SpaceX បង្ហាញតួលេខខាតបង់ជិត ៥ ពាន់លានដុល្លារ ខណៈត្រៀមខ្លួនចូលទីផ្សារភាគហ៊ុន
10-04-2026 10:33
(បរទេស)៖ យោងតាមរបាយការណ៍ពី The Information បានឱ្យដឹងថា ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk បានជួបការខាតបង់ទឹកប្រាក់ជិត ៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ បើទោះបីជាចំណូលសរុបមានរហូតដល់ជាង ១៨,៥ ពាន់លានដុល្លារក៏ដោយ។ ការខាតបង់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ត្រូវបានគេជឿថាបណ្តាលមកពីការចំណាយទុនយ៉ាងមហិមាទៅលើការអភិវឌ្ឍន៍យានអវកាស Starship ជំនាន់ថ្មី និងការពង្រីកបណ្តាញផ្កាយរណប Starlink ឱ្យកាន់តែគ្របដណ្តប់ទូទាំងសកលលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។
ព័ត៌មានហិរញ្ញវត្ថុនេះបានលេចឡើងចំពេលដែល SpaceX កំពុងរៀបចំខ្លួនបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ដែលជាព្រឹត្តិការណ៍ដ៏ធំមួយក្នុងពិភពវិនិយោគ។ បើទោះបីជាតួលេខខាតបង់មើលទៅហាក់ដូចជាគួរឱ្យបារម្ភ ប៉ុន្តែអ្នកវិភាគមើលឃើញថា នេះគឺជាយុទ្ធសាស្ត្រ «ខាតមុន ចំណេញក្រោយ» តាមរយៈការវិនិយោគលើបច្ចេកវិទ្យាដែលគ្មានគូប្រជែង ដែលអាចនឹងផ្តល់ផលចំណេញត្រឡប់មកវិញយ៉ាងមហិមានៅពេលគម្រោងទាំងនេះដំណើរការពេញលេញ។
ទោះជាយ៉ាងណា ខាងសារព័ត៌មាន Reuters មិនទាន់អាចផ្ទៀងផ្ទាត់ទិន្នន័យនេះបាន ១០០% នៅឡើយទេ ហើយខាងភាគី SpaceX ក៏មិនទាន់បានចេញមុខបកស្រាយ ឬផ្តល់ការអត្ថាធិប្បាយណាមួយឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាននៅឡើយដែរ។ បច្ចុប្បន្ន វិនិយោគិនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ដើម្បីមើលថាតើស្ថានភាពហិរញ្ញវត្ថុនេះនឹងជះឥទ្ធិពលយ៉ាងណាដល់តម្លៃហាងឆេងភាគហ៊ុនរបស់ក្រុមហ៊ុន មុនពេលឈានជើងចូលទីផ្សារជាផ្លូវការ៕









