ប្រឹងអស់ច្រើនឆ្នាំ! ខាត់ សួស្តី ទិញរថយន្តថ្មីជាកាដូដល់ខ្លួនឯង ស្របពេលបទចម្រៀងបែបប្រពៃណីល្បីស្ទើររាល់ឆ្នាំ !

10-04-2026 12:38

(ភ្នំពេញ)៖ ស្របពេលដែលបទចម្រៀងថ្មីៗរបស់តារាចម្រៀង ខាត់ សួស្តី កំពុងផ្ទុះពេញបណ្តាញសង្គម ថ្មីៗនេះតារាចម្រៀងរូបនេះបានទិញរថយន្តថ្មីមួយគ្រឿង ដើម្បីជាកាដូសម្រាប់ខ្លួនឯងដែលបានខំប្រឹងអស់ជាច្រើនឆ្នាំ។ មិនថាឆ្នាំណាដូចឆ្នាំណា មុនបុណ្យចូលឆ្នាំប្រពៃណីខ្មែរមកដល់ តារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា កញ្ញា ខាត់ សួស្តី តែងតែចេញនូវបទចម្រៀងប្រពៃណីជាច្រើនដើម្បីអបអរឆ្នាំថ្មី ជាពិសេសបទចម្រៀងនីមួយៗរបស់នាង​ ផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជន។

ជាក់ស្តែងកាលពីឆ្នាំមុន បទចម្រៀងល្បីរបស់នាងមានចំណងជើងថា «ម៉េចបងមិនចូលរាំ» ដោយឡែកក្នុងឆ្នាំនេះក៏មិនអន់ដែរ គឺបទចម្រៀង «ផ្លែឈើ៣៦មុខ» របស់នាងនិងលោក រាជ ប្រាថ្នា កំពុងផ្ទុះពេញបណ្តាញសង្គម មិនថាកម្មវិធីជប់លៀង ជួបជុំ ឬពិធីមង្គលការ សុទ្ធតែចាកបទចម្រៀងនាងគ្រប់ៗគ្នា។ ទន្ទឺមនឹងកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញកញ្ញា ខាត់ សួស្តី ក៏បានស្វាគមន៍សមាជិកថ្មីមុនចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

ខាត់ សួស្តី បាននិយាយថា «ពាក្យថា ខំណាស់ ស៊ូណាស់ ប្រឹងណាស់ ឥឡូវទទួលបានផ្លែផ្កាហើយ កាដូសម្រាប់ខ្លួនឯងឆ្នាំថ្មី អរគុណខ្លួនឯង អរគុណបងបង ពូមីង ប្អូនៗញាតិមិត្ត ទាំងអស់ដែលស្រឡាញ់ ដែលជួយជ្រោមជ្រែងប្អូនរហូតមានថ្ងៃនេះ»។

គួររំឭកថា ចាប់តាំងពី ខាត់ សួស្តី ក្លាយតារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានធ្វើឱ្យកេរ្តិ៍ឈ្មោះនាងកាន់តែល្បីល្បាញឡើង នាងថែមទាំងមានទីផ្សារខ្លាំងនៅក្នុងវិស័យចម្រៀង ជាក់ស្តែងរៀងរាល់ចុងសប្តាហ៍ នាងតែងតែលេចមុខនៅក្នុងការប្រគំតន្រ្តី របស់ក្រុមហ៊ុនធំៗជាច្រើន ដែលធ្វើឱ្យនាងអាចរកប្រាក់ចំណូលបានច្រើនជាងមុនទ្វេរដង។ ថ្វីដ្បិតតែមានឈ្មោះជាតារាចម្រៀងសម័យក៏ពិតមែន តែ ខាត់ សួស្តី នៅតែបន្តអាជីពច្រៀងភ្លេងការបុរាណដូចមុនដដែល៕