរុញការអភិវឌ្ឍកីឡាសាំបូនៅកម្ពុជា
09-04-2026 21:23
(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅល្ងាចថ្ងៃទី៩ ខែមេសានេះ បានទទួលជួបសវនាការជាមួយលោក Suresh Gopi អគ្គលេខាធិការសហភាពកីឡាសាំបូអាស៊ី និងអូសេអានី (SUAO) តំណាងសហព័ន្ធកីឡាសាំបូអន្ដរជាតិ (FIAS) ព្រមទាំងគ្រូបង្វឹកអន្ដរជាតិលោក Maxim Zubachev ដើម្បីពិភាក្សាការងារលើគម្រោងរៀបចំបង្កើតសហព័ន្ធ និងអភិវឌ្ឍកីឡាសាំបូនៅកម្ពុជា។
នេះជាលើកទី២ ហើយ ដែលប្រធានអូឡាំពិកកម្ពុជា បានជួបពិភាក្សាការងារជាមួយតំណាងសហព័ន្ធកីឡាសាំបូអន្ដរជាតិ ហើយលោកបណ្ឌិត ថោង ខុន ក៏ដូចជាមន្ដ្រីជាន់ខ្ពស់ FIAS សុទ្ធតែបានសម្ដែងនូវការប្ដេជ្ញារួមគ្នាគាំទ្រ និងជំរុញការអភិវឌ្ឍកីឡាសាំបូនៅកម្ពុជា។ តាមរយៈនេះ លោកទេសរដ្ឋមន្ដ្រីសង្ឃឹមថា កិច្ចសហប្រតិបត្តិការ និងការផ្ដួចផ្ដើម នៃដំណើរឆ្ពោះទៅរកការបង្កើតសហព័ន្ធកីឡាសាំបូនៅកម្ពុជា នឹងដំណើរការទៅដោយរលូន និងជោគជ័យ។
ឆ្លៀតឱកាសនោះ លោកទេសរដ្ឋមន្ដ្រី ថោង ខុន បានស្នើសុំការគាំទ្រពីសហព័ន្ធកីឡាសាំបូអន្ដរជាតិ ៣ចំណុច ដើម្បីពង្រឹងការបណ្ដុះបណ្ដាល និងអភិវឌ្ឍគុណផលកីឡាករ-កីឡាការិនី ត្រៀមចូលរួមការប្រកួតនានា ទាំងលើឆាកជាតិ និងអន្ដរជាតិ រួមមាន៖
១. ស្នើសុំ “FIAS” ជួយគាំទ្រដល់ការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹក និងវគ្គបណ្តុបណ្តាលអាជ្ញាកណ្តាល-ចៅក្រម និងមន្ត្រីបច្ចេកទេសដើម្បីឱ្យសហព័ន្ធកីឡាសាំបូកម្ពុជាមានធនធាន និងសមត្ថភាពគ្រប់គ្រាន់ក្នុងការចាប់ផ្តើមអភិវឌ្ឍកីឡា សាំបូនៅកម្ពុជា។
២. ស្នើសុំ “FIAS” ជួយគាំទ្រដល់ការហ្វឹកហាត់កម្រិតខ្ពស់នៅក្រៅប្រទេសដើម្បីអភិវឌ្ឍគុណផលកីឡាករ-ការិនីសាំបូត្រៀម ចូលរួមការប្រកួតកីឡាសាំបូអន្តរជាតិ ពិសេសត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៤ ឆ្នាំ២០២៧ នៅប្រទេសម៉ាឡេស៊ី និងការប្រកួតផ្សេងៗទៀត។
៣. ស្នើសុំ “FIAS” ជួយឧបត្ថម្ភគាំទ្រលើសម្ភារបរិក្ខាកីឡាសាំបូសម្រាប់ក្រុមកីឡាករ-ការិនីសាំបូធ្វើការហ្វឹកហាត់ឱ្យស្របតាមស្តង់ដាបច្ចេកទេសរបស់កីឡាសាំបូអន្តរជាតិ។
