លោក Mark Zuckerberg បញ្ជាឱ្យប្រមូលវិស្វករឆ្នើមៗ បង្កើតក្រុម AI ពិសេស ដើម្បីផ្លាស់ប្តូររបៀបធ្វើការថ្មី

10-04-2026 13:30

(បរទេស)៖ ក្រុមហ៊ុនយក្ស Meta កំពុងធ្វើការផ្លាស់ប្តូររចនាសម្ព័ន្ធផ្ទៃក្នុង បន្ទាប់ពីមហាសេដ្ឋី Mark Zuckerberg បានបញ្ជាឱ្យប្រមូលផ្ដុំវិស្វករកម្មវិធីដែលមានសមត្ថភាពខ្លាំងបំផុតពីគ្រប់ផ្នែក មកបង្កើតអង្គភាពថ្មីមួយមានឈ្មោះថា Applied AI (AAI)។ ការផ្ទេរបុគ្គលិកលើកនេះ មិនមែនជាការសួរនាំតាមបែបស្ម័គ្រចិត្តនោះទេ ប៉ុន្តែវាគឺជា «បញ្ជាដាច់ខាត» ដើម្បីសម្រេចឱ្យបាននូវបដិវត្តន៍បច្ចេកវិទ្យាដែលក្រុមហ៊ុនចង់បាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែមេសា​ ឆ្នាំ២០២៦។

យោងតាមកំណត់ត្រាផ្ទៃក្នុង អង្គភាព AAI នេះមានភារកិច្ចចម្បងក្នុងការបង្កើត «ភ្នាក់ងារ AI ឆ្លាតវៃ» (AI Agents) ដែលអាចសរសេរកូដ និងដោះស្រាយកិច្ចការស្មុគស្មាញដោយស្វ័យប្រវត្តិ។ យុទ្ធសាស្ត្រនេះកើតឡើងស្របពេលដែល Meta ត្រៀមបញ្ឈប់បុគ្គលិកចាស់ៗរាប់ម៉ឺននាក់ ដើម្បីងាកមកប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃជំនួសវិញ ដែលជាវិធីសាស្ត្របង្កើនប្រសិទ្ធភាពការងារផង និងកាត់បន្ថយការចំណាយដ៏មហាសាលលើហេដ្ឋារចនាសម្ព័ន្ធ AI ផង។

គោលដៅធំបំផុតរបស់ Meta គឺការចង់ឱ្យភ្នាក់ងារ AI ឆ្លាតវៃទាំងនេះ ក្លាយជាអ្នករ៉ាប់រងការងារភាគច្រើន តាំងពីការបង្កើត ការធ្វើតេស្ត រហូតដល់ការបញ្ចេញផលិតផល ចំណែកបុគ្គលិកជាមនុស្សវិញ គឺទុកសម្រាប់តែចាំតាមដានត្រួតពិនិត្យប៉ុណ្ណោះ។ លោក Maher Saba ប្រធានអង្គភាពថ្មីនេះ បានបញ្ជាក់យ៉ាងច្បាស់ថា AAI គឺជាអាទិភាពខ្ពស់បំផុតរបស់ក្រុមហ៊ុននាពេលនេះ ដែលទាមទារឱ្យមានការចូលរួមពីអ្នកដែលមានសមត្ថភាពខ្លាំងបំផុត ដើម្បីសម្រេចមហិច្ឆតានេះឱ្យខានតែបាន។

គួរជម្រាបថា លោក Mark Zuckerberg នាយកប្រតិបត្តិ Meta បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំចំពោះការផ្លាស់ប្តូរនេះ ដោយលោកបានលើកឡើងកាលពីដើមឆ្នាំថា ឆ្នាំ ២០២៦ នឹងក្លាយជា «ឆ្នាំដែល AI ចាប់ផ្តើមផ្លាស់ប្តូររបៀបដែលយើងធ្វើការយ៉ាងខ្លាំងក្លា»។ លោកបានបន្ថែមថា ការវិនិយោគលើឧបករណ៍ AI-native នឹងជួយឱ្យបុគ្គលម្នាក់ៗសម្រេចការងារបានកាន់តែច្រើន និងធ្វើឱ្យរចនាសម្ព័ន្ធក្រុមការងារកាន់តែរាបស្មើ (មិនសូវមានថ្នាក់ដឹកនាំច្រើនជាន់ថ្នាក់) ដោយលោកជឿជាក់ថា៖ «យើងនឹងសម្រេចការងារបានកាន់តែច្រើន ហើយវានឹងកាន់តែមានភាពរីករាយខ្លាំងជាងមុន»៕