រាជរដ្ឋាភិបាល ផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តជិត ៦ពាន់លានរៀល ដល់អត្តពលិក ១៦ប្រភេទកីឡា ដែលដណ្ដើមបានមេដាយអន្ដរជាតិ
10-04-2026 13:43
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្ត ដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីសរុបចំនួន ២៨៣នាក់ លើកីឡា ១៦ប្រភេទ ដែលដណ្ដើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីការប្រកួតជើងឯកពិភពលោក ជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍ សរុបជាទឹកប្រាក់ចំនួន ៥,៩០៣,៤០០,០០០រៀល។
ពិធីជួបសំណេះសំណាល និងប្រគល់ប្រាក់រង្វាន់ជ័យលាភីនេះ បានធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
ឆ្លៀតឱកាសនោះ ក្នុងនាមសម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រី លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានសម្ដែងនូវការអបអរសាទរ ការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិ ជាពិសេសគ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងអស់ ដែលរួមកម្លាំងគ្នា ប្រកបដោយស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ រហូតទទួលបានជ័យជម្នះ និងសមិទ្ធិផលគួរជាទីសាទរជូនជាតិមាតុភូមិ។
លោកឧបនាយករដ្ឋមន្ដ្រីបន្ថែមថា «ឈរលើលទ្ធផលថ្ងៃនេះ ខ្ញុំសង្ឃឹមថា កីឡាករ-កីឡាការិនីយើង នឹងខិតខំប្រឹងប្រែងហ្វឹកហាត់បង្កើនសមត្ថភាព ត្រៀមខ្លួនក្នុងការប្រកួតលើកក្រោយៗទៀត ដើម្បីដណ្តើមយកមេដាយ និងជ័យជម្នះជូនជាតិឲ្យបានកាន់តែច្រើន។ ក្នុងនាមរាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តគាំទ្រកីឡាករ-កីឡាការិនីយើង ទាំងស្មារតី និងថវិកា ព្រមទាំងសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមបន្តចូលរួមឧបត្ថម្ភគាំទ្រវិស័យកីឡាឲ្យកាន់តែរីកចម្រើន និងមាននិរន្តភាព ដោយបន្តពង្រឹងការប្រកួតជើងឯកជាតិ-អន្តរជាតិ និងការប្រកួតកីឡាថ្នាក់ជាតិឲ្យកាន់តែមានគុណភាពឈានទៅរកស្តង់ដាតំបន់»។
យោងតាមលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយដ្ឋានកីឡា ក្រុមប្រតិភូ និងអត្តពលិកកីឡា ១៦ប្រភេទ ដែលបានបញ្ជូនចូលរួមការប្រកួតអន្ដរជាតិ និងដណ្ដើមបានមេដាយជូនជាតិ ហើយទទួលបានប្រាក់រង្វាន់លើទឹកចិត្តពីរាជរដ្ឋាភិបាលពេលនេះ រួមមាន៖ ទូកកានូស្គ្រីន ចំបាប់ ហែលទឹកពាក់ជើងទា បើកបុកស៊ីង ប៉េតង់ ប្រដាល់សកល វ៉ូវីណាម ជីជីតស៊ូ កាយវប្បកម្ម បញ្ចស៊ីឡាត់ អេឡិចត្រូនិក បាល់បោះជនពិការ ការ៉ាតេ តេក្វាន់ដូITF តេក្វាន់ដូ WT និងកីឡារាំ ដែលដណ្ដើមបានមេដាយសរុប ២៨៥គ្រឿង (មាស ៧៩, ប្រាក់ ៩៨ និងសំរឹទ្ធ ១០៨) ហើយសរុបប្រាក់រង្វាន់ ដែលរាជរដ្ឋាភិបាល បានផ្ដល់ជូនដល់ម្ចាស់ជយលាភីទាំងអស់ គឺមានចំនួន ៥,៩០៣,៤០០,០០០រៀល៕