ជាការឆ្លើយតបលោក Suresh Gopi បានសម្ដែងក្ដីរីករាយ និងត្រៀមខ្លួនជាស្រេច ក្នុងកិច្ចសហការ និងគាំទ្រដល់ការអភិវឌ្ឍកីឡាសាំបូនៅកម្ពុជា ក្នុងនោះ៖ ទី១- FIAS នឹងចាត់តាំងនូវអ្នកជំនាញអន្ដរជាតិកម្រិតខ្ពស់ មកជួយបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេស គ្រូបង្វឹក អាជ្ញាកណ្ដាល-ចៅក្រម នៅកម្ពុជា, ទី២-បញ្ជូនកីឡាករ-កីឡាការិនីកម្ពុជា ទៅហ្វឹកហាត់ជំនាញកម្រិតខ្ពស់ នៅបណ្ដាអភិវឌ្ឍន៍ផ្នែកកីឡាសាំបូ ដូចជាកាហ្សាក់ស្ថាន និងរុស្ស៊ីជាដើម និងទី៣-ការជួយឧបត្ថម្ភគាំទ្រផ្នែកសម្ភារបច្ចេកទេសកម្រិតស្ដង់ដារដល់កម្ពុជា។
ដោយហេតុនេះ លោកបានសំណូមពរដល់លោកបណ្ឌិត ថោង ខុន ជួយជំរុញ និងការគាំទ្រដល់ការបង្កើតសហព័ន្ធកីឡាសាំបូកម្ពុជា ឲ្យបានឆាប់រហ័ស ដើម្បីសហព័ន្ធកីឡាសាំបូអន្ដរជាតិ បានចាប់ផ្ដើមសកម្មភាព និងសហការជាមួយភាគីកម្ពុជា ក្នុងការជំរុញដល់ការអភិវឌ្ឍវិស័យកីឡានេះនៅកម្ពុជាឲ្យមានភាពរីកចម្រើន ប្រកបដោយគុណផលខ្ពស់ សម្រាប់ត្រៀមចូលរួមការប្រកួតនានា ទាំងក្នុង និងក្រៅប្រទេស។
សូមបញ្ជាក់ថា កីឡា SAMBO ជាកីឡាយុទ្ធគុន និងសិល្បៈការពារខ្លួន ដែលមានប្រភពដើមកំណើតពីអតីតសហភាពសូវៀត នៅឆ្នាំ១៩៣៨។ បន្ទាប់មកកីឡានេះបានពង្រីកខ្លួនទៅទូទាំងពិភពលោក និងបច្ចុប្បន្នត្រូវបានគ្រប់គ្រងដោយ FIAS ដែលត្រូវបានបង្កើតឡើងនៅទីក្រុងម៉ាឌ្រីត ក្នុងឆ្នាំ១៩៨៤។ សព្វថ្ងៃ FIAS គ្រប់គ្រងការអភិវឌ្ឍកីឡា Sport SAMBO, Combat SAMBO និង Beach SAMBO នៅទូទាំងពិភពលោក ដោយមានសមាជិកសហព័ន្ធជាតិចំនួន ១០៦ ហើយ FIAS ត្រូវបានគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC) ទទួលស្គាល់ជាផ្លូវការនៅឆ្នាំ២០២១។
ក្រោយត្រូវបានទទួលស្គាល់ពេញលេញពីស្ថាប័ន IOC និងក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) កីឡាសាំបូ ត្រូវបានបញ្ជូលក្នុងព្រឹត្តិការណ៍កីឡាធំៗជាច្រើន ពិសេសនៅក្នុងទ្វីបអាស៊ី កីឡានេះ ត្រូវបានបញ្ចូលក្នុងព្រឹត្តិការណ៍មួយចំនួន ដែលរៀបចំដោយ OCA រួមមាន Asian Indoor & Martial Arts Games និង Asian Beach Games ហើយធ្លាប់បញ្ចូលនៅក្នុងកម្មវិធី Asian Games ហើយចំពោះមុខ OCA ក៏នឹងបញ្ចូលកីឡានេះ ក្នុងការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅប្រទេសអ៊ូសបេគីស្ថានផងដែរ៕












