ព្រះខ័នរាជ ស្មើក្រុមហ្វីលីពីន Manila ១-១ ក្នុងវគ្គ ១/២ ជើងទី១ នៃពាន AFC Challenge League 2025/26

09-04-2026 21:29

(ភ្នំពេញ)៖ ជំនួបជើងទី១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (១/២) ជើងទី១ នៃពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី៣ ទ្វីបអាស៊ី AFC Challenge League 2025/26 រវាងក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា និងក្រុម Manila Digger របស់ហ្វីលីពីន បានត្រឹមស្មើគ្នា ១-១ ក្នុងការប្រកួតដែលទើបបញ្ចប់ការប្រកួតមុននេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។

ជំនួបដ៏ជក់ចិត្ត ដែលមានអ្នកទស្សនាផ្ទាល់ចំនួន ១៦,៦០២នាក់នេះ ត្រឹមរយៈពេល ៤នាទី ព្រះខ័នរាជស្វាយរៀង បានស៊ុតគ្រាប់នាំមុខក្រុមភ្ញៀវ ១គ្រាប់មុន ដោយកីឡាករ Tiago Alves។ បន្ទាប់មកក្រុមទាំងពីរ បានព្យាយាមវាយសម្រុកគ្នាទៅវិញទៅមក រហូតដល់នាទី៨៥ ទើបកីឡាករ Pa Ousman Gai តែតបញ្ចូលទីគ្រាប់តាមស្មើឲ្យក្រុម Manila Digger ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោងតែម្ដង។

យ៉ាងណាក្រុមទាំងពីរ នៅសល់ការប្រកួត ៩០នាទីទៀត ដោយព្រះខ័នរាជស្វាយរៀង នឹងត្រូវធ្វើដំណើរទៅទឹកដីហ្វីលីពីនវិញម្ដង ដើម្បីជួបប្រកួតជើងទី២ ជាមួយក្រុមម្ចាស់ផ្ទះ Manila Diger នាថ្ងៃទី១៦ ខែមេសាខាងមុខ ដើម្បីកាត់សេចក្ដីក្រុមឈ្នះឡើងទៅវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ AFC Challenge League 2025/26៕