កំហុសឆ្គងធំៗ ៣យ៉ាង របស់អ្នកប្រើឡាន EV តែងតែជួបប្រទះ និងវិធីបង្ការ
10-04-2026 10:11
(ភ្នំពេញ)៖ ការផ្លាស់ប្តូរពីឡានសាំង មកប្រើឡានអគ្គិសនី (EV) មិនមែនគ្រាន់តែជាការប្តូរពីការចាក់សាំងមកសាកភ្លើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ទាមទារឱ្យមានការផ្លាស់ប្តូរទម្លាប់នៃការបើកបរ និងការយកចិត្តទុកដាក់ខ្ពស់ផងដែរ។ ខាងក្រោមនេះជាកំហុសឆ្គងធំៗ ៣យ៉ាង របស់អ្នកប្រើឡាន EV តែងតែជួបប្រទះ និងវិធីបង្ការគួរស្វែងយល់៖
ទី១. កំហុសភ្លេចដកខ្សែសាកមុនចេញដំណើរ៖ នេះគឺជាកំហុសដែលតែងកើតឡើងញឹកញាប់បំផុត។ ទោះបីជារថយន្ត EV ទំនើបៗភាគច្រើនមានប្រព័ន្ធការពារ (Interlock) ដែលបច្ចេកវិទ្យាកំណត់មិនឱ្យឡានផ្លាស់ទីពេលកំពុងសាក ប៉ុន្តែក្នុងករណីខ្លះ ឬរថយន្តមួយចំនួន ប្រព័ន្ធនេះអាចមិនដំណើរការ ប្រសិនបើខ្សែសាកមិនទាន់បានភ្ជាប់សញ្ញាពេញលេញ ឬមានការកែច្នៃបច្ចេកទេស។ ហើយផលវិបាកនោះ គឺការបង្កដាច់ខ្សែសាក, ខូចរន្ធសាកថ្មឡាន (Charging Port), និងអាចរលំទូសាកថ្មទាំងមូល។
ទី២. ការសាកថ្មកម្លាំងថាមពលលឿន (DC Fast Charge) ញឹកញាប់ពេក ដែលអ្នកប្រើប្រាស់មួយចំនួនចូលចិត្តប្រើតែការសាកថ្មលឿន (DC) គ្រប់ពេលដើម្បីចំណេញពេល។ ក៏ប៉ុន្តែតាមបច្ចេកទេស ការប្រើកម្លាំងភ្លើងខ្លាំងជារៀងរាល់ថ្ងៃ អាចធ្វើឱ្យថ្មឆាប់ឡើងកម្ដៅខ្លាំង និងប៉ះពាល់ដល់អាយុកាលថ្ម (Battery Degradation) លឿនជាងមុន។
ទី៣. ការទុកឱ្យថ្មអស់ដល់ ០% ឬសាកពេញ ១០០% ជាប្រចាំនោះ សម្រាប់ប្រភេទថ្ម Lithium-ion គឺមិនត្រូវការនៅកម្រិតអតិបរមា ឬអប្បបរមាពេកទេ។ ការទុកឱ្យឡានអស់ថ្មរហូតរលត់ ឬការសាកពេញ ១០០% ហើយទុកឡានចោលមិនបើកបរ នឹងធ្វើឱ្យកោសិកាថ្មឆាប់ខូចផងដែរ។ ជាចំណុចសំខាន់ គួររក្សាកម្រិតថ្មចន្លោះពី ២០% ទៅ ៨០% សម្រាប់ការប្រើប្រាស់ទូទៅ។
ជាដំបូន្មានក្នុងលក្ខខណ្ឌបច្ចេកទេសប្រើប្រាស់ ម្ចាស់យានយន្តអគ្គិសនីទាំងអស់គួរប្រើការសាកថ្មធម្មតា (AC) នៅផ្ទះសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងប្រើ DC តែពេលចាំបាច់ ឬធ្វើដំណើរផ្លូវឆ្ងាយ។ សរុបជារួម ការរក្សាថ្មឱ្យនៅចន្លោះកណ្ដាល (មិនអស់ពេក មិនពេញពេក) គឺជាវិធីសាស្ត្រដ៏ល្អបំផុត ដើម្បីពន្យារអាយុកាលថ្មបានរាប់ឆ្នាំ៕



